កីឡាជាតិ
ជាតិ
សូហ្វតិន្នីស៖ សម្តេច ស ខេង ប្រធាន ខណៈលោក ជា ប៊ុនហេង ឡើងជាអនុប្រធានទី១ សមាជិកប្រតិបត្តិអាណត្តិទី២របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
× រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង ត្រូវបានអង្គមហាសន្និបាតគាំទ្រតាមរយៈការលើកដៃឲ្យធ្វើជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាដឹកនាំអាណត្តិទី២ជំនួសលោក ឈឹម ជួន ដែលទទួលមរណភាព។ ចំណែកលោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ដែលជាអគ្គលេខាធិការអាណត្តិទី១ ឡើងកាន់តួនាទីជាអនុប្រធានទី១។
អង្គមហាសន្និបាតបូកសរុបការងារអាណត្តិទី១ និងដាក់ទិសដៅអភិវឌ្ឍន៍សម្រាប់អាណត្តិទី២ នៅព្រឹកថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៨នៅទីស្នាក់ការ NOCC បានគាំទ្រតាមរយៈលើកដៃឲ្យសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ដឹកនាំអាណត្តិទី២ពីឆ្នាំ២០១៨-២០២២។ ការគាំទ្រឲ្យសម្តេច ស ខេង ធ្វើជាប្រធានសហព័ន្ធនេះ បន្ទាប់ពីប្រធានសហព័ន្ធចាស់លោកឧត្តមសេនីយ៍ឯក ឈឹម ជួន បានទទួលមរណភាពកាលពីឆ្នាំ២០១៦។
អង្គមហាសន្និបាតដែលតែងតាំងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាជាប្រធាននេះ ក៏បានគាំទ្រលោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ដែលកាន់តួនាទីជាអគ្គលេខាធិការក្នុងអាណត្តិទី១ ឡើងទៅកាន់តួនាទីជាអនុប្រធានទី១ក្នុងអាណត្តិថ្មីនេះផងដែរ។ ចំណែកតួនាទីអគ្គលេខាធិការបានប្រគល់ឲ្យលោក ជា សែនវិស្សុត ដែលជាកូនបង្កើតរបស់លោក ជា ប៊ុនហេង។
ក្រោយទទួលបានតួនាទីជាអនុប្រធានទី១លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបានប្តេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍន៍កីឡាសូហ្វតិន្នីសឲ្យកាន់តែរីកចម្រើន និងមានភាពល្បីល្បាញទាំងលើឆាកជាតិនិងអន្តរជាតិ។ បច្ចុប្បន្នកីឡាសូហ្វតិន្នីសកម្ពុជាដែលធ្លាប់ឈរបាតតារាងនៅឆ្នាំ២០១៤ បានឡើងទៅឈរលេខ៩ក្នុងចំណាត់ថ្នាក់ពិភពលោក។
ក្រៅពីផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី សហព័ន្ធនេះក៏មានការផ្លាស់ប្តូរ និងបន្ថែមសមាជិកប្រតិបត្តិមួយចំនួនដែរ។ ក្នុងនោះលោកឧត្តមសេនីយ៍ឯក ម៉ក់ សំអុល និងលោក គាវ សុវណ្ណធី ត្រូវបានគាំទ្រឲ្យធ្វើជាអនុប្រធានសហព័ន្ធ ជំនួសលោក ហែម ថុន ដែលទទួលមរណៈភាព និងលោក រស់ ចន្ត្រានិត ដែលដកខ្លួន ខណៈលោក ប្រាក់ ផល្លា បន្តកាន់តួនាទីជាអនុប្រធានដដែល។
សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាក្នុងអាណត្តិទី២មាន១៧រូបរួមមាន សម្តេច ស ខេង ប្រធាន, លោក ជា ប៊ុនហេង អនុប្រធានទី១, លោក ប្រាក់ ផល្លា, លោក ម៉ក់ សំអុល និងលោក គាវ សុវណ្ណឌី អនុប្រធាន, លោក ជា សែនវិស្សុត អគ្គលេខាធិការ, លោក ធុច សុខជា អគ្គលេខាការរង, លោក ស្រ៊ុន ប៊ុនណារ៉ាត អគ្គហិរញ្ញិក និងលោក គង់ ចាន់ធីណា អគ្គហិរញ្ញិករង។ ចំណែកលោក ប៊ូ សុផល, លោក ហេង សុធុន, លោក ឆាយ បញ្ញាវុធ, លោក វ៉ង់ វុទ្ធា, លោក ដាំ ដា, លោក យ៉ែម វាសនា, កញ្ញា មាស តឿ និងកញ្ញា ឃនសាត សាន្នីតា ជាសមាជិក៕
Tag:
សូហ្វតិន្នីស
ស ខេង
ជា ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com