ជាតិ
សមាជិក​រដ្ឋាភិបាល ត្រូវ​កាត់បន្ថយ​ឲ្យ​សល់​តែ​ប្រមាណ ៦០​នាក់​ប៉ុណ្ណោះ​
16, Feb 2018 , 4:52 pm        
រូបភាព
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក។ រូបភាពពីទំព័រហ្វេសបុក សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក។ រូបភាពពីទំព័រហ្វេសបុក សម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ សមាជិក​រដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​ធ្លាប់មាន​ដល់​ទៅ​រាប់រយ​នាក់ នឹង​ធ្លាក់​មក​សល់​ត្រឹម​ខ្ទង់​៦០​នាក់​ប៉ុណ្ណោះ​។ ការ​នៅសល់​ចំនួន​តិច​បែបនេះ គឺ​ដោយសារតែ​រដ្ឋលេខាធិកា​រ ត្រូវបាន​ដក​ចេញពី​សមាជិក​រដ្ឋា​ភិ​បាល​។



​រដ្ឋសភា បាន​អនុ​វ​ម័ត​ខ្លឹមសារ​ថ្មី​នៃ​មាត្រា​១១៨ ក្នុង​រដ្ឋធម្មនុញ្ញ​រួចហើយ ដែល​ចែង​អំពី​សមាសភាព​រដ្ឋាភិបាល​។ ខ្លឹមសារ​ថ្មី​នេះ បាន​កំណត់ថា សមាជិក​រដ្ឋាភិបាល មានតែ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ដោយ​មិន​រាប់បញ្ចូល​រដ្ឋលេខាធិកា​រ​ទៀត​ទេ​។ ខ្លឹមសារ​ថ្មី​នេះ នឹង​ចូល​ជា​ធរមាន នៅពេលណា​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​។

សមាជិក​រដ្ឋាភិបាល នា​អាណត្តិ​ទី​៥​នេះ ដែល​កើតឡើង​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ រួមមាន នាយករដ្ឋមន្ត្រី (​សម្តេច ហ៊‌ុ​ន សែន​) ឧបនាយករដ្ឋមន្ត្រី​៩​នាក់ ទេសរដ្ឋមន្ត្រី​១៥​នាក់ រដ្ឋមន្ត្រី​២៧ (​ដឹកនាំ​ក្រសួង​ទាំង​២៧)  រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី​១៣​នាក់ រួមទាំង​រដ្ឋលេខាធិកា​រ​ជិត​២00​នាក់ នៅតាម​បណ្តា​ក្រសួង​ទាំង​២៧​។ ក្នុងនោះ មនុស្សម្នាក់ អាចជាឧបនាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្ត្រីផង ហើយក៏អាចជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីផងដែរ។ ជាក់ស្តែង សម្តេច ស ខេង ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស៊ុន ចាន់ថុល ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ ជាដើម។ 

​បើ​ដក​រដ្ឋលេខាធិការ​ចេញ សមាជិក​រដ្ឋាភិបាល នឹង​នៅសល់តែ​ប្រមាណ​៦០​នាក់ ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ ចំនួន​សមាជិក​រដ្ឋាភិបាល​ប្រមាណ​៦០​នាក់​នេះ ក៏​អាច​ប្រែ​ប្រួល​ទៀត​ដែរ បើ​នាយករដ្ឋមន្ត្រី ចង់​រុះរើ​។ 

​ការដក​រដ្ឋលេខាធិកា​រ​ចេញពី​សមាជិក​រដ្ឋា​ភិ​បាល គឺ​ដើម្បី​កុំ​ឲ្យ​រដ្ឋាភិបាល​ធំ​សំពីងសំពោង និង​ដើម្បី​ពង្រឹង​ការងារ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​មុន​។

​ព្រោះតែ​កន្លងមក រដ្ឋា​លេខាធិការ ជា​សមាជិក​រដ្ឋាភិបាល ដូច្នេះហើយបានជា​ការតែងតាំង​រដ្ឋលេខាធិកា​រ តម្រូវឲ្យ​ឆ្លងកាត់​ការយល់ព្រម​ពី​រដ្ឋសភាជាមុន ហើយ​បន្ទាប់មក ទើប​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ តែងតាំង​តាម​ក្រោយ​។ ប៉ុន្តែ បើ​រដ្ឋលេខាធិការ លែង​ជា​សមាជិក​រដ្ឋាភិបាល​ហើយ​នោះ នាយករដ្ឋមន្ត្រី នឹងមាន​សិទ្ធិ ស្នើ​ឲ្យ​ព្រះមហាក្សត្រ តែងតាំង​រដ្ឋលេខាធិកា​រណា​ម្នាក់​តែម្តង ដោយ​មិនចាំបាច់​ឆ្លង​កាត់ការ​យល់ព្រម​ពី​រដ្ឋសភា ដូច​មុន​ឡើយ​៕
អត្ថបទទាក់ទង



Tag:
 ​រដ្ឋាភិបាល​
  រដ្ឋលេខាធិការ​
© រក្សាសិទ្ធិដោយ thmeythmey.com