កីឡាអន្តរជាតិ
អន្តរជាតិ
Neymar រម្លឹក​កាលពី Barca វាយបក​ឈ្នះ PSG ៦-១ ដើម្បី​លើកទឹកចិត្ត​ក្រុម​ផ្តួល Real វិញ​
17, Feb 2018 , 10:30 am        
រូបភាព
Neymar ជឿជាក់ថា Paris Saint-Germain នៅតែ​អាច​ឈានទៅ​ប្រកួត​វគ្គ ៨​ក្រុម​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ UEFA Champions League បាន បើទោះបី​ចាញ់ Real Madrid ៣-១ នៅ​ជើង​ទីមួយ​នៃ​វគ្គ ១៦​ក្រុម​ចុងក្រោយ​របស់​ពួកគេ​កាលពី​រាត្រី​ថ្ងៃ​ពុធ​ទី ១៤ ខែកុម្ភៈ​ក៏ដោយ​។​



​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​លោក​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ប្រេ​ស៊ី​ល​ដូច្នេះ​ថា​៖«​ការវិភាគ​របស់ខ្ញុំ​គឺថា​យើង​បាន​ប្រព្រឹត្ត​កំហុស​មួយចំនួន​ដោយ​ខ្លួនឯង​អំឡុង​ការប្រកួត​។ យើង​មិនមាន​ភាពរឹងមាំ​គ្រប់គ្រាន់​នៅពេល​ជិត​បញ្ចប់​ការប្រកួត​នោះ ហើយ​កីឡាករ PSG បាន​ខ្ជះខ្ជាយ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​ជាច្រើន​គ្រាប់​នៅ​ទឹកដី Santiago Bernabeu ទៀតផង​»​។​ 
Adrien Rabiot បា​នរក​គ្រាប់​បាល់​ឲ្យ​ក្រុម​មកពី​លី​ក​កំពូល​បារាំង​នាំមុខ​មុន ប៉ុន្តែ​ការ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​របស់ Cristiano Ronaldo និង​មួយ​គ្រាប់​របស់ Marcelo បានធ្វើ​ឲ្យ Real Madrid នាំមុខ ៣-១ នៅ​ជើង​ទី​១​។​
 
​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​បន្ថែមទៀតថា​៖«​ទម្រង់​លេង​របស់​ក្រុម​យើង​គឺ​ល្អ​ហើយ ប៉ុន្តែ​ខ្ញុំ​គិតថា​យើង​ចាំបាច់​ត្រូវ​លេង​ឲ្យ​ល្អ​ជាងនេះទៀត ប្រសិនបើ​យើង​ចង់​ទម្លាក់ Real Madrid ឲ្យ​បាន​នោះ​»​។​
Neymar បានផ្តល់​ក្តីសង្ឃឹម​ដល់​ក្រុម​ទាំងមូល​មុន​ជំនួប​ជើង​ទី​២ ដោយ​រម្លឹក​កាលពី​រូបគេ​លេង​នៅ Barcelona ដែល​ចាញ់ PSG ៤-០ នៅ​ជើង​ទីមួយ នៃ​វគ្គ​១៦​ក្រុម​ចុងក្រោយ​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ពួកគេ​នៅតែ​អាច​វាយបក​យកឈ្នះ​វិញ​ដោយ​ទទួល​ជ័យជម្នះ ៦-១៕
 

Tag:
 ​បាល់ទាត់​
  Neymar
  Paris Saint-Germain
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com