សេដ្ឋកិច្ច
តើ​កម្ពុជា​នឹង​ពិតជា​មាន​អគារ​ខ្ពស់​លំដាប់​ពិភពលោក​មែនឬ​?
17, Feb 2018 , 12:30 pm        
រូបភាព
​ទីក្រុង​ភ្នំពេញ​កំពុង​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក និង​អន្តរជាតិ​។ កំណើន​វិនិយោគ​បាន​ជម្រុញ​ឲ្យ​មាន​ភាព​មមាញឹក​បន្ថែម​ទៀត​នៅក្នុង​ក្រុង​ជម្រុញ​កំណើនប្រជាជន​កាន់តែ​កើនឡើង​។ តាម​របាយការណ៍​រប​ស់​ក្រសួង​ដែនដី​បង្ហាញថា​នៅ​ឆ្នាំ ២០៣០ ចំនួន​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​អាច​កើនឡើង​ពី​៤​ទៅ​៧​លាន​នាក់​។​



​លំហូរ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​បាន​ជម្រុញ​ដល់​ការសាងសង់​សំណង់​តូច ធំ ខ្ពស់ ទាប យ៉ាងច្រើន​នៅក្នុង​ទីក្រុង​។ អគារ​ខ្ពស់ៗ​ជាច្រើន​បាន​កំពុង​សាងសង់ នៅក្នុង​តំបន់​ពាណិជ្ជ​ម្ម​នៃ​ទីក្រុង​។​
​ថ្មីៗ​នេះ​មានការ​អះអាងថា​សណ្ឋាគា​រ​កាំបូឌីយ៉ាណា​ដែលជា​សណ្ឋាគារ​ប្រណិត​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​នឹងត្រូវ​សាងសង់​ជំនួស​វិញ​ទៅជា​អគារ​ខ្ពស់កប់ពពក​កម្ពស់​៦០០​ម៉ែត្រ​ដែល​គេ​ចាត់ទុកថា ជា​អគារ​ខ្ពស់បំផុត​លំដាប់​ពិភពលោក​។​
​កន្លងមក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​ដែរ​ថា​ទីតាំង​នៃ​សណ្ឋាគារ​កាំបូឌីយ៉ាណា​សព្វ​ថ្ងៃនេះ​កម្ពុជា​នឹងត្រូវ​សាងសង់​អគារ​ខ្ពស់​ជាងគេ​បំផុត​នៅ​កម្ពុជា និង​ក្នុង​ពិភពលោក​។​
 
​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម លោក​សេង ឡូត​ធ្លាប់បាន​ឲ្យ​ដឹង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា​ក្រុមហ៊ុន Royal Group ដែលជា​ម្ចាស់​សណ្ឋាគារ​កាំបូឌីយ៉ាណា​រួមជាមួយ​ក្រុមហ៊ុន សាងសង់​របស់​ចិន នឹង​សាងសង់​អាគារ​ខ្ពស់កប់ពពក​មួយ​នេះ​។​
​សម្រាប់​កម្ពុជា​បើ​គម្រោង​នេះ​ពិតជា​សាងសង់​មែន​អគារ​នេះ​នឹង​ឈរ​ជា​អគារ​ខ្ពស់បំផុត​ទីមួយ​គឺ​ខ្ពស់ជាង​គម្រោង​អគារ​ពាណិជ្ជកម្ម​ថៃ​ប៉ុន​រ៉ុង (​កម្ពស់​៥៥០​ម៉ែត្រ​) ដែល​បានគ្រោង​នឹង​សាង សង់​នៅពេល​ខាងមុខ​នេះដែរ​។ នៅក្នុង​ពិភពលោក​វិញ​អគារ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អគារ​ខ្ពស់​លំដាប់​ទី​៤​ក្នុង​ពិភពលោក​បន្ទាប់ពី អគារ Burj Khalifa  នៅ​ប្រទេស​អារ៉ាប់​រួម​អគារ Shanghai Tower នៅ​ប្រទេស​ចិន និង​អគារ​Abraj Al-Bait Clock Tower នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។​
 
​បើទោះបីជា​យ៉ាងណា​កាលបរិច្ឆេទ​នៃ​ការសាងសង់​ដើមទុន​វិនិយោគ​រយៈពេល​បញ្ចប់​ការសាងសង់​សម្រាប់​គម្រោង​យក្ស​មួយ​នេះ​នៅ​មិនទាន់មាន​ការបញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ហាក់​មាន​ភាពស្ទាក់ស្ទើ​ក្នុង​ការបង្ហាញ​ទំនុកចិត្ត​ថា​តើ​គេ​នឹង​សាងសង់​ពិតប្រាកដ​មែនឬ​យ៉ាងណា​?
 
ទទួលបាន​សិទ្ធិ​ដកស្រង់​ពី
www.realestate.com.kh/km/news/Cambodiana-Hotel-to-give-way-to-Cambodia-s-tallest-skyscraper
 

Tag:
 ​អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com