កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកព្យុងឆាង៖ អាល្លឺម៉ង់នាំមុខមេដាយមាស ន័រវេសច្រើនជាងគេលើចំនួនមេដាយរួម កីឡាការិនីអាល្លឺម៉ង់ Laura Dahlmeier នៃកីឡា Biathlon រកបានមេដាយមាស២ និងសំរឹទ្ធ១។ រូបថត AFP
× ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង (PyeongChang 2018) ប្រទេសកូរ៉េខាងត្បូង ឈានដល់ថ្ងៃទី៨ហើយ។ បើគិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ នេះ អាល្លឺម៉ង់កំពុងនាំមុខគេលើចំនួនមេដាយមាស ខណៈន័រវេស ហូឡង់ សហរដ្ឋអាមេរិក កាណាដា ស៊ុយអែត ប្រដេញតាមពីក្រោយ។
ចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈ អាល្លឺម៉ង់ រកបានមេដាយមាសចំនួន៩ ប្រាក់២ និងសំរឹទ្ធ៤ ដោយនាំមុខគេលើតារាង ដោយគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ន័រវេស ឈានមុខគេលើចំនួនមេដាយរួមដែលមានរហូតដល់ទៅ១៩ (មាស៦ ប្រាក់៨និងសំរឹទ្ធ៥)។
ហូឡង់ សហរដ្ឋអាមេរិក កាណាដា ស៊ុយអែត បារាំង និងអូទ្រីស ស្ថិតនៅលំដាប់ជាបន្តបន្ទាប់ ខណៈម្ចាស់ផ្ទះកូរ៉េខាងត្បូង ទើបរកបានមេដាយមាស២ និងសំរឹទ្ធមួយ ដោយឈរនៅលំដាប់ទី១០ បន្ទាប់ពីអ៊ីតាលី (មាស២ ប្រាក់១ និងសំរឹទ្ធ៣)។
ជប៉ុន ចិន អូស្ត្រាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស មិនទាន់រកបានមេដាយមាសឡើយ ក្រោយការប្រកួតដំណើរបាន៨ថ្ងៃ។
បច្ចុប្បន្ន អត្តពលិករហូតដល់២១រូប រកបានមេដាយលើសពីមួយ ដែលក្នុងនោះកីឡាការិនីអាល្លឺម៉ង់ Laura Dahlmeier នៃកីឡា Biathlon ទទួលបានមេដាយមាស២ និងសំរឹទ្ធ១ ខណៈមិត្តរួមជាតិរបស់នាង រួមមាន Natalie Geisenberger, Tobias Arlt និង Tobias Wendl មានមេដាយមាសម្នាក់ចំនួន២ ៕
តារាងមេដាយអូឡាំពិកព្យុងឆាង គិតត្រឹមថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com