ជាតិ
សេដ្ឋកិច្ច
ទំនិញ​ខ្មែរ​ទៅកាន់​ទីផ្សារ​អាម៉េរិក និង​ពី​អាម៉េរិក​មក​ខ្មែរ​វិញ កើនឡើង​នៅ​ឆ្នាំ​២០១៧
17, Feb 2018 , 11:18 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបចុះសួរសុខទុក្ខកម្មករតាមរោងចក្រកន្លងមក។( រូបថត AFP)
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបចុះសួរសុខទុក្ខកម្មករតាមរោងចក្រកន្លងមក។( រូបថត AFP)
ដោយ:
ក្រសួងពាណិជ្ជកម្ម បានបង្ហាញ​ពី​តួលេខ​ដ៏​វិជ្ជមាន​លើ​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក និង​ពី​ទីផ្សារ​អាម៉េរិក មកកាន់​កម្ពុជា​។ តាម​តួលេខ​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AKP ការផ្លាស់ប្តូរពាណិជ្ជកម្ម​​រវាង​កម្ពុ​ជា និង​មហាអំណាច​អាម៉េរិក មាន​កំណើន​ជាង​ឆ្នាំ​២០១៦ ។​


 
​នៅ​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំ​ទំនិញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក ក្នុង​ទំហំ​ទឹកប្រាក់​សរុប ៣.០៦៤​លាន​ដុល្លារ​អាម៉េរិក ពោលគឺ​កើនឡើង ៨,៨៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ចំនួន​ទឹកប្រាក់ ២.៨១៤​លាន​ដុល្លារ​អាម៉េរិក​។  ទិន្នន័យ​បានបង្ហាញ​ថា ទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អាម៉េរិក​ភាគច្រើន​ជា​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង និង​កាបូបយួរ​អ្នកដំណើរ​ជាដើម​។ 
 
​ស្របពេល​ជាមួយគ្នានេះ ការ​នាំចូល​ទំនិញ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ​ក៏មាន​ការកើនឡើង​ផងដែរ​។ នៅ​ឆ្នាំ​២០១៧ ទំហំ​នៃ​ការ​នាំចូល​ទំនិញ​ពី​អាម៉េរិក​មក​កម្ពុជា មានតម្លៃ​ទឹកប្រាក់​ប្រមាណ ៤០០​លាន​ដុល្លារ​អាម៉េរិក ដោយ​កើនឡើង ១១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ចំនួន​ទឹកប្រាក់ ៣៦០​លាន​ដុល្លារ​អាម៉េរិក​។ ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំចូល​ពី​សហរដ្ឋអាមេរិក​មានដូចជា គ្រឿង​អេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និង​បរិក្ខារ​ពេទ្យ​។ 
​សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​ធំ​បំផុត​លំដាប់​ទី​២​សម្រាប់​កម្ពុជា​បន្ទាប់ពី​ទីផ្សារ សហគមន៍​អឺរ៉ុប ក្នុងនោះ​សហរដ្ឋអាមេរិក​បាន​ស្រូបយក​ក្នុង​រង្វង់​ពី ២០ ទៅ​៣០​ភាគរយ នៃ​ទំនិញ​សរុប​ដែល​បាន​នាំ​ចេញពី​កម្ពុជា​។​
 
​ជាការ​កត់សម្គាល់ កាលពី​ឆ្នាំ្ម​២០១៧ រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក បានផ្តល់​ការអនុគ្រោះ​ពាណិជ្ជកម្ម​ពន្ធ​ទាំងស្រុង ដល់​ប្រទេស​កម្ពុជា សម្រាប់​ប្រភេទ​កាបូបយួរ​អ្នកដំណើរ ចូលទៅ​កាន់​ទីផ្សារ​រប​ស់​ខ្លួន​៕

Tag:
 ទីផ្សារ​កម្ពុជា​
 ​អាម៉េរិក​
 ​ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com