ជាតិ
សង្គមជាតិ
ក្រោយ​អនុសាសន៍​សម្តេច ក្រសួង​ធម្មការ​ណែនាំ​ពី​ការរៀបចំ​អាសនៈ​ព្រះសង្ឃ​
17, Feb 2018 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ បន្ទាប់ពី​មាន​អនុសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេល​ថ្មីៗ​នេះ ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ បានចេញ​សារាចរ​ណែនាំ​មួយ សម្រាប់​ការរៀបចំ​អាសនៈ​ឲ្យ​បាន​សមរម្យ​ចំពោះ​ព្រះសង្ឃ​។​
 
​ដើម្បី​លើកកម្ពស់​សេចក្ដីថ្លៃថ្នូរ កិត្យានុភាព​នៃ​ព្រះពុទ្ធសាសនា ស្របតាម​រដ្ឋធម្មនុញ្ញ មាត្រា​៤៣ ដែល​ចែងថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ និង​ដើម្បី​លើកតម្កើង​ការគោរព​ប្រតិបត្តិ​ចំពោះ​ព្រះសង្ឃ ក្រសួង​ធម្មការ និង​សាសនា បាន​ណែនាំ​ចំណុច​មួយចំនួន​ក្នុងការ​រៀ​ចំ​អាសនៈ​របស់​ព្រះសង្ឃ​។
 
​ទី​១, ឧបាសក ឧបាសិកា គប្បី​រៀបចំ​អាសនៈ​ព្រះសង្ឃ​ឲ្យ​បាន​សមគួរ ទោះបី​អាសនៈ​នោះ​ក្រាល​ដោយ​កន្ទេល ភួយ ព្រំ​ចៀម ក្រមា ជាដើម​ក្ដី​។ ទី​២ ក្នុង​ពិធី​ផ្លូវការ​របស់​រដ្ឋ ឬ​ពិធី​សាសនា មានបុណ្យ​ទាន​ធំៗ អាសនៈ​របស់​ព្រះសង្ឃ ត្រូវ​រៀបចំ​ឲ្យ​បាន​ខ្ពស់​យ៉ាងតិច ២​តឹក ជាង​កន្លែង​អង្គុយ​របស់​គ្រហស្ថ និង​ភ្ញៀវ​ទាំ​អស់​។ ទី​៣ ក្នុងករណី​អាសនៈ​ព្រះសង្ឃ ត្រូវបាន​ចាប់​ភ្ជាប់​រួចជាស្រេច មិនអាច​រុះរើ​បាន នោះ​គ្រាន់តែ​បែងចែក​អាសនៈ​សម្រាប់​ព្រះសង្ឃ​គង់​ឲ្យ​ដាច់​ហត្ថបាស (​ឲ្យ​ដាច់ចេញពី​គ្រហស្ថ​) ជាការ​ស្រេច​។​

​ទី​៤ ក្នុង​ពិធីរាប់បាត្រ ឬ​ប្រគល់​ទេយ្យទាន​ដល់​ព្រះសង្ឃ គ្រហស្ថ​គប្បី​ដោះ​ទ្រនាប់ជើង​ជា​ដរាប ដើម្បី​ជាការ​គោរព​ចំពោះ​ព្រះសង្ឃ​ដែលជា​ឧ​ត្ត​ម​ភេទ​ និង​ទី​៥ ពេលដែល​គ្រហស្ថ​គោរព​សំពះ​ព្រះសង្ឃ ព្រះសង្ឃ​គ្រប់​អង្គ​មិនគួរ​លើក​ព្រះហស្ត​សំពះ​តប​វិញ​ទេ ដោយ​គ្រាន់តែ​សម្ដែង​អា​ការៈគោរព​សង្រួមឥន្ទ្រីយ៍​សំ​វរៈ បន្ទន់​ព្រះកាយ​បន្តិច​ជាការ​សមគួរ ដើម្បី​ឲ្យ​ស្រប​នឹង​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា និង​ព្រះ​វិន័យ​បញ្ញត្តិ​ផង​៕

Tag:
 ព្រះសង្ឃ
  ធម្មការ
© រក្សាសិទ្ធិដោយ thmeythmey.com