កីឡាជាតិ
ហេង ស៊ីវ​ឡាង ត្រៀម​ឈប់​ពី​កីឡា​ប្រណាំង​កង់​ជម្រើសជាតិ ក្រោយ​ឈ្នះ​មេដាយមាស​អាស៊ី​
18, Feb 2018 , 11:30 am        
រូបភាព
កីឡាការិនី ហេង ស៊ីវឡាង ខាំមេដាយមាសអាស៊ីដែលដណ្តើមបានពីប្រទេសមីយ៉ាន់ម៉ានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កីឡាការិនី ហេង ស៊ីវឡាង ខាំមេដាយមាសអាស៊ីដែលដណ្តើមបានពីប្រទេសមីយ៉ាន់ម៉ានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ដោយ:
​ក្រោយ​នាំ​មេដាយមាស​កម្រិត​អាស៊ី​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​មកដល់​មាតុភូមិ​កាលពីពេល​ថ្មីៗ កីឡាការិនី​ប្រណាំង​កង់​ឆ្នើម​កម្ពុជា ហេង ស៊ីវ​ឡាង ត្រៀម​ឈប់​ពី​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​។ ការចាកចេញ​នេះ គឺ​ដើម្បី​ទុក​ឱកាស​នេះ​ដល់​កីឡាការិនី​ជំនាន់​ក្រោយ​។ តែ​យ៉ាងណា អ្នកស្រី​មិន​បោះបង់​ពី​អាជីព​នេះឡើយ ពោលគឺ​នឹង​បន្ត​ហ្វឹកហាត់​ធម្មតា ដោយ​ឈរ​ជា​កីឡាការិនី​បម្រុង​។

 
 
 
​ប្រជាពលរដ្ឋ ពិសេស​អ្នកគាំទ្រ​កីឡាការិនី ហេង ស៊ីវ​ឡាង អាច​នឹង​មិនឃើញ​វត្តមាន​កីឡាការិនី​ឆ្នើម​រូបនេះ​ក្នុង​ក្រុម​ជម្រើសជាតិ​ទៀតឡើយ​ចាប់ពី​ឆ្នាំ​២០១៨​នេះ​ទៅ បន្ទាប់ពី​ម្ចាស់​មេដាយមាស​កម្រិត​អាស៊ី​រួប​នេះ​អះអាងថា អ្នកស្រី​នឹង​លាឈប់​ពី​កីឡាការិនី​ជម្រើសជាតិ​។ ការចាកចេញ​របស់​កីឡាការិនី​ឆ្នើម​រូបនេះ គឺ​ដើម្បី​ទុក​ឱកាស​នេះ​ដល់​កីឡាការិនី​វ័យ​ក្មេងជំនាន់ក្រោយ​។ 


 
​ក្រោយ​នាំ​មេដាយមាស​អាស៊ី​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​មកដល់​កម្ពុជា កាលពី​យប់​ថ្ងៃទី​១២ កុម្ភៈ កីឡាការិនី​រូបនេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ត្រឹមត្រូវ​ហើយ ខ្ញុំ​នឹង​ផ្អាក​ការចូល​ជា​ជម្រើសជាតិ ពេល​ខ្ញុំ​ត្រឡប់​មកពី​ការប្រកួត​ជើងឯក​អាស៊ី​នៅ​មី​យ៉ាន់​ម៉ា ព្រោះ​ខ្ញុំ​ចង់ទុក​ឱកាស​នេះ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​»​។ នេះ​ជាការ​អះអាង​ពី​ការត្រៀម​លាឈប់​ពី​កីឡា​ប្រណាំង​កង់​ជម្រើសជាតិ​របស់​កីឡាការិនី ហេង ស៊ីវ​ឡាង​។ 
 


​ទោះបី​អះអាង​ពី​ផ្អាក​ចូល​ជម្រើសជាតិ​ក៏ដោយ តែ​ម្ចាស់​មេដាយមាស​អាស៊ី​រូបនេះ មិនបាន​បោះបង់​អាជីព​ចេញពី​វិស័យ​កីឡា​នេះឡើយ ពោលគឺ​អ្នកស្រី​នៅ​បន្ត​ហ្វឹកហាត់​ធម្មតា ដោយ​ធ្វើជា​កីឡាការិនី​បម្រុង​។ តែបើ​មានការ​ប្រកួត​ជើងឯក​ផ្សេងៗ អ្នកស្រី​អាច​នឹងចូលរួម​ប្រកួត​ដូច​ធម្មតា​។  


​ពាក់ព័ន្ធ​នឹង​ការផ្អាក​ចូល​ជម្រើសជាតិ​នេះ កីឡាការិនី ហេង ស៊ីវ​ឡាង បាន​រៀបរាប់ថា​៖«​ខ្ញុំ​ចង់​ផ្តល់ឱកាស​នេះ​ដល់​កីឡាការិនី​ជំនាន់​ក្រោយ ព្រោះ​ពួកគេ​ត្រូវ​ការចូល​ជម្រើសជាតិ​ពេញ​សិទ្ធ​។ ការផ្អាក​របស់ខ្ញុំ វា​អាច​ផ្តល់​ថវិកា​មួយ​ដល់​ពួកគេ ដើម្បី​ទ្រទ្រង់​ដល់​ការហ្វឹកហាត់​របស់​ពួកគេ​ផងដែរ​»​។ 
 
​ទន្ទឹមនឹង​ការផ្អាក​ចូល​ជម្រើសជាតិ​នេះដែរ កីឡាការិនី​ឆ្នើម ហេង ស៊ីវ​ឡាង ពុំទាន់​ឃើញ​មាន​កីឡាការិនី​វ័យក្មេង​ណា​ម្នាក់​មាន​សមត្ថភាព​ប្រហែល​អ្នកស្រី​នៅឡើយ​ទេ​។ ហើយ​តាមរយៈ​មេដាយមាស​កម្រិត​អាស៊ី​ដែល​ទើប​ដណ្តើមបាន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា អ្នកស្រី ស៊ីវ​ឡាង រំពឹងថា នឹង​អាច​ទាក់ទាញ​យុវជន ពិសេស​យុវនារី​ចូលរួម​លេង​កីឡា​នេះ​កាន់តែច្រើន​ផងដែរ​។ 


 
​ជាមួយ​ការអំពាវនាវ​ឲ្យ​យុវជន​ចូលរួម​ជាមួយ​វិស័យ​កីឡា​ប្រណាំង​កង់​ឲ្យ​បាន​ច្រើន កីឡាការិនី ហេង ស៊ីវ​ឡាង អះអាងថា អ្នកស្រី​នឹង​ខិតខំ​ស្វែងរក​ធនធាន​កីឡាករ​នៅតាម​សាលា​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដើម្បី​ធ្វើជា​យុវជន​ថ្នាល​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ហើយ​អ្នកស្រី​ក៏​ត្រៀម​ចែករំលែក​បទពិសោធ​ដល់​ពួកគេ​ទាំងនោះ​ផងដែរ​៕   
 
       
 

Tag:
 ប្រណាំង​កង់​
  ហេង ស៊ីវ​ឡាង
© រក្សាសិទ្ធិដោយ thmeythmey.com