សង្គមអន្តរជាតិ
១០ ឆ្នាំ ក្រោយប្រកាសឯករាជ្យ កូសូវ៉ូនៅមិនទាន់ក្លាយជារដ្ឋអធិបតេយ្យជាផ្លូវការ ប្រជាជនកូសូវ៉ូ អបអរខួបដប់ឆ្នាំនៃការប្រកាសឯករាជ្យ (រូបភាព៖ AFP)
× ថ្ងៃ ១៧ ខែកុម្ភៈឆ្នាំ ២០១៨ ជាខួបគម្រប់ ១០ឆ្នាំនៃការប្រកាសខ្លួនជារដ្ឋឯករាជ្យរបស់ទឹកដីកូសូវ៉ូ។ គេឃើញមានការរៀបចំពិធីអបអរសាទររម្លឹកខួបនេះដែរ ប៉ុន្តែផ្លូវឆ្ពោះទៅរកការទទួលស្គាល់ពីសហគមន៍អន្តរជាតិជារដ្ឋឯករាជ្យពេញលេញរបស់កូសូវ៉ូ ហាក់ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ឡើយ។
ប្រជាជនកូសូវ៉ូទូទាំងប្រទេសនាំគ្នារៀបចំពិធីអបអរសាទរខួបលើកទី ១០ នៃការប្រកាសឯករាជ្យនៅថ្ងៃសៅរ៍ទី ១៧ ខែកុម្ភៈ។ ទោះបានប្រកាសឯករាជ្យរយៈពេលដប់ឆ្នាំទៅហើយក្តី ការទទួលបានអធិបតេយ្យពេញលេញរបស់រដ្ឋមួយនេះនៅប្រឈមនឹងការប្រឆាំងពីប្រទេសស៊ែបដដែល។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Ramhush Haradinaj បានថ្លែងសារទៅកាន់ប្រជាជាតិកូសូវ៉ូដូច្នេះថា៖« រដ្ឋកូសូវ៉ូគោរពសិទ្ធិប្រជាជនក្នុងការទាមទារសេរីភាព។ ប៉ុន្តែយើងបានដឹងហើយថា ក្តីរំពឹងរបស់ប្រជាជនយើងដែលចង់បានរដ្ឋសម័យទំនើបមួយនោះមិនទាន់ត្រូវបានបំពេញនៅឡើយទេ»។
សូមទាញការចាប់អារម្មណ៍បន្តិចថា នាឆ្នាំ ១៩៩៨ សង្គ្រាមជាតិសាសន៍ផ្ទុះឡើងរវាងក្រុមឧទ្ទាមជនជាតិភាគតិចអាល់បានីនៅខេត្តកូសូវ៉ូ និងកងទ័ពស៊ែប ដែលសង្គ្រាមនេះបង្កឲ្យមនុស្សស្លាប់ប្រហែល ១៣០០០នាក់ ហើយភាគច្រើនជាជនជាតិអាល់បានី។ ក្រោយ មានការអន្តរាគមន៍ទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពបក្សសម្ព័ន្ធយោធាណាតូ កងកម្លាំងស៊ែបបាននាំគ្នាដកទ័ពចេញ។
តមកដល់ឆ្នាំ ២០០៨ កូសូវ៉ូបានក្លាយជាទឹកដីស្ថិតក្រោមអាណាព្យាបាលរបស់អង្គការសហប្រជាជាតិ ហើយដោយមានការគាំទ្រពីអាមេរិក និងបណ្តាប្រទេសលោកខាងលិចនោះ កូសូវ៉ូបានសម្រេចប្រកាសខ្លួនជារដ្ឋឯករាជ្យនៅថ្ងៃ ១៧ ខែកុម្ភៈក្នុងឆ្នាំ ២០០៨ តែម្តង។ មកដល់បច្ចុប្បន្ន កូសូវ៉ូ ទទួលបានការទទួលស្គាល់ពីប្រទេសសរុបច្រើនជាង ១១០ ខណៈដែលប្រទេស៊ែប និងរដ្ឋអឺរ៉ុបមួយចំនួនទៀតមិនទទួលស្គាក់ឡើយ។
អ្វីដែលគួរឲ្យកត់សម្គាល់ មហាអំណាចដែលមានសិទ្ធិជំទាស់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រុស្ស៊ី បដិសេធកូសូវ៉ូជាសមាជិកអង្គការសហប្រជាជាតិ ហើយប្រទេសអឺរ៉ុបប្រាំទៀតដូចជាអេស្ប៉ាញ និងក្រិក ក៏មិនគាំទ្រកូសូវ៉ូដូចគ្នា។
ដោយឡែក ថ្វីបើកូសូវ៉ូចង់ក្លាយខ្លួនជារដ្ឋឯករាជ្យក៏ពិតមែន ប៉ុន្តែរដ្ឋដ៏តូចដែលមានប្រជាជនប្រហែល ១,៨ លាននាក់នេះប្រឈមបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ។ អាត្រាអ្នកគ្មានការងារធ្វើមានប្រហែល ៣០ ភាគរយ ខណៈដែល ៥០ភាគរយនៃអ្នកគ្មានការងារជាយុវជន។ ដូច្នេះហើយពួកគេភាគច្រើនចាកចេញទៅស្វែងរកការងារនៅបរទេស ហើយសេដ្ឋកិច្ចរដ្ឋមួយនេះក៏ពឹងផ្អែកសំខាន់លើលុយដែលពលករផ្ញើត្រឡប់មកស្រុកកំណើតផងដែរ៕
Tag:
កូសូវ៉ូ
ឯករាជ្យ
ស៊ែប
© រក្សាសិទ្ធិដោយ thmeythmey.com