ជាតិ
សង្គមជាតិ
កុមារឈឺធ្ងន់៧នាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាជួយជីវិត ក្នុងរយៈពេល១៤ថ្ងៃ ដើមខែកុម្ភៈ កុមារឈឺធ្ងន់៧នាក់
× ភ្នំពេញ៖ តាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា រយៈពេល១៤ថ្ងៃដើមខែកុម្ភៈនេះ មន្ទីរពេទ្យបានទទួលព្យាបាលកុមាររាប់ពាន់នាក់ ក្នុងនោះមានកុមារ៧នាក់ ដែលមានជំងឺធ្ងន់ធ្ងរដែលទាមទារឲ្យមានការសង្គ្រោះឲ្យទាន់ពេល។
ត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បានទទួលព្យាបាលកុមារដែលមានជំងឺធ្ងន់ធ្ងរចំនួន៧នាក់។ កុមារទាំងនោះសុទ្ធសឹងតែជាកុមារមកពីគ្រួសារ ដែលមានជីវភាពទីទាល់ក្រ ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៦ផ្សេងទៀត និងមានអាយុចន្លោះពី អាយុចន្លោះពី ៩ខែ ដល់ ១៣ឆ្នាំ មានកុមារី ៣នាក់ និង កុមារា ៤នាក់ ។
កុមារទាំង៧នាក់នេះ ត្រូវបានរកឃើញថា មានជំងឺរបេងធ្ងន់ធ្ងរ ដូចជារបេងសួតគ្រាប់ខ្សាច់ របេងស្រោមខួរក្បាល និងរបេងដុំសាច់ខួរក្បាល។ បន្ទាប់ពីបានពិនិត្យជំងឺហើយ កុមារទាំងអស់នេះត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញដោយឥតគិតថ្លៃ។
យ៉ាងណាស្ថានភាពជំងឺរបស់កុមារទាំង៧នាក់នេះ ត្រូវបានពិនិត្យឃើញថា មិនមានករណីណាមួយដែលមានមេរោគស៊ាំទៅនឹងថ្នាំរបេងឡើយ ដូច្នេះពួកគេត្រូវទទួលការព្យាបាលរយៈពេល ១២ខែ។ កុមារទាំងអស់នោះ មករាជធានីភ្នំពេញ ២នាក់ កំពង់ធំម្នាក់ ស្វាយរៀងម្នាក់ តាកែវម្នាក់ កណ្ដាលម្នាក់ និងខេត្ដកំពង់ចាមម្នាក់។
តាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធ តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៦ អ្នកជំងឺដែលមានជីវភាពក្រីក្រ ពិសេសស្ដ្រី និងកុមារប្រមាណជាង ១៥លាននាក់ បានទៅទទួលសេវាព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផានេះ។ បច្ចុប្បន្ននេះមន្ទីរពេទ្យមនុស្សធម៌នេះ មានសាខានៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប៕
Tag:
សុខភាព
មន្ទីរពេទ្យគន្ធបុប្ផា
ជំងឺកុមារ
ជំងឺស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com