ភ្នំពេញ៖ លោក វ៉ែន អែត ជាជនជាតិដើមភាគតិចជងដ៏កម្រម្នាក់ ដែលចេះធ្វើ និងចេះផ្លុំឧបករណ៍ភ្លយ។ បុរសវ័យ៣២ឆ្នាំរូបនេះ ថាខ្លួនចង់ចេះផ្លុំ និងធ្វើឧបករណ៍ភ្លយនេះ ព្រោះគាត់ស្ញប់ស្ញែងនឹងទេពកោសល្យ និងការច្នៃប្រឌិតរបស់បុព្វបុរសខ្លួន ដែលធ្វើឧបករណ៍ភ្លយនេះ ពីសំឡេងកន្លង់យំ ពេលវាក្រេបលម្អងផ្កា។ សម្រាប់លោក អែត អ្នករស់នៅតំបន់អារ៉ែងរូបនេះ លោក ខំប្រឹងផ្សព្វផ្សាយឧបករណ៍ មួយនេះ ព្រោះមិនចង់ឲ្យវាបាត់បង់។
លោក វ៉ែន អែត ជាជនជាតិដើមភាគតិចជងដ៏កម្រម្នាក់ ដែលចេះធ្វើ និងចេះផ្លុំឧបករណ៍ភ្លយ។ មានស្រុកកំណើតនៅស្រុកថ្មបាំង ខេត្តកោះកុង លោក អែត បានឲ្យដឹងថា នៅក្នុងតំបន់ដែលខ្លួនរស់នៅ លោកជាជនជាតិដើមភាគតិចជងតែម្នាក់ ដែលចេះឧបករណ៍ភ្លយនេះ បន្ទាប់ពីគ្រូរបស់ខ្លួន ដែលមានវ័យប្រមាណ៨០ឆ្នាំទៅហើយនោះ។
លោក អែត បន្តថា គេលេងឧបករណ៍ភ្លយក្នុងពិធីសែនអ្នកតា ពិធីការផ្ដាច់(ពិធីមង្គលការជនជាតិដើមភាគតិចជង បន្ទាប់ពីរៀបការរួចកូនស្រីទៅនៅផ្ទះខាងកូនប្រុស) និងរបាំផ្សេងៗរបស់ជនជាតិដើមភាគតិច។
បើតាមវ៉ែន អែត ពីដំបូងលោករៀនធ្វើឧបករណ៍ភ្លយមួយ ត្រូវចំណាយពេលប្រមាណ១ខែ ប៉ុន្តែបច្ចុប្បន្ន លោកចំណាយពេលតែ១សប្តាហ៍ប៉ុណ្ណោះ។ លោក អែត បន្តបញ្ជាក់ពីបច្ចេកទេសធ្វើភ្លយដូច្នេះ៖«ឧបករណ៍នេះពិបាកធ្វើបន្តិច បើយើងចិតអណ្ដាត ដែលដាក់នៅក្នុងឃ្លោកមិនត្រូវ ផ្លុំមិនឮទេ ចិតល្អៀងតែបន្តិចផ្លុំឮ តែស្រូបខ្យល់មកវិញមិនឮ។ ដូច្នេះត្រូវព្យាយាមណាស់»។
បុរសវ័យ៣២ឆ្នាំរូបនេះ ថាខ្លួនចង់ចេះផ្លុំ និងរៀនធ្វើឧបករណ៍ភ្លយ ដោយសារតែលោកកោតស្ញប់ស្ញែងពីទេពកោសល្យរបស់បុព្វបុរសខ្លួន ដែលបានច្នៃប្រឌិតឧបករណ៍ភ្លយនេះ ពីសំឡេងសត្វកន្លង់យំ និងចង់បន្តរក្សាកុំឲ្យបាត់បង់ ដោយសារតែពេលនេះ អ្នករស់នៅក្នុងតំបន់របស់ខ្លួន មិនទាន់មានអ្នកចង់រៀនឧបករណ៍ភ្លយនេះនៅឡើយ។ អ្នករស់នៅតំបន់អារ៉ែងរូបនេះ បញ្ជាក់ដូច្នេះថា៖«ខ្ញុំដឹងពីគ្រូរបស់ខ្ញុំគាត់ថា អ្នកធ្វើឧបករណ៍ភ្លយនេះដំបូង លោកស្ដាប់តាមសំឡេងសត្វកន្លង់យំពេលវាក្រេបលម្អងផ្កា ហើយក៏ស្រាវជ្រាវធ្វើឧបករណ៍ភ្លយនេះ»។
លោក វ៉ែន អែត បន្ថែមទៀតថា ឧបករណ៍នេះជារបស់ដូនតាបន្សល់ទុកឱ្យ បើវាបាត់បង់គួរឱ្យស្ដាយណាស់ ដូច្នេះហើយបានជាលោក អែត មានបំណងផ្សព្វផ្សាយ ក៏ដូចជាបង្រៀនឧបករណ៍ភ្លយ ទៅដល់ជនជាតិដើមភាគតិច និងក្មេងជំនាន់ក្រោយឱ្យបានចេះធ្វើ និងចេះផ្លុំកាន់តែច្រើនគ្នា។
សូមទស្សនាការផ្លុំឧបករណ៍ភ្លយ របស់លោក វ៉ែន អែត ខាងក្រោមនេះ៖
កន្លងមក ក្រុមរថយន្តតន្ត្រីទិព្វ បានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយពីឧបករណ៍ភ្លយនេះ ដល់ប្រជាពលរដ្ឋខ្មែរបានស្គាល់ ដោយបានយកឧបករណ៍នេះ ទៅសម្ដែងនៅតាមខេត្តនានា។ រថយន្តតន្ត្រីទិព្វ ក៏គ្រោងបើកថ្នាក់បង្រៀនឧបករណ៍ភ្លយ នៅតំបន់អារ៉ែងផងដែរ។
តាមសៀវភៅ«តន្ត្រីនៅប្រទេសកម្ពុជា»ដែលស្រាវជ្រាវ និងរៀបរៀងដោយអ្នកស្រី កែវ ណារុំ បណ្ឌិតទស្សនវិជ្ជា វិទ្យាសាស្ត្រសិល្បៈ ឧបករណ៍ភ្លយនេះបានផ្ដល់កំណើតឱ្យឧបករណ៍គែន ដែលបុព្វបុរសខ្មែរខិតខំកែច្នៃឱ្យជឿនលឿន។ សៀវភៅដដែល បានឲ្យដឹងទៀតថា ប្រអប់សូររបស់ភ្លយ ធ្វើពីផ្លែឃ្លោកទុំ មានរៀងមូល ហើយរៀវតូចចុង រហូតបានជាទម្រង់បំពង់សម្រាប់ផ្លុំ។ បច្ចុប្បន្នគេក៏អាចយកលលាដ៍ដូងមកធ្វើបានដែរ។ នេះបើតាមសៀវភៅ«តន្ត្រីនៅប្រទេសកម្ពុជា»ដែលបន្តថា បំពង់ធ្វើពីឬស្សីពក គេត្រូវយកមកចោះរន្ធសម្រាប់រកសូរ ហើយស៊កទៅក្នុងប្រអប់សូរ ធ្លាយពីម្ខាងចេញទៅម្ខាង ហើយគេមិនតម្រឹមឱ្យស្មើគ្នាដូចគែនទេ ព្រមទាំងមិនមានប្រើប្រាស់ច្រើនដូចគែនដែរ។ អ្នករស់នៅតំបន់ព្រៃភ្នំក្នុងខេត្តកំពង់ស្ពឺ កំពង់ធំ និងពោធិ៍សាត់ និយមប្រើភ្លយ ពិសេសជនជាតិដើមភាគតិចគួយ និងព័រ។ ចំណែកឯនៅខេត្តកំពង់ឆ្នាំង គេតែងឃើញភ្លយមាននាទីសម្រាប់លេងក្នុងរបាំទន្សោង៕