ឆ្នាំ២០១៧នេះ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី ឲ្យភូមិប្រមាណ ១១៥,៥៨ លើចំនួនភូមិសរុប ១៤១,៦៨ស្មើនឹង ៨១,៥៨ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស និងបានភ្ជាប់ដល់លំនៅដ្ឋានប្រមាណ ៦៨,៥០ភាគរយ លើខ្នងផ្ទះសរុបទូទាំងប្រទេស ដែលមានថាមពលសរុប ២២០,១៩៣មេហ្គាវ៉ាត់ មកពីគ្រប់ប្រភពវារីអគ្គីសនីចំនួន៧ ក្នុងប្រទេស និងក្រៅ។ នេះបើការបញ្ជាក់របស់រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល។
ក្នុងជំនួបកិច្ចពិភាក្សាជាមួយ លោក Ingo Karsten ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈ នេះ នៅទីស្ដីការក្រសួង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ប្រភពវារីអគ្គិសនីចំនួន៧ ក្នុងនោះមាន ១៣២,៩៧០មេហ្គាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៥៧៨ មេហ្គាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅ ២៥១មេហ្គាវ៉ាត់, ថាមពលករកើតឡើងវិញ ៧២២,៧ មេហ្គាវ៉ាត់, ថាមពលអគ្គិសនីចែកចាយដោយម៉ាស៊ីនម៉ាស៊ូតតូចៗ ១០មេហ្គាវ៉ាត់ និងការនាំចូលអគ្គិសនីពីប្រទេសជិតខាងនារដូវប្រាំង មានប្រទេសថៃ ១៣៥,៥មេហ្គាវ៉ាត់, វៀតណាម ២៧៧មេហ្គាវ៉ាត់ និងឡាវ ៤មេហ្គាវ៉ាត់។
តាមរយៈហ្វេសប៊ុករបស់ក្រសួង លោក ស៊ុយ សែម បានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ថា កន្លងមកអាល្លឺម៉ង់ បានជួយដល់វិស័យថាមពលនៅកម្ពុជាក្នុងនោះមានដូចជា គម្រោងខ្សែបញ្ជូនថាមពលអគ្គិសនី តាកែវ កំពត និងគម្រោងអគ្គិសនីភាវូបនីយកម្មជនបទភាគខាងត្បូងកម្ពុជា ដែលទទួលថវិកាពីឥណទាននៃធនាគារអភិវឌ្ឍន៏អាល្លឺម៉ង់ប្រមាណ ២៨,៨២០,១៩១ដុល្លាអាមេរិក។
គម្រោងផ្តល់ថវិកាប្រចាំឆ្នាំដល់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ បានចាប់ផ្ដើមពីឆ្នាំ២០១៥-២០២០ ដែលមានទឹកប្រាក់ប្រមាណ ១៥,៥លានដុល្លាអាមេរិក ហើយនិងគម្រោងកំពុងដំណើការសិក្សាសមិទ្ធិលទ្ធភាព Energy Efficiency in Rural power supply នៅខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និងឧត្តរមានជ័យ។ នេះតាមការបន្ថែម លោក ស៊ុយ សែម៕