លោក Gianni Infantino ហាក់ដូចជាមិនយល់ទាស់នោះឡើយចំពោះការបំផុសគំនិតរបស់សមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ក្នុងការរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នាឆ្នាំ២០៣៤ ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រូបនេះ លើកទឹកចិត្តឲ្យអាស៊ានដើរតាមក្តីសុបិនដ៏ធំរបស់ខ្លួន ប៉ុន្តែលោកចង់ឲ្យមានការរៀបចំការប្រកួតកម្រិតយុវជនជាមុនសិន។
«ខ្ញុំបានលឺពីគំនិតដេញថ្លៃរៀបចំការប្រកួត World Cup នៅឆ្នាំ២០៣៤ ។ អាស៊ី-អាគ្នេយ៍ មានពលរដ្ឋប្រមាណ៦០០លាននាក់ ដែលភាគច្រើនជាអ្នកស្រឡាញ់បាល់ទាត់ដ៏ងុបងុល។ ហេតុផលនេះហើយ ខ្ញុំគិតថា អាស៊ានមានសិទ្ធិបង្ហាញនូវក្តីសុបិនដ៏ធំរបស់ខ្លួន ជាមួយនឹងមហិច្ឆតាខ្ពស់»។ ប្រមុខ FIFA បានបញ្ជាក់យ៉ាងដូច្នេះ នាជំនួបជាមួយអ្នកសារព័ត៌មានកម្ពុជា ក្រោយការបញ្ចប់កិច្ចប្រជុំ FIFA Executive Football Summit នៅភ្នំពេញ កាលពីថ្ងៃទី៩ ខែកុម្ភៈ កន្លងមក។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំបាល់ទាត់ពិភពលោកសញ្ជាតិស្វីស-អ៊ីតាលី រូបនេះ បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ World Cup នឹងជួបនូវការប្រឈមជាច្រើន ហើយឆ្លងកាត់ការត្រួតពិនិត្យជាច្រើនដំណាក់កាល។ មុននឹងឈានទៅព្រឹត្តិការណ៍កំពូលនេះ លោក លោក Gianni Infantino បានលើកទឹកចិត្តឲ្យប្រទេសអាស៊ាន រៀបចំការប្រកួតផ្សេងៗរបស់ FIFA ជាពិសេសព្រឹត្តិការណ៍យុវជនកម្រិត ឬបាល់ទាត់នារីកម្រិតពិភពលោក ដែលជាផ្នែកមួយនៃការពង្រឹងខ្លួនក្នុងភាពជាម្ចាស់ផ្ទះ។
លោក Infantino បានកោតសរសើពីដំណើរការដ៏រលូនរបស់រុស្ស៊ី ដែលត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៨នេះ មុនពេលតាកាត្រូវទទួលបន្ទុកនៅឆ្នាំ២០២២ ។
ឆ្នាំ២០២៦ កំពុងមានការដេញថ្លៃរួមពីកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាម៉េរិក និងតទល់ជាមួយម៉ារ៉ុក។ FIFA នឹងសម្រេចជ្រើសរើសក្នុងសមាជរបស់ខ្លួននាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ខណៈចំនួនក្រុមអាចកើនឡើងពី៣២ទៅ៤៨។
សម្រាប់ឆ្នាំ២០៣០ ប្រទេសនៅតំបន់អាមេរិកឡាទីន ដូចជា ស៊ីលី កូឡុំប៊ី អ៊ុយរូហ្គាយ និងអាហ្សង់ទីន បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន។ ប៉ុន្តែក្នុងនោះ នូវែលសេឡង់ អូស្ត្រាលី និងអង់គ្លេស ក៏ចង់ចូលរួមប្រជែងដេញថ្លៃផងដែរ។
ដោយឡែកនៅឆ្នាំ២០៣៤ អាស៊ាន ដែលមានការផ្តួចផ្តើមដោយសិង្ហបុរី ឥណ្ឌូណេស៊ី និងថៃ បានធ្វើការបញ្ចុះបញ្ចូលឲ្យមានការដេញថ្លៃរួមគ្នា។ ថ្នាក់ដឹកនាំបាល់ទាត់ថៃ ក៏បានធ្លាប់លើកឡើងផងដែរថា ប្រសិនបើមិនមានការរួមគ្នាជាលក្ខណៈតំបន់ទេនោះ ថៃ និងឥណ្ឌូណេស៊ី ចង់ធ្វើជាសហម្ចាស់ផ្ទះរួមគ្នា។ ស្របពេលជាមួយគ្នានេះផងដែរ សារព័ត៌មាននានាបានលើកឡើងពីចំណាប់អារម្មណ៍របស់ចិនក្នុងការប្រជែងជាមួយអាស៊ានសម្រាប់ឆ្នាំ២០៣៤ ៕