ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ា​នី នាំ​កុមារ​ក្រីក្រ​ចូលរួម​ត្បាញ​ក្រមា​១០០០​ម៉ែត្រ​
18, Feb 2018 , 10:42 pm        
រូបភាព
ដោយ:
​កុមារ​ប្រមាណ​២០​នាក់​ពី​អង្គការ​ផ្ទះបាយ​កុមារ ត្រូវបាន​នាំទៅ​ទស្សនកិច្ច និង​ចូលរួម​ហាត់រៀន​ត្បាញ​ក្រមា​ដែល​វែង​ជាងគេ​ក្នុង​ពិភពលោក​។ យុទ្ធនាការ​ក្រមា​បាន​បង្កប់ន័យ​នៃ​សាមគ្គីភាព និង​ក្តី​ស្រឡាញ់​រវាង​ខ្មែរ​និង​ខ្មែរ​។​

 
​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​នាំ​កុមារ​ក្រីក្រ​ប្រមាណ​២០​នាក់​នៃ​អង្គការ​ផ្ទះបាយ​កុមារ​ចូលរួម​រៀនសូត្រ​អំពី​ការ​ត្បាញ​ក្រមា​ខ្មែរ​នា​ល្ងាច​ថ្ងៃទី​១៨​ខែកុម្ភៈ​។​
​ចលនា Go Go Cambodia បានរៀបចំ​យុទ្ធនាការ​ត្បាញ​ក្រមា​ប្រវែង​១០០០​ម៉ែត្រ ដើម្បី​បំបែក​កំណត់ត្រា​ក្រមា​វែង​ជាងគេ​ក្នុង​ពិភពលោក​។ យុទ្ធនាការ​នេះ​ដែល​ត្រូ​បានរៀបចំ​នៅលើ​ទីវាល​ព្រ​មេរុ មុខ​សារមន្ទីរ​ជាតិ បានចាប់ផ្តើម​នា​ថ្ងៃទី​១៤​កុម្ភៈ​កន្លងទៅ ខណៈ​ពិភពលោក​បាន​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់​។ ព្រះមហាក្សត្រ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ និង​សម្តេច ប៊ុន រ៉ានី បាន​ចូលរួម​សម្ពោធ​បើក​យុទ្ធនាការ​ត្បាញ​ក្រមា​ខ្មែរ​១០០០​ម៉ែត្រ​។​
 
​នៅពេលដែល​លោក ហ៊ុន ម៉ា​នី គាំទ្រ​សកម្មភាព Go Go Cambodia ហើយ​ការ​ត្បាញ​ក្រមា​ឲ្យ​បាន​វែង​ជាងគេ​ក្នុង​ពិភពលោក​ត្រូវការ​ការចូលរួម​នោះ លោក ហ៊ុន ម៉ា​នី ត្រូវ​ជួយ​បំផុសបំផុល​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​បាន​ចូលរួម​ត្បាញ​ក្រមា​ខ្មែរ ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​។​

​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន ដែល​តាម​ផ្តិត​យក​រូបភាព​លោក និង​កុមារ​ផ្ទះបាយ​កុមារ​នៅ​ទីវាល​ព្រះមេរុ​នោះ លោក ហ៊ុន ម៉ា​នី បាន​អធិប្បាយ​ប្រាប់​អ្នកកាសែត​យ៉ាង​ដូច្នេះ​ថា​៖«​កូនៗ​ផ្ទះបាយ​កុមារ មាន​សិទ្ធិ​ចូលរួម​ត្បាញ​ក្រមា​ដូច​មនុស្ស​ទូទៅ​ដែរ​។ យើង​ត្រូវ​ចងចាំ​ថា អ្វីមួយ​ក៏ដោយ ឲ្យ​តែ​យើង​រួបរួមគ្នា យើង​អាច​ធ្វើបាន​ទាំងអស់​»​។​

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ពាក់អាវ​ក្រណាត់​ពណ៌​ស​ហើយ​មាន​ក្រមា​បង់ក ស្លៀក​ខោខ្លី និង​ពាក់​ស្បែកជើងផ្ទាត់ បាន​មើលឃើញថា យុទ្ធនាការ​ក្រមា​មាន​អត្ថន័យ​ជ្រៅ​តំណាង​ឲ្យ​ការ​រួបរួមគ្នា ជួយ​គ្នា និង​ស្រឡាញ់គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​។ លោក​បាន​ពន្យល់ថា​៖«​ទីតាំង​នេះ​បានបង្ហាញ​ពី​ស្នាមញញឹម ភាព​ស្រឡាញ់គ្នា រាប់អាន​គ្នា និង​គាំទ្រ​គ្នា​។ វេទិកា​នេះ​មិន​ត្រឹមតែ​ផ្តល់ឱកាស​ឲ្យ​មានការ​សាកល្បង​បំបែក​កំណត់ត្រា​ក្រមា​វែង​ជាងគេ​ក្នុង​ពិភពលោក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​វេទិកា​នៃ​ការប្រមូលផ្តុំ និង​ផ្តល់​ភាពកក់ក្តៅ​រវាង​ខ្មែរ​និង​ខ្មែរ​ដែរ តាមរយៈ​យុទ្ធនាការ​ក្រមា​នេះ​»​។​

​ពលរដ្ឋ​ខ្មែរ​ជាច្រើន ព្រមទាំង​ជនបរទេស​ផង​បាន​ចូលរួម​ហាត់រៀន និង​ត្បាញ​ក្រមា​ខ្មែរ​ដើម្បី​បំបែក​កំណត់ត្រា​ជា​ក្រមា​វែង​ជាងគេ​ក្នុង​ពិភពលោក​។ នៅលើ​ទីវាល​ព្រះមេរុ នៅពេលនេះ​បានក្លាយ​ជាទី​តាំង​ពិ​ព័រ​ណ៌​ក្រមា​យ៉ាង​ធំ និង​ជា​កន្លែង​កម្សាន្ត​ដែល​ផ្តល់​ចំណេះដឹង​អំពី​ក្រមា​ផងដែរ​ដល់​សាធារណជន​ទូទៅ​។ មនុស្ស​ជាច្រើន​បាន​ជួបជុំគ្នា​នៅលើ​ទីវាល​ព្រះមេរុ​ក្បែរ​ព្រះបរមរាជវាំង​។​
 
​លើសពី​សាមគ្គីភាព និង​ក្តី​ស្រឡាញ់ លោក ហ៊ុន ម៉ា​នី ក៏មាន​មោទកភាព ដោយបាន​យល់ដឹង​កាន់តែច្រើន​អំពី​ដំណាក់កាល​នៃ​ការ​ត្បាញ​ក្រមា ក៏ដូចជា​ភាពលំបាក​នៃ​កិច្ចការងារ​នេះ​។​
​ត្រង់ចំនុច​នេះ លោក ង៉ូ​វ ឈី​វ ដែលជា​ប្រធាន​នៃ​អង្គការ​ផ្ទះបាយ​កុមារ​ដែល​បាន​ដឹកនាំ​កុមារ​ទៅក្នុង​យុទ្ធនាការ​ក្រមា​នោះ ក៏បាន​ពន្យល់​ប្រាប់​អ្នកកាសែត​ឲ្យ​ដឹង​ដែរ​ថា លោក​ចង់​ឲ្យ​កុមារ និង​យុវជន​យល់ដឹង​អំពី​ការ​ត្បាញ​ក្រមា​ផង និង​អត្ថន័យ​នៃ​សាមគ្គីភាព​ផង ដូច​ការរៀប​រាប់រប​ស់លោក ហ៊ុន ម៉ា​នី​៕
 


 

Tag:
 ហ៊ុន ម៉ា​នី ក្រមា world record
  Guinness book
© រក្សាសិទ្ធិដោយ thmeythmey.com