កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ អត្ត​ព​លិ​ក​រុស្ស៊ី​ដែល​ឈ្នះ​មេដាយសំរិទ្ធ មាន​ផ្ទុក​សារធាតុ​ហាមឃាត់​
19, Feb 2018 , 1:46 pm        
រូបភាព
​អត្ត​ព​លិ​ក​រុស្ស៊ី​ម្នាក់​ដែល​បានឈ្នះ​មេដាយសំរិទ្ធ​ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា នៅ​ក្រុង​ព្យុង​ឆាង (Pyeong Chang 2018) ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ថា​បាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​នៃ​គណៈប្រតិភូ​កីឡា​អូឡាំពិក​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​ទី ១៩ ខែកុម្ភៈ​នេះ​។​



​បើតាម​ការផ្សាយ​របស់ The New York Times កីឡាករ Alexander Krushelnytsky ដែល​បាន​ប្រកួតប្រជែង​លើ​វិញ្ញាសារ Curling ជា​គូ​ជាមួយ​ប្រពន្ធ​របស់គេ​គឺជា​អត្ត​ព​លិ​ក​រុស្ស៊ី​ដំបូងបង្អស់​ដែល​ត្រូវបាន​ស៊ើបអង្កេត​រកឃើញថា​មានប្រើ​ប្រាស់​សារធាតុ​ហាមឃាត់ Meldonium នៅក្នុង​ព្រឹត្តិការណ៍​ពូ​ឡាំ​ពិ​ក​ឆ្នាំ​២០១៨​នេះ​។​

Meldonium ជា​ថ្នាំ​បេះដូង​ដើម្បី​បង្កើន​លំហូរ​ឈាម និង​សមត្ថភាព​លំ​ហាត់ប្រាណ ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ ក្រោយ​រកឃើញ​លើ​អត្ត​ព​លិ​ក​ជាច្រើន​តាមរយៈ​ការពិនិត្យ​ទឹកនោម​។​

​បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​កីឡា​រុស្ស៊ី កីឡាករ Krushelnytsky បាន​ចាក​ចេញពី​ភូមិ​កីឡា​អូឡាំពិក​ហើយ និង​បានប្រគល់​មេដាយ​ដែល​ខ្លួន​ទទួលបាន​ត្រឡប់​ទៅវិញ​បណ្តោះអាសន្ន​សិន ដោយ​រង់ចាំ​ការធ្វើ​តេស្ត​លើក​ទី​ពីរ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់លាស់​។​

Krushelnytsky ជា​អត្ត​ព​លិ​ក​ទី​២​ហើយ​ដែល​ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​សារធាតុ​ប៉ូវ​កំលាំង បន្ទាប់ពី​កីឡាករ​ប្រណាំង​ស្គី​លើទឹក​កក (short-track speed skater) របស់​ជប៉ុន Kei Saito ត្រូវបាន​អាជ្ញាធរ​ត្រួតពិនិត្យ​រកឃើញថា​រូបគេ​បាន​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម Acetalozamide ហើយ​ត្រូវ​ក្រុម​ភ្នាក់ងារ​ហាមឃាត់​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​លើក​ទី​២៣​នេះ​តែម្តង​។​

​សូមបញ្ជាក់ថា តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា (CAS) ដាក់ពិន័យ​អត្ត​ព​លិ​ក​រុស្ស៊ី​ចំនួន​៤៣​នាក់​ពីបទ​ប្រើប្រាស់​សារធាតុ​ហាមឃាត់ (Doping) របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC)​។ ក្រោយ​ការប្តឹង​ឧទ្ធរណ៍ CAS បាន​លុបចោល​ការសម្រេចចិត្តរ​បស់​ខ្លួន​លើ​អត្ត​ព​លិ​ក​ចំនួន​២៨​នាក់ ប៉ុន្តែ​ពួកគេ​មិនមាន​សិទ្ធិ​ប្រើប្រាស់​ទង់ជាតិ​របស់​រុស្ស៊ី​ឡើយ​។ អត្ត​ព​លិ​ក​ទាំងនោះ ត្រូវបាន​ហៅថា​ជា អត្ត​ព​លិ​ក​អូឡាំពិក​ពី​រុស្ស៊ី (Olympic Athlete from Russia/OAR) ដែល​ជំនួស​ឲ្យ​ការ​ហៅថា អត្ត​ព​លិ​ក​ជម្រើសជាតិ​រុស្ស៊ី​។​

​ពេល​ទទួលបាន​មេដាយ ឬ​ការអបអរ​ផ្សេងៗ ពួកគេ​ត្រូវ​ប្រើ​ទង់​អូឡាំពិក​ជំនួស​ទង់ជាតិ​រុស្ស៊ី​។ គិត​ត្រឹម​ការប្រកួត​បាន​៩​ថ្ងៃ អត្ត​ព​លិ​ក OAR ដណ្តើមបាន​មេដាយប្រាក់​៣ និង​សំរឹទ្ធ​៨៕


Tag:
 ​កីឡា​អូឡាំពិក​
  Curling
  Alexander Krushelnytsky
  អូឡាំពិក​ព្យុង​ឆាង
© រក្សាសិទ្ធិដោយ thmeythmey.com