ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ឲ្យភ្នែកមានសុខភាពល្អ តើគួរធ្វើបែបណាទើបល្អ?
× ភ្នែកគឺជាបង្អួចដែលអាចឲ្យមនុស្សយើងមើលឃើញពិភពលោកនៅជុំវិញខ្លួនបាន។ ដូច្នេះរាល់ការរំខានដល់ការមើលឃើញនេះសុទ្ធតែមិនល្អចំពោះមនុស្សយើងឡើយ។ ដើម្បីថែរក្សាសុខភាពភ្នែកកាន់តែល្អ យកល្អអ្នកគួរតែធ្វើដូចប៉ុន្មានចំណុចខាងក្រោមនេះ៖
ញ៉ាំបន្លែពណ៌បៃតង
អាហារប្រភេទនេះមានអង់ទីអុកស៊ីដង់ និងជីវជាតិផ្សេងៗទៀតខ្ពស់ណាស់ដែលអាចជួយទ្រទ្រង់ដល់សុខភាពភ្នែកបាន។ សារធាតុទាំងនោះមានដូចជា Lutein, Zeaxanthin, Vitamin E, and Beta-carotene។ ប្រូខូលី ស្ពៃស្ពីណាច និងត្រកួនគឺមានសារធាតុទាំងនេះច្រើនណាស់។ ដើម្បីទទួលបានប្រយោជន៍កាន់តែច្រើន ចូរលាយវាជាមួយនឹងប្រេងអូលីវផង។ ការដែលបញ្ចូលបន្លៃមានពណ៌ច្រើនចូលគ្នាគឺជារឿងល្អសម្រាប់សុខភាពទូទៅ។
ឈបជក់បារី
ការការបារភ្នែកគឺជាហេតុផលមួយទៀតដែលអ្នកត្រូវឈប់ជក់បារី។ ការជក់បារីនឹងបង្កើនឱកាសកើតជំងឺភ្នែក Macular Degeneration។ វាក៏ជួយបង្កើនល្បឿននៃការខូចខាតភ្នែកដែរនៅពេលអ្នកមានជំងឺនេះ។ បើសិនជាអ្នកពិបាកនឹងលះបង់ទម្លាប់នេះ ចូរស្វែងរកជំនួយពីគ្រូពេទ្យទៅ។
ការពារភ្នែក
កាំរស្មីយូវីចេញពីពន្លឺព្រះអាទិត្យអាចបង្កើនឱកាសកើតជំងឺភ្នែក Macular Degeneration បាន ប៉ុន្តែវ៉ែនតាខ្មៅអាចជួយបាន។ ចូរស្វែងរកវ៉ែនតាណាដែលមានស្លាកថា UV 400 សម្រាប់ភ្នែកទាំងសងខាង។ ចូរពាក់វែនតាជានិច្ចគ្រប់ពេលដែលអ្នកចេញទៅខាងក្រៅ ឬយល់ថាមានពន្លឺព្រះអាទិត្យចាំងខ្លាំង។
ហាត់ប្រាណ
ការហាត់ប្រាណមានអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាពភ្នែក។ វាជួយពង្រឹងដល់សុខភាពបេះដូង ដូច្នេះវាអាចច្របាច់ឈាមដែលសម្បូរអុកស៊ីសែនទៅភ្នែកបាន។ ការដែលមានរូបរាងសមសួនក៏ជួយគ្រប់គ្រងទម្ងន់ និងបង្ការភាពធាត់ជ្រុលបានដែរ។ បើសិនជាអ្នកងងឹតភ្នែកហើយ ចូរព្យាយាមហាត់ប្រាណកីឡាណាដែលមានសុវត្ថិភាពដូចជា ការជិះកង់នៅមួយកន្លែង ឬហាត់យូហ្គាជាដើម។
ញ៉ាំត្រីឲ្យបានច្រើន
ត្រីដែលសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបី គឺល្អសម្រាប់សុខភាពបេះដូង និងភ្នែក។ ចូរព្យាយាមញ៉ាំត្រីសាលម៉ុង ឬធូណា។ ចូរញ៉ាំត្រីបែបនេះចំនួនពីរដងក្នុងមួយសប្តាហ៍។
រក្សាសម្ពាធឈាមឲ្យនៅទាប
ភ្នែកមនុស្សយើងគឺពឹងទៅលើលំហូរឈាមដែលមានអុកស៊ីសែនតាមរយៈចរន្តឈាមដែលផ្គត់ផ្គង់វា។ ការដែលមានសម្ពាធឈាមខ្ពស់អាចបំផ្លាញដល់សរសៃឈាម និងសមត្ថភាពច្របាច់ឈាមរបស់បេះដូងបាន។ អ្នកក៏អាចរក្សាវាឲ្យស្ថិតក្នុងការគ្រប់គ្រងបានដែរតាមរយៈរបបអាហារ ហាត់ប្រាណ និងប្រើថ្នាំព្យាបាល។
គ្រប់គ្រងកូឡេស្តេរ៉ុល
កាលណាក្នុងឈាមមានចំនួនកូឡេស្តេរ៉ុលអាក្រក់ ឬ LDL Cholesterol ឡើងខ្ពស់មិនគ្រាន់តែបង្កើនការកើតជំងឺបេះដូងទេ តែវាក៏បង្កើនបញ្ហាដល់ភ្នែកអ្នកដែរ។ សម្រាប់ជំងឺភ្នែក Macular Degeneration កូឡេស្តេរ៉ុលអាចកើនឡើងខ្លាំងក្នុងភ្នែក និងធ្វើឲ្យកកជាកំណកខ្លាញ់ឈ្មោះថា Drusen ដែលវាប៉ះពាល់ដល់របៀបដែលយើងមើលឃើញ។ ដើម្បីបន្ថយចំនួនជាតិខ្លាញ់អាក្រក់ ចូរកាត់បន្ថយការញ៉ាំអាហារមានជាតិខ្លាញ់ Saturated Fat ត្រូវហាត់ប្រាណ ៣០នាទីក្នុងមួយថ្ងៃ និងលេបថ្នាំបញ្ចុះជាតិខ្លាញ់បើសិនជាចាំបាច់។
បន្ថយសាច់ និងអាហារមិនផ្តល់សុខភាព
បើសិនជាអ្នកមានជំងឺភ្នែក Macular Degeneration ខ្លាញ់ប្រភេទ Saturated និង Trans Fat ដែលបានមកពីសាច់ក្រហម ទឹកដោះគោស្រស់ អាហារឆាឬចៀន និងអាហារបែបដុត អាចបង្កើនការខូចខាតភ្នែកបាន។ ជាមួយគ្នានេះដែរ ចូរកាត់បន្ថយអាស៊ីតខ្លាញ់អូមេហ្គាប្រាំមយយពីប្រេងផ្កាឈូករ័ត្ន និងពោត។ តែប្រេងល្ហុង និងអូលីវគឺជាជម្រើសផ្តល់សុខភាពជាង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com