កីឡាជាតិ
ជាតិ
NOCC គ្រោង​ចំណាយ​៦០​ម៉ឺន​ដុល្លារ រៀបចំ​ពិធី​បើក និង​បិទ​កីឡា​ជាតិ​លើក​ទី​២
19, Feb 2018 , 10:59 pm        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ពី​៥០​ទៅ​៦០​ម៉ឺន​ដុល្លារ សម្រាប់​រៀបចំ​ពិធី​បើក​និង​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នៅ​ឆ្នាំនេះ​។ ចំនួន​នេះ កើនឡើង​ប្រមាណ​៥០​ភាគរយ​បើ​ធៀប​នឹង​លើក​ទី​១ កាលពី​ឆ្នាំ​២០១៦​។ ការប្រកួត​កីឡា​ជាតិ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ឧសភា ដល់​ថ្ងៃទី​៦ មិថុនា ដោយមាន​២៧​ប្រភេទ​កីឡា​ចូលរួម​។​



​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC ដែលជា​ស្ថាប័ន​កីឡា​ទទួលបន្ទុក​រៀបចំ​ពិធី​បើក​និង​បិទ​កីឡា​ជាតិ​បាន​អះអាងថា ពិធី​បើក​និង​បិទ​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំនេះ​មាន​លក្ខណៈ​ប្លែក និង​អស្ចារ្យ​ជាង​លើក​មុន​។ «​យើង​នឹង​រៀបចំ​ឲ្យ​ប្លែក និង​ចម្លែក​រហូត​១៨០​ដឺ​ក្រេ មានន័យថា​ប្លែក​លើសពី​រដង ដែល​យើង​មិន​ធ្លាប់​ឃើញ​កន្លងមក​»​។ ជាការ​បញ្ជាក់​ពី​ភាព​អស្ចារ្យ​នៃ​ពិធី​បើក​និង​បិទ​កីឡា​ជាតិ​លើក​ទី​២​របស់លោក វ៉ា​ត់ ចំរើន ដែល NOCC គ្រោង​រៀបចំ​នៅ​ឆ្នាំនេះ​។ 



​ការបង្កើន​ភាព​ទាក់ទាញ និង​ការចាប់អារម្មណ៍​សម្រាប់​ទស្សនិកជន​នេះ បានធ្វើ​ឲ្យ​ការចំណាយ​របស់ NOCC នៅ​ឆ្នាំនេះ​ក៏​កាន់តែ​ប៉ោង​ធំ​ផងដែរ ពោលគឺ NOCC គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ពី​៥០​ទៅ​៦០​ម៉ឺន​ដុល្លារ ដែល​កើនឡើង​ប្រមាណ​៥០​ភាគរយ​បើ​ធៀប​នឹង​លើក​មុន ដែលមាន​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​។

​ការកើនឡើង​គម្រោង​ចំណាយ​នេះ កំពុង​ចោទ​ជា​បញ្ហា​សម្រាប់​ថ្នាក់ដឹកនាំ NOCC ព្រោះ​បច្ចុប្បន្ន​ស្ថាប័ន​នេះ​ពុំទាន់​មាន​ថវិកា​គ្រប់គ្រាន់​ដូចការគ្រោងទុក​នៅឡើយ​ទេ​។ តាមរយៈ​គណៈកម្មការ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ NOCC នឹងដាក់​សំណើរ​សុំ​ថវិកា​មួយចំនួន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្គ្រប់​លើ​ថវិកា​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ឯកជន សម្រាប់​ទ្រទ្រង់​ការចំណាយ​នៅ​ឆ្នាំនេះ​។​



«​យើង​នៅ​ខ្វះ​ទំហំ​ថវិកា​ដើម្បី​រ៉ាប់រង​ការចំណាយ លើក​មុន​យើង​ចំណាយ​ប្រហែលជា​៤០​ម៉ឺន​ដុល្លារ សម្រាប់​ពិធី​បើក​និង​បិទ​។ តែ​លើក​នេះ​យើង​គ្រោង​ចំណាយ​ពី​៥០​ទៅ​៦០​ម៉ឺន​ដុល្លារ តែ​បច្ចុប្បន្ន​យើង​ទទួលបាន​ការឧបត្ថម្ភ​មិន​លើស​ឆ្នាំ​២០១៦ នៅឡើយ​ទេ​។ បច្ចុប្បន្ន​យើង​មាន​ដៃគូ​សហការ​ធំៗ​ចំនួន​ពីរ ដូច្នេះ​យើង​ត្រូវ​ដៃគូ​ឧបត្ថម្ភ​យ៉ាងហោចណាស់​ពីរ​បន្ថែមទៀត​ទើប​អាច​គ្រប់​»​។ នេះ​ជាការ​បង្ហាញ​កង្វល់​រប​ស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC​។ 
 
​ការចំណាយ​រីក​ប៉ោង​ធំ​នៅ​ឆ្នាំនេះ ដោយសារ NOCC គ្រោង​បន្ថែម​ការសម្តែង​ផែន​កីឡាករ យុវជន និង​វប្បធម៌​។  NOCC គ្រោង​ដាក់​ឲ្យ​មានការ​សម្តែង​ពី​ក្រុម​កីឡាករ​មកពី​សាលា​កីឡា​, ក្រុម​តេ​ក្វាន់​ដូ WTF, ក្រុម​តេ​ក្វាន់​ដូ ITF, ក្រុម​ល្បុក្កតោ​, ក្រុមយុវជន ស​.​ស​.​យ​.​ក និង​ក្រុម​វិចិត្រសិល្ប​ជាដើម ដែលមាន​សមាជិក​សរុប​ប្រមាណ​ជាង​៥​ពាន់​នាក់​។ អ្វីដែល​កាន់តែ​អស្ចារ្យ គឺ​បន្ថែម​ការសម្តែង​ផ្នែក​បច្ចេកវិទ្យា​ភ្លើងពណ៌ និង​ការបាញ់​កាំជ្រួច​។​



​បើ​យោងតាម​អគ្គលេខាធិការ NOCC រូបនេះ ពិធី​បើក​និង​បិទ​ព្រឹត្តិការណ៍​កីឡា​ជាតិ​ដែលជា​ការប្រកួត​កម្រិត​ខ្ពស់​សម្រាប់​ជាតិ គឺ​ដើម្បី​កំណត់​ភាពជោគជ័យ និង​ការទាក់ទាញ​របស់​ជាតិ​ទាំងមូល​ទៅលើ​ការប្រកួត​។ លើសពីនេះ ដើម្បី​បង្ហាញ​សក្តានុពល​ជាតិ វប្បធម៌​ជាតិ ការរីកចម្រើន សេដ្ឋកិច្ចជាតិ សន្តិភាព សន្តិសុខ និង​សាមគ្គីភាព​។



​ការប្រកួត​កីឡា​ជាតិ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ឧសភា ដល់​ថ្ងៃទី​៦ មិថុនា ដោយមាន​២៧​ប្រភេទ​កីឡា​ចូលរួម ដែល​កើនឡើង​ជិ​ក​ពាក់កណ្តាល​បើ​ធៀប​នឹង​លើក​មុន​ដែលមាន​ត្រឹមតែ​១៥​ប្រភេទ​កីឡា​។ កីឡា​ទាំងនោះ​រួមមាន បាល់ទាត់​, បាល់ទះ​, បាល់បោះ​, អត្តពលកម្ម​, ប៉េតង់​, វាយ​សី​, វាយ​កូន​បាល់​, ចំបាប់​, វាយ​កូនឃ្លី​លើ​តុ​, តេ​ក្វាន់​ដូ WTF, ហែល​ទឹក​, ល្បុក្កតោ​, កាយសម្ព័ន្ធ​, ប្រដាល់សកល​, សូ​រិ​ន​ស្ស៊ិ​កាំ​ប៉ូ​, តេ​ក្វាន់​ដូ ITF, កា​រ៉ា​តេ​, ប្រដាល់​គុន​ខ្មែរ​, យូ​ដូ​, ទ្រី​យ៉ា​ត្លុង​, វ៉ូ​វី​ណា​ម​, បេ​ស្ប​ល​, ប្រណាំង​ទោចក្រយាន​, សីដក់​, បាញ់កាំភ្លើង​, បាល់ឱប និង​កីឡា​សូ​ហ្វ​តិ​ន្នី​ស​៕










Tag:
 វ៉ា​ត់ ចំរើន​
  NOCC
  កីឡា​ជាតិ​លើក​ទី​២
© រក្សាសិទ្ធិដោយ thmeythmey.com