រថយន្ត
អន្តរជាតិ
ម៉ាឡេស៊ី ព្រមាន​បណ្តេញ​ជនបរទេស ដែល​បំពាន​ច្បាប់​ចរ​ចរណ៍​មិន​រាងចាល​
19, Feb 2018 , 6:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
​រដ្ឋាភិបាល​ក្រុង​កូ​ឡា​ឡាំ​ពួរ បាន​ព្រមាន​ជនបរទេស ដែល​កំពុងតែធ្វើការ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ​តាមផ្លូវ​។ ក្រុង​ឡា​ឡាំ​ពួរ ក៏បាន​ត្រៀម​ចាត់វិធានការ​ក្តៅ​ដោយ​បណ្តេញ​រាល់​ជនបរទេស​ទាំងឡាយណា ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ម៉ាឡេស៊ី​ច្រើនលើកច្រើនសារ​នោះ ។



​អគ្គនាយក​អន្តោប្រវេសន៍​ម៉ាឡេស៊ី លោក Mustafar Ali នៅ​ថ្ងៃ​១២ កុម្ភៈ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ថា​លោក បានទទួល​សំណើ​មួយ​ពី​អគ្គ​នាយ​ដឹកជញ្ជូន និង​ផ្លូវថ្នល់ ឲ្យ​បណ្តេញ​រាល់​ជនបរទេស​ណា ដែល​បាន​បំពាន​ច្បាប់​ចរាចរណ៍​ម៉ាឡេស៊ី​មិនចេះ​រាងចាល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Strait Times ។

​តាម​ការអះអាង​របស់​លោក​អគ្គនាយក​អន្តោប្រវេសន៍​រូបនេះ ការណ៍ ដែល​អង្គភាព​ដឹកជញ្ជូន និង​ផ្លូវថ្នល់​ស្នើ​ឲ្យ​មាន​វិធានការ​បែបនេះ ដោយសារតែ​អង្គភាព​មួយ​នេះ មិន​ចង់ឃើញ​ជនបរទេស​ទាំង​ឡាយ ដែល​ចូលមក​ប្រទេស​ម៉ាឡេស៊ី ហើយ​បំពាន​ច្បាប់​ដោយ​មិនមាន​ការ​ញញើត​សោះ​នោះ ។

​តាម​ប្រ​ភ​ព័ត៌មាន​ដដែល​នោះ បទល្មើស​ចរាចរណ៍​ដែល​ជនបរទេស​បាន​ប្រព្រឹត្ត​កន្លងមក រួមមាន ការបើកបរ​ក្នុង​ល្បឿន​លឿន​, ការបំពាន​ភ្លើង​ក្រហម​, បើកបរ​ដោយ​មិនមាន​បណ្ណ​អនុញ្ញាត និង​ជាពិសេស​នោះ​ពួកគេ មិនបាន​បង់ពន្ធ​ផ្លូវ ។​

​ខណៈ​មិន​បញ្ជាក់​ពី​តួលេខ​ពិតប្រាកដ​នៃ​ជនល្មើស​បរទេស លោក​អគ្គនាយក​អន្តោប្រវេសន៍​ម៉ាឡេស៊ី បាន​សង្កត់ធ្ងន់ថា ចំនួន​អ្នកបង្ក​មិនមាន​ច្រើនពេក​ទេ ក៏ប៉ុន្តែ​ព្យសនកម្ម ដែល​ពួកគេ​បាន​បង្ក​នោះ ពិតជា​ធំធេង​ពេក ដែល​មិនគួរ​លើកលែង​ឡើយ ៕


Tag:
 ម៉ាឡេស៊ី
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com