សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក Adrin Loi៖ អាជីវកម្ម​ដែល​ត្រាប់​តាម​គេ ភាគច្រើនរ​លំទៅវិញដោយ​ខ្លួនឯង​
20, Feb 2018 , 10:18 am        
រូបភាព
លោក Adrin Loi ប្រធានប្រតិបត្តិក្រុមហ៊ុន Ya Kun International
លោក Adrin Loi ប្រធានប្រតិបត្តិក្រុមហ៊ុន Ya Kun International
​កម្មសិទ្ធិបញ្ញា (IP) ជាពិសេស​ចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ក្នុងការ​ពង្រឹង និង​ពង្រីក​អាជីវកម្ម​។ ពាណិជ្ជករ​សិង្ហ​បុរី លោក Adrin Loi ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Ya Kun International បាន​ចែករំលែក​យុទ្ធសាស្ត្រ​ជោគជ័យ​របស់ខ្លួន​ក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ នៅ​សិង្ហ​បុរី និង​នៅ​អាស៊ី​ទាំងមូល​។​



​បច្ចុប្បន្ន អាយុ​៦៣​ឆ្នាំ លោក Adrin Loi ត្រូវបាន​ប្រសិទ្ធ​នាម​ថា ជា «​ស្តេច​ម្ហូបអាហារ ឬ​ស្តេច​កាហ្វេ​» ប្រចាំ​សិង្ហ​បុរី​។ អ្នកជំនួញ​ដ៏​ជោគជ័យ​រូបនេះ ត្រូវបាន​អញ្ជើញ​ធ្វើជា​វាគ្មិន​ក្នុង​សិក្ខាសាលា​មួយ​នៅ​ទីស្នាក់ការ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ប្រចាំ​ប្រទេស​សិង្ហ​បុរី កាលពី​ខែធ្នូ ស្តីពី «​កម្មសិទ្ធិបញ្ញា​» ដោយមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន​អាស៊ី​-​ប៉ាស៊ីហ្វិក ជាង​៣០​រូប​។​



​លោក Adrin ជា​កូនប្រុស​ពៅ​ក្នុងចំណោម​កូនប្រុស​ស្រី​៨​នាក់​របស់លោក Loi Ah Koon ដែល​បានធ្វើ​អន្តោប្រវេសន៍​ពី​កោះ​ហៃ​ណាន ប្រទេស​ចិន ទៅកាន់​សិង្ហ​បុរី នា​ឆ្នាំ​១៩២៦ ក្នុង​វ័យ​១៥​ឆ្នាំ​។ ក្រោយ​បម្រើការ​នៅ​តៀម​កាហ្វេ លោក Ah Koon បាន​បើក​ដំណើរការ​អាជីវកម្ម​ខ្លួនឯង រហូតដល់​បាន​ចុះបញ្ជី​ផ្លូវការ​ក្រោម​ឈ្មោះ Ya Kun Coffeestall នៅ​ឆ្នាំ​១៩៤៤ ហើយ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា «Ya Kun Kaya Toast» នៅ​ឆ្នាំ​១៩៩៨ ។​

​លោក Ah Koon បានទទួល​មរណភាព​នៅ​ឆ្នាំ​១៩៩៩ ហើយ​លោក Adrin បាន​បន្ត​ដឹកនាំ​អាជីវកម្ម ដោយ​សន្យា​រក្សា​កេរដំណែល​ពី​ឪពុក ជាមួយនឹង​សេវាកម្ម​ម្ហូបអាហារ​ពិសេស​ដូចជា​នំ​បុ័ង​បន្ទះ​លាយ​ដំណាប់​ដូង (Kaya Toast) ស៊ុត​ស្ងោរ​ជ័រ​ភ្នៅ និង​កាហ្វេ​ក្តៅ ជាដើម​។​

​ដោយសារ​ភាពល្បីល្បាញរ​បស់​ភោជនីយដ្ឋាន លោក Adrin បាន​ពង្រីក​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ ហើយ​ចាប់ផ្តើម​លក់​សិទ្ធិ​អាជីវកម្ម​បន្ត (Franchise) និង​ពង្រីក​សាខា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ នៅ​ឆ្នាំ​២០០១ Ya Kun ក្លាយជា​សាជីវកម្ម​ធំ​មួយ ហើយ​ផ្តើម​ពង្រីក​ខ្លួន​នៅ​បរទេស ពោលគឺ​ចេញដំណើរ​ពី​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០០២ ។​



​បើតាម​លោក Adrin បច្ចុប្បន្ន Ya Kun មាន​៦៥​ទីតាំងនៅ​ទូទាំង​សឹង្ហ​បុរី និង​៥៥​ទីតាំង​ទៀត​នៅក្រៅ​ប្រទេស រួមមាន​ឥណ្ឌូណេស៊ី ចិន មី​យ៉ាន់​ម៉ា ថៃ ហ្វីលីពីន តៃវ៉ាន់ ហុងកុង ម៉ា​កាវ រួមទាំង​កម្ពុជា ផងដែរ​។ «​អាជីវកម្ម​រឹងមាំ​យើង​មិន​ខ្លាច​ការប្រកួតប្រជែង​ឡើយ​»​។ នេះ​ជាការ​អះអាង​របស់លោក Adrin​។​

Ya Kun បាន​ឆ្លើយតប​គ្រប់​លក្ខខណ្ឌ​ទៅ​គោលការណ៍​កម្មសិទ្ធិបញ្ញា​។ «​ម៉ាក និង​គំនូរ​ពាណិជ្ជកម្ម​របស់​យើង​ត្រូវបាន​ការពារ​តាមផ្លូវ​ច្បាប់ ពីព្រោះ​វា​មានតម្លៃ​ខ្លាំងណាស់ ក្នុងការ​ប្រើប្រាស់ Ya Kun Brand ផ្តាច់មុខ រួមទាំង​ការលក់​អាជីវកម្ម​បន្តទៅ​ឲ្យ​អ្នកដទៃ​»​។​



​ទោះបីជា​យ៉ាងណាក៏ដោយ អាជីវកម្ម​ដែល​ត្រាប់​តាម «Ya Kun Kaya Toast» មិន​ងាយ​បានទទួល​ជោគជ័យ​ឡើយ​។ លោក​បាន​គូសបញ្ជាក់ថា​៖ «​ពិតណាស់ អ្នក​ដែល​ត្រាប់​តាម​យើង​នៅលើ​ទីផ្សារ អាចធ្វើ​ឲ្យ​អតិថិជន​ច្រឡំ និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​យើង ប៉ុន្តែ​ជាទូទៅ ពួកគេ​រលំ​ទៅដោយ​ខ្លួនឯង នៅមុន​យើង​សុំ​ឲ្យ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​»៕



Tag:
 Adrin Loi
  IP
  WIPO
© រក្សាសិទ្ធិដោយ thmeythmey.com