ជាតិ
លោក សូរ ប្លា​តុង ប្តេជ្ញា​រៀប​សណ្តាប់ធ្នាប់​ក្រុង​សៀមរាប​ឲ្យ​សក្តិសម​ទៅនឹង​ការសរសើរ​
20, Feb 2018 , 7:39 pm        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ក្រុង​សៀមរាប បាននិងកំពុង​មមាញឹក​ចំពោះ​ការរៀបចំ​សណ្តាប់ធ្នាប់ ពិសេស​នៅតាម​តំបន់​ប្រជុំជន​សំខាន់ៗ រួមមាន ផ្សារ​ចាស់ ផាប់​ស្ទ្រី​ត និង​ផ្សារលើ​ធំថ្មី​ជាដើម​។ អភិបាលក្រុង​សៀមរាប​បានបង្ហាញ​ជំហរ​មិន​រាថយ ចំពោះ​វិធាន​ការរៀបចំ​សណ្តាប់ធ្នាប់​ក្រុង ដោយ​អះអាងថា នឹង​បន្តធ្វើ​ការងារ​នេះ និង​មិន​លើកលែង​សម្រាប់​អ្នក​បំពាន​ដោយ​យក​ចំណីផ្លូវ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។​



​អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង បាននិងកំពុង​បញ្ចេញស្នាដៃ​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង​សៀមរាប បន្ទាប់ពី​ក្រុង​នេះ បាន​ជាប់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ឆ្នាំ​២០១៨-២០២០ កាលពី​ចុងខែ​មករា និង​ត្រៀម​ទទួល​ជ័យលាភី​រំដួល​៣​ទង​នាពេលខាងមុខ​។ ផាប់​ស្ទ្រី​ត ដែលជា​គោលដៅ​គំរូ ដែល​ក្រុង​សៀមរាប បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ចាប់ពី​ចុងឆ្នាំ​២០១៧​មក និង​ទទួលបាន​ការសរសើរ​ពី​ពលរដ្ឋ និង​ទេសចរ ថា​មាន​របៀបរៀបរយ​ជាង​មុន គឺ​តាមផ្លូវ​សំខាន់ៗ​មាន​ភាព​ទូលាយ មាន​ចន្លោះ​សម្រាប់​ភ្ញៀវ​ដើរ ដោយ​គ្មាន​ទៀត​ទេ វត្តមាន​រ៉ឺម៉ក​កង់​បី​ចត​ពាសវាល​ពាសកាល​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ពេល​ចុះ​អនុវត្ត​បន្ត​ការរៀបចំ​សណ្តាប់ធ្នាប់​ក្រុង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ លោក សូរ ប្លា​តុង ថ្លែងថា គោលដៅ​បន្តបន្ទាប់​សម្រាប់​រៀបចំ​ក្រុង រួមមាន​ផ្លូវ ៦០​ម៉ែត្រ ផ្លូវ​តាម​បណ្តោយ​ដងស្ទឹង​សៀមរាប ចាប់ពី​ស្ពាន​នាគ​ដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង ផ្លូវជាតិ​លេខ​៦​អា ទៅតាម​កាន់​ប្រាសាទ​អង្គរ ដូចជា​ផ្លូវ​កូ​ម៉ៃ ហ្គា​ល​ដឺ​ហ្គោល ស៊ី​វុត្ថា​។​ល​។

​បែប​មិន​លើកលែង​ទៀតឡើយ សម្រាប់​ជន​ណា​ដែល​បន្ត​រំលោភ និង​ប្រើប្រាស់​ផ្លូវ​សាធារណ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ លោក សូរ ប្លា​តុង អះអាងថា ក្រោយ​ចុះ​រៀបចំ​រួច អាជ្ញា​ធរមាន​ដាក់​ក្រុមការងារ​ដើម្បី​ចល័ត និង​ឃ្លាំមើល​ជាប្រចាំ មិន​ឲ្យ​ពលរដ្ឋ​រំលោភ​ផ្លូវ​សាធារណ ដែល​បង្ក​ឲ្យ​បាត់បង់​សោភ័ណភាព​ក្រុង​ទៀតឡើយ​។ លោក​បន្ថែមថា ក្រុមការងារ​ទាំងអស់​មិន​រាថយ និង​មាន​កម្មវិធី​ច្បាស់លាស់ ក្នុងការ​តាមដាន​លើ​ការងារ​ទាំងនេះ សំដៅ​រៀបចំ​សណ្តាប់ធ្នាប់ និង​បរិស្ថាន ដើម្បី​ឲ្យ​ក្រុង​សៀមរាប ស័​ក្ត​សមជា​ទីក្រុង​ទេសចរណ៍​ស្អាត​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​មកពី​គ្រប់ទិសទី​។​

​ទាក់ទង​នឹង​ការងារ​នេះដែរ លោក សូរ ប្លា​តុង ថ្លែងថា នឹងធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម ដើម្បី​ព​ន្លឿ​ន​សេវា​របស់ខ្លួន​។

​យ៉ាងណា គេ​នៅ​មិនទាន់​ដឹងថា តើ​អាជ្ញាធរ​អាច​នឹង​រៀបចំ​បាន​កម្រិតណា ឬ​នៅពេលណា​នោះឡើយ​។ ប៉ុន្តែ​ដើម្បី​ធ្វើទៅបាន លោក​អភិបាលក្រុង ស្នើ​ឲ្យ​ពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម ដើម្បី​បរិស្ថាន​ក្រុង ដើម្បី​កិត្តិ​យល​ខ្លួនឯង និង​សង្គមជាតិ​៕


Tag:
 សូរ ប្លា​តុង​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com