កីឡាជាតិ
ជាតិ
រត់​ភ្លើង​គប់​បើក​កីឡា​ជាតិ​ឆ្នាំនេះ គ្រោង​ធ្វើ​ឲ្យ​ដូច​ទម្រង់​នៃ​ប្រវត្តិ​បើក​កីឡា​អូឡាំពិក​
20, Feb 2018 , 9:19 pm        
រូបភាព
ដោយ:
​បើ​យោងតាម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ពិធី​រត់​ភ្លើង​គប់​បើក​ការប្រកួត​កីឡា​ជាតិ​នៅ​ឆ្នាំនេះ គ្រោង​ធ្វើ​ឲ្យ​ត្រូវ​តាម​ទម្រង់​នៃ​ប្រវត្តិ​បើក​ការប្រកួត​កីឡា​អូឡាំពិក​។ ក្នុងន័យនេះ​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ នរោត្តម សីហមុនី នឹង​ថ្វាយ​ព្រះ​ភ្លើង​គប់​នៅ​ឆ្នាំនេះ​។ តែ​យ៉ាងណា គម្រោង​នេះ ពុំទាន់​ទទួលបាន​ការអនុញ្ញាត​ពី​ព្រះបរមរាជវាំង ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ទេ​។



​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​ទទួលបន្ទុក​ផ្នែក​ពិធី​បើក និង​បិទ​កីឡា​ជាតិ គ្រោង​រៀបចំ​ពិធី​រត់​ភ្លើង​គប់​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំនេះ ឲ្យ​មាន​លំនាំ​ដូចនឹង​ប្រវត្តិ​នៃ​ពិ​ធិ​បើក​ការប្រកួត​កីឡា​អូឡាំពិក​។ បើ​ដូច្នេះ​មែន ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ នរោត្តម សីហមុនី នឹង​ថ្វាយ​ព្រះ​ភ្លើង​គប់​សម្រាប់​ការបើក​កីឡា​ជាតិ​នៅ​ឆ្នាំនេះ​។ ព្រោះ​បើតាម​ប្រវត្តិ​កីឡា​អូឡាំពិក​ភ្លើង​គប់​កើតចេញពី​ព្រះអាទិត្យ ដែល​គេ​ចាត់ទុកជា​អង្គ​ព្រះអាទិទេព តាម​ជំនឿ​ព្រហ្មញ្ញសាសនា​។



​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន thmeythmey.com លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ការរត់​ភ្លើង​គប់​បើក​កីឡា​ជាតិ​ឆ្នាំនេះ យើង​គ្រោង​ធ្វើ​ឲ្យ​ត្រូវ​ទម្រង់​នៃ​ប្រវត្តិ​កីឡា​អូឡាំពិក​។ កីឡា​អូឡាំពិក​គេ​យក​ភ្លើង​អាទិទេព​ពី​ព្រះអាទិត្យ ហើយ​នៅ​កម្ពុជា​អង្គ​ព្រះមហាក្សត្រ​ជា​អង្គ​ព្រះអាទិទេព ដូច្នេះ​យើង​ត្រូវ​ទៅសុំ​ភ្លើង​ពី​ព្រះអង្គ នៅ​ព្រះបរមរាជវាំង​រួច​រត់​ទៅកាន់​ពហុ​កីឡដ្ឋាន​ជាតិ ដែលជា​កន្លែង​រៀបចំ​ពិធី​បើក​»​។​

​លោក​បាន​បន្តថា ការដុត​ភ្លើង​គប់​នៅ​ឆ្នាំនេះ​មាន​លក្ខណៈ​ប្លែក​និង​អស្ចារ្យ​ជាង​លើក​មុន ដោយ​កីឡាករ​មិនបាច់រ​ត់ទៅ​ដុត​ដោយផ្ទាល់​ដូច​លើក​មុន​នោះទេ គ្រាន់តែ​ដុត​កាំជ្រួច​ដែល​រៀបចំ​ដោយ​អ្នកជំនាញ រួចហើយ​កាំជ្រួច​នោះ​នឹង​រត់​នៅ​ដុត​ភ្លើង​គប់​បើក​ការប្រកួត​កីឡា​ជាតិ​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។

​ប៉ុន្តែ​គម្រោង​រត់​ភ្លើង​គប់​ពីមុខ​ព្រះបរមរាជវាំង​មកកាន់​ពហុ​កីឡដ្ឋាន​ជាតិ មិនទាន់​លេចចេញ​ជា​រូបរាង​ផ្លូវការ​នៅឡើយ​ទេ ព្រោះ​គម្រោង​នេះ​មិនទាន់​ទទួលបាន​ការអនុញ្ញាត​ពី​ព្រះបរមរាជវាំង ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​នៅឡើយ​។​



​សម្រាប់​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​កាលពី​ឆ្នាំ​២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់​ភ្លើង​គប់​ឲ្យ​អតីត​កីឡាករ និង​កីឡាករ​ឆ្នើម​កម្ពុជា ដើម្បី​ដុត​ភ្លើង​គប់​បើក​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្តេច ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក៏​នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​នៅ​ឆ្នាំនេះ​ផងដែរ​។

​កីឡា​ជាតិ​លើក​ទី​២​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ឧសភា ដល់​ថ្ងៃទី​៦ មិថុនា ឆ្នាំ​២០១៨ ដោយ​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​កំណត់​យក​២៧​ប្រភេទ​កីឡា​ចូលរួម ដែល​ចំនួន​មានការ​កើនឡើង​ជិត​ពាក់កណ្តាល​បើ​ធៀប​នឹង​ឆ្នាំមុន​មាន​១៥​ប្រភេទ​កីឡា​៕     


Tag:
 កីឡា​ជាតិ​លើក​ទី​២
  វ៉ា​ត់ ចំរើន​
  រត់​ភ្លើង​គប់
© រក្សាសិទ្ធិដោយ thmeythmey.com