ជាតិ
សេដ្ឋកិច្ច
លោក វេង សាខុន បញ្ជាឲ្យលុបបំបាត់ហេតុមួយចំនួនដែលធ្វើឲ្យសាច់លក់លើទីផ្សារថ្លៃ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំមួយពង្រឹងការគ្រប់គ្រងអាជីវកម្មសត្វ និងជលផល ដើម្បីទប់ស្កាត់ការលក់សាច់ សត្វ និងផលិតផលជលផល តាមការញាក់តម្លៃតាមចិត្តបុគ្គល។
ក្រសួងកសិកម្ម បានលើកឡើងពីភាពមិនប្រក្រតីក្នុងខ្សែសង្វាក់ផលិតកម្មសត្វ និងជលផល ដែលនាំឲ្យផលិតផលទាំងនោះលក់លើទីផ្សារមានថ្លៃខ្ពស់។ ក្រសួងបានកត់សម្គាល់ឃើញថា មានការធ្វើអាជីវកម្មសត្តឃាតដ្ឋានផ្ដាច់មុខ ការឃុបឃិតក្នុងចំណោមអាជីវករពិឃាតសត្វ អ្នកលក់ដុំ និងលក់រាយធ្វើការកំណត់ថ្លៃ និងភាពផ្ដាច់មុខលើការនាំចូល ចែកចាយផលិតផលជលផល។
«កត្តាទាំងនេះ បង្កឲ្យមានការបូកថ្លៃបន្ថែមខ្ពស់នៅគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផលិតកម្ម និងអាជីវកម្ម និងធ្វើឲ្យមានអត្រាអតិផរណាម្ហូបអាហារកើនឡើង ប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ»។ សារាចរណែនាំខាងលើឲ្យដឹងយ៉ាងដូចនេះ។
សារាចរណែនាំ ដែលចុះហត្ថលេខាដោយលោក វេង សាខុន រដ្ឋម្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ខែកុម្ភៈ នេះ បានបញ្ជាឲ្យគ្រប់អង្គភាពក្រោមឱវាទក្រសួង គ្រប់មន្ទីរកសិកម្ម អនុវត្តសារាចរមួយនេះដោយការទទួលខុសត្រូវខ្ពស់។
សារាចរដដែលនេះបានចេញវិធានការមួយចំនួន។ ក្រសួងបានណែនាំឲ្យ ជំរុញការវិនិយោគបង្កើតសត្តឃាតដ្ឋានបន្ថែមតាមក្រុងស្រុក និងមិនឲ្យកំណត់ដែនចែកចាយផលិតផលចេញពីសត្តឃាតដ្ឋានទាំងនោះទេ។ ក្រសួងបន្តទៀតថា ត្រូវដេញថ្លៃសត្តឃាតដ្ឋានដោយតម្លាភាព និងលើកទឹកចិត្តឲ្យអាជីវករលក់ដុំ និងរាយដាក់ស្លាកសញ្ញាផលិតផលរបស់ខ្លួន ដោយបញ្ជាក់ពីប្រភពសាច់ និងតម្លៃ។ ជាមួយគ្នានេះ ក្រសួងបញ្ជាឲ្យអង្គភាពក្រោមឱវាទ ត្រូវលុបបំបាត់ការនាំចូលផលិតផលជលផលផ្ដាច់មុខ ជាដើម។
បើមើលតាមខ្លឹមសារចរាចរនេះ ក្រសួងកសិកម្មហាក់ចង់លុបបំបាត់កត្តានាំឲ្យសាច់គោ ជ្រូក មាន់ទា លក់ថ្លៃ ដែលនៅក្រៅពីមូលហេតុចរន្តទីផ្សារ ពោលគឺបុគ្គលជាអ្នកកំណត់ថ្លៃ ដោយសារភាពផ្ដាច់មុខរបស់ខ្លួន ឬការឃុបឃិតណាមួយ។ បើតាមការលើកឡើងរបស់អ្នកលក់សាច់នៅលើទីផ្សារ និងតាមភូមិខ្លះ ការធ្វើអាជីវកម្មផ្ដាច់មុខ កើតឡើងដោយមានការឃុបឃិតពីមន្ត្រីអាជ្ញាធរ ដែលផ្ដល់អាជ្ញាបណ្ណអាជីវកម្មឲ្យតែបុគ្គលណាម្នាក់ ឬពីរបីនាក់ប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com