ជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​ការងារ​យក​ថវិកា​ដោះស្រាយ​បញ្ហា​កម្មករ ដែល​ត្រូវ​ថៅកែ​រត់ចោល​
21, Feb 2018 , 9:37 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោះស្រាយ​បញ្ហា​កម្មករ ដែល​ជួប​ហានិភ័យ​ការងារ ដោយសារតែ​រោងចក្រ​បិទទ្វា ឲ្យ​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ​។​



​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​តំបន់​វត្ត​ទឹកថ្លា នៅ​ព្រឹក​ថ្ងៃទី​២១ កុម្ភៈ សម្ដេច ហ៊ុន សែន បាន​និយាយថា រាល់​បញ្ហា​ថៅកែ​រោងចក្រ​រត់ចោល ដោយ​មិនបាន​បើកប្រាក់​ខែ​ឲ្យ​កម្មករ​នោះ ក្រសួង​ការងារ ត្រូវយក​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅ​ដោះស្រាយ​បញ្ហា​ពួកគេ​ជាមុនសិន ដើម្បី​កុំ​ឲ្យ​កម្មករ​ឡើងមក​តវ៉ា​លើ​បញ្ហា​នេះ​។  បើតាម​ប្រមុខ​រដ្ឋាភិបាល ក្រោយពី​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​កម្មករ​ហើយ ទ្រព្យសម្បត្តិ​រោងចក្រ​ដែល​នៅ​សេសសល់​នោះ ក្រសួង​ការងារ អាច​ដោះស្រាយ​តាម​នីតិវិធី ដោយ​ការដាក់​លក់ឡៃ​ឡុង​រោងចក្រ​ជាដើម​។​

​ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺជា​គោលនយោបាយ​ថ្មី​មួយ​បន្ថែម លើ​គោលនយោបាយ​៨​ចំណុច ដែល​ផ្ដល់​អត្ថប្រយោជន៍ និង​ដោះស្រាយ​បញ្ហា​កម្មករ​រោងចក្រ​ទូទាំងប្រទេស​កន្លងមក​៕

Tag:
 ហ៊ុន សែន​
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com