អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍​អាស៊ាន​របស់ CIMB នាំមក​នូវ​ឱកាស​សិក្សា​នៅ​សាកលវិទ្យាល័យ​ល្បីៗ ជុំវិញ​ពិភពលោក ដល់​និស្សិត​កម្ពុជា​
21, Feb 2018 , 11:29 am        
រូបភាព
ដោយ​បន្ត​ប្តេជ្ញាចិត្ត​លើ​ការអភិវឌ្ឍ​សមត្ថភាព​យុវជន ក្នុង​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម៊​បី គ្រុប (CIMB Group)  ផ្តល់នូវ​អាហារូបករណ៍ ១០០​ភាគរយ សម្រាប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​គ្រប់​សាកលវិទ្យាល័យ​ល្បីឈ្មោះ នៅ​ជុំវិញ​ពិភពលោក​។ ចាប់ពី​ឥឡូវនេះ រហូតដល់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៨ អាហារូបករណ៍​អាស៊ាន​របស់ CIMB បើកទទួល​ពាក្យស្នើសុំ​អាហារូបករណ៍ សម្រាប់​សិស្ស​និស្សិត​ខ្មែរ​ទាំងអស់ ដែល​ទើបតែ​បញ្ចប់​ថ្នាក់​ទី​១២ ឬ​កំពុង់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​មាន​អាយុ​ក្រោម ២៤​ឆ្នាំ​។ អាហារូបករណ៍​នេះ ផ្តល់ជូន​ដល់​សិស្ស​និស្សិត ដែលមាន​អាយុ​ក្រោម​២៤​ឆ្នាំ ស្ថិតក្នុង​តំបន់​អាស៊ាន រួមមាន​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ វៀតណាម និង​ហ្វីលីពីន​។ សិស្ស​និស្សិត​ទាំងអស់ អាច​ជ្រើសរើស​មុខវិជ្ជា​សិក្សា​ណាមួយ​ក៏បាន ដែល​ខ្លួន​ពេញចិត្ត សម្រាប់​ការដាក់​ពាក្យស្នើសុំ​អាហារូបករណ៍​របស់ CIMB​។

​អាហារូបករណ៍​អាស៊ាន​របស់ CIMB ផ្តល់ជំនួយ​ឧបត្ថម្ភ​ពេញលេញ ១០០​ភាគរយ រួមមាន​ថ្លៃ​សិក្សា សំបុត្រ​យន្តហោះ កន្លែង​ស្នាក់នៅ ដំណើរ​កម្សាន្ត​មក​ស្រុកកំណើត សេវា​ធានារ៉ាប់រង ព្រមទាំង​ថ្លៃ​ចំណាយ​ផ្សេងៗ​ផងដែរ​។ មិនតែប៉ុណ្ណោះ អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​និស្សិត គឺ​ឱកាស​ការងារ​ជា​បុគ្គលិក​ហាត់​ការ និង​ពេញសិទ្ធិ ក្នុងចំណោម​សាខា​របស់ CIMB Group ទូទាំង​តំបន់ ទាំង​អំឡុងពេល និង​ក្រោយពេល​បញ្ចប់​ការសិក្សា​។ ក្រៅពីនេះ និស្សិត​អាហារូបករណ៍ ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​តម្រង់ទិស​ពី​ធនាគារ CIMB សម្រាប់​ការសិក្សា និង​ការបណ្តុះបណ្តាល ដែលជា​ឱកាស​ភ្ជាប់​ទំនាក់ទំនង ជាមួយ​បុគ្គលិក និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ រួមទាំង​ការចូលរួម​ក្នុង​កម្មវិធី​តំបន់​អាស៊ាន​នានា របស់ CIMB ទៀតផង​។​

​ដើម្បី​រួមចំណែក​លើកកម្ពស់​សម​ត្ថ​ភាព​យុវជន​ជំនាន់​ក្រោយ ក្នុង​តំបន់​អាស៊ាន ធនាគារ CIMB ដែលជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប បាន​នាំយក និង​បន្ត​ខិតខំ​ផ្សព្វផ្សាយ​យ៉ាងសកម្ម ដល់​សិស្ស​និស្សិត​កម្ពុជា អំពី​អាហារូបករណ៍​អាស៊ាន​របស់ CIMB​។ លោកស្រី អ៊ុំ ចិន្តា​ភក្តី ជា​នាយិកា​ធនធានមនុស្ស របស់​ធនាគារ CIMB បាន​មានប្រសាសន៍ថា​៖ «​អាហារូបករណ៍​របស់ CIMB នេះ គឺជា​ឱកាស​មាស សម្រាប់​សិស្ស​និស្សិត​ខ្មែរ ដើម្បី​ចាប់យក​ឱកាស​សិក្សា​នៅ​សាកលវិទ្យាល័យ​ល្បីៗ និង​ឱកាស​ការងារ​នៅ CIMB​។ ការអភិវឌ្ឍ​ធនធានមនុស្ស​ជំនាន់​ក្រោយនេះ នឹង​គាំទ្រ​ដល់​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​តំបន់​អាស៊ាន​ទាំងមូល ស្របតាម​ចក្ខុវិស័យ​របស់ CIMB Group​។ តាងនាម​ឱ្យ CIMB Group នៅ​កម្ពុជា លោកស្រី អ៊ុំ ចិន្តា​ភក្តី សូម​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត​ខ្មែរ​ទាំងអស់ ចូលរួម​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​នេះ ហើយ​នេះ​គឺជា​មោទនភាព​របស់​ប្រទេស​កម្ពុជា ដែលមាន​និស្សិត​ខ្មែរ​យើង​កន្លង បាន​ប្រឡង​ជាប់​កម្មវិធី​អាហារូបករណ៍​នេះ​»​។​

​កន្លងមក មាន​និស្សិត​ខ្មែរ​ឆ្នើម​មួយរូប​ផងដែរ ក្នុងចំណោម​និស្សិត​ក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ាន​ដទៃទៀត ដែល​ទទួលបាន​អាហារូបករណ៍​របស់ CIMB នេះ​។ យុវ​ត្តី ងួន ពញ្ញា​នាត ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ McGill នៃ​ប្រទេស​កាណាដា បាន​ឲ្យ​ដឹងថា​៖ «​ឥឡូវនេះ កញ្ញា ពិតជា​ពេញចិត្ត​ការសិក្សា នៅ​ទីនោះ ជាមួយនឹង​គុណភាព​អប់រំ​ស្តង់ដារ​ពិភពលោក រួមទាំង​បរិយាកាស​ថ្មីៗ ដែល​បាន​រៀនសូត្រ ហើយ​យុវ​ត្តី ងួន ពញ្ញា​នាត សូម​អរគុណ ដល់​ស៊ី​អាយ​អិ​ម​ប៊ី ដែល​ផ្តល់ អាហារូបករណ៍​ដ៏​មានតម្លៃ​នេះ​ផងដែរ​។ មិនតែប៉ុណ្ណោះ គ្រូ​តម្រង់ទិស​របស់ CIMB បានផ្តល់​មធ្យោបាយ និង​ជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង លើ​ការសម្រេចចិត្ត ទាក់ទង​នឹង​ការសិក្សា និង​អាជីព​។ ហើយ​កញ្ញា ជឿជាក់ថា មិត្ត​និស្សិត​ខ្មែរ​ទាំងអស់ ក៏​អាច​ទទួលបាន​អាហារូបករណ៍​របស់ CIMB ផងដែរ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា អាហារូបករណ៍​តំបន់​អាស៊ាន​របស់​ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​មុខវិជ្ជា​សិក្សា​ដ៏​ទូលំទូលាយ រួមមាន​ពាណិជ្ជកម្ម​/​ការគ្រប់គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ សេដ្ឋកិច្ច ការ​ចៃ្ន​ប្រឌិត និង​ភាពជា​សហគ្រិន ការគ្រប់គ្រង​ហានិភ័យ វិទ្យាសាស្ត្រ​នយោបាយ ទំនាក់ទំនង​អន្តរជាតិ វិទ្យាសាស្ត្រ​កុំព្យូទ័រ ព័ត៌មានវិទ្យា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល គណិតវិទ្យា វិទ្យាសាស្ត្រ​ពិត ការស្រាវជ្រាវ​ប្រតិបត្តិ​ការ ទំនាក់ទំនង ច្បាប់ វិស្វកម្ម និង​មុខវិជ្ជា​ដទៃទៀត​។​

​អាហារូបករណ៍​អាស៊ាន​របស់ CIMB ឆ្នាំ​២០១៨ បើកទទួល​ពាក្យ​ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៨​។ សម្រាប់​លក្ខខណ្ឌ​ដាក់ពាក្យ​ស្នើសុំ និង​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.cimb.com/aseanscholarship ។​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com