កីឡាអន្តរជាតិ
អន្តរជាតិ
Messi បញ្ចប់​ការ​ឈ្នះ​របស់ Chelsea ក្រោយ​ស៊ុត​ឲ្យ Barca តាម​ស្មើ ១-១ នៅ UCL
21, Feb 2018 , 11:22 am        
រូបភាព
Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជា​លើក​ទី​ដំបូង​ក្នុង​ការប្រកួត​៩​លើក​ទល់នឹង Chelsea ក្នុង​ក្របខណ្ឌ UEFA Champions league និង​ជួយ FC Barcelona តាម​ស្មើ ១-១ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​រាត្រី​ថ្ងៃ​អង្គារ​ទី​២០ ខែកុម្ភៈ​។​



​នៅសល់តែ​១៥​នាទី​មុន​បញ្ចប់​ការប្រកួត​ខ្សែការពារ Andreas Christensen របស់​តោ​ខៀវ​បាន​បង្កើត​កំហុស​នៅមុខ​ទី ដើម្បី​ឲ្យ Andres Iniesta ឆាប​យក​បាល់​បាន​រួច​បញ្ជូន​ឲ្យ​ដៃគូ Messi ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​វិញ​មុនពេល Willian រក​គ្រាប់​បាល់​នាំមុខ Barcelona មុន នៅ​នាទី​៦២​។​



​នា​ការប្រកួត​ជើង​ទី​១​នៅ​កីឡដ្ឋាន Stamford Bridge ក្រុម​ម្ចាស់​ជើងឯក​អង់គ្លេស​បាន​វាយ​សម្រុក​ទៅលើ​ក្រុម​ភ្ញៀវ​យ៉ាងខ្លាំង ជាមួយនឹង​ការ​ស៊ុត​ចំ​គោលដៅ​ជាច្រើន​គ្រាប់​តែ​គ្នាន​សំណាង ដោយ​បាល់​ទៅ​ចំ​បង្គោល​ទី​ដល់​ទៅ​២​ដង​ពី​ការ​ស៊ុត​របស់​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល Willian​។​

​មួយ​គ្រាប់​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន និង​ជា​គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​តាម​ស្មើ​វិញ​នោះ ក៏​ជាការ​បំបែក​កំណត់ត្រា​ខ្លួនឯង​ដែរ បន្ទាប់ពី​ជំនួប​៨​ប្រកួត​កន្លង​មកទល់​នឹង Chelsea រូបគេ​មិនដែល​រក​គ្រាប់​បាល់​បានទេ​។​



​ដោយឡែក Chelsea ត្រូវតែ​រក​គ្រាប់​បាល់​ឲ្យ​បានជា​ដាច់ខាត​នៅពេល​ធ្វើដំណើរ​ទៅ​ទឹកដី Camp Nou នា​ថ្ងៃទី ១៤ ខែមីនា​សម្រាប់​ការ​ប្រ​កូត​ជើង​ទី​២ ដើម្បី​មានឱកាស​បន្តទៅ​វគ្គ​៨​ក្រុម​ផ្តាច់ព្រ័ត្រ​ពាន​លំដាប់​កំពូល​អឺរ៉ុប​នេះ​។​

​ចំណែក​លទ្ធផល​មួយគូ​ទៀត ក្រុម​ការពារ​តំណែង​ជើងឯក​លី​ក​បាល់ទាត់​អាល្លឺម៉ង់ Bayern Munich បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Besiktas យ៉ាង​ចាស់ដៃ ៥-០ នៅ​កីឡដ្ឋាន Allianz Arena សម្រាប់​ការប្រកួត​ជើង​ទី​១​ដូចគ្នា​៕






Tag:
 UEFA Champions league
  Chelsea
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com