ជាតិ
ប្រមុខ​រដ្ឋាភិបាល ព្រមាន​ចលនា​សង្គ្រោះ​ជាតិ​ថា ចេញ​ម្នាក់ វាយ​ម្នាក់ ចេញពីរ​នាក់​វាយ​ពីរ​នាក់​
21, Feb 2018 , 2:57 pm        
រូបភាព
សម្តេច ហ៊ុន សែន និង​លោក សម រង្ស៊ី នាជំនួបនៅ​រដ្ឋសភា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៦ ។ រូបថត AFP
សម្តេច ហ៊ុន សែន និង​លោក សម រង្ស៊ី នាជំនួបនៅ​រដ្ឋសភា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៦ ។ រូបថត AFP
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាសថា សមាជិក​ឬ​អ្នកគាំទ្រ​នៃ​ចលនា​សង្គ្រោះ​ជាតិ ច្បាស់​ជា​រង​នូវ​ការបង្ក្រាប​ជាមិនខាន បើ​បញ្ចេញ​សកម្មភាព​នៅ​ប្រទេស​កម្ពុជា​។ ប្រធាន​ចលនា​សង្គ្រោះ​ជាតិ  បាន​សម្តែង​ក្តីបារម្ភ ហើយ​បាន​ផ្ញើ​សារ​មកកាន់​អ្នកគាំទ្រ​ថា មិនត្រូវ​បញ្ចេញ​អត្តសញ្ញាណ​ឡើយ ដើម្បី​ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​



​ដោយ​មិន​បញ្ឆិតបញ្ឆៀង សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ចំៗ​តែ​ម្តងថា ចលនា​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​ប​ស់លោក សម រង្ស៊ី នឹងរង​នូវ​ការកម្ទេច​ចោល ប្រសិនបើ​មាន​សកម្មភាព​ណាមួយ​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល ថ្លែង​ការពារ​ថា ការធ្វើ​បែបនេះ មិនមែនជា​ការគាបសង្កត់​នូវ​សិទ្ធិសេរីភាព​នោះទេ ប៉ុន្តែ វា ជាការ​ប្រុងប្រយ័ត្ន​ចំពោះ​អង្គការ​ខុសច្បាប់ ដែល​អាច​បង្ក​អសន្តិសុខ​ដល់​ប្រទេសជាតិ​។

​ក្នុង​ពិធី​ជួប​សំ​ណា​ល​សំ​ណា​ល​ជាមួយ​កម្មករ​-​កម្មការិនី​ដូច​សព្វដង ដែល​រៀបចំឡើង​នៅ​តំបន់​វត្ត​ទឹកថ្លា នា​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២0១៨ ប្រធាន​គណ​ក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​ព្រមាន​ធ្ងន់ៗ​ទៅកាន់​ចលនា​សង្គ្រោះ​ជាតិ​យ៉ាង​ដូច្នេះ​ថា​៖«​ឃើញ​មួយ​វាយ​មួយ ឃើញ​ពីរ​វាយ​ពីរ​។ ប្រាប់​ឲ្យ​ហើយ​ទៅ កុំ​ចេញមុខ​ឲ្យ​សោះ​។ ឲ្យ​តែ​ចេញមក គឺ​ត្រូវ​ហើយ​។ នេះ​ជា​អង្គការ​ភេរវកម្ម ដែល​បំផ្លាញ​ជាតិ​»​។

​ក្រោយ​ព្រមាន​រួចហើយ ប្រធាន​គណបក្សកាន់អំណាច ក៏​ព្រលយ​សាជាថ្មី​ថា ផ្លូវ​ល្អ​សម្រាប់​អតីត​ក្រុម​អ្នកប្រឆាំង​នាពេលនេះ គឺមាន​តែ​រួមគ្នា​បង្កើត​គណបក្ស​ថ្មី​មួយ ហើយ​ចូលរួម​ក្នុងការ​បោះឆ្នោត​។ ប៉ុន្តែ  អតីត​ថ្នាក់ដឹកនាំ​ទាំង​១១៨​នាក់​នៃ​គណបក្សប្រឆាំង ដែល​ត្រូវបាន​តុលាការ បិទ​សិទ្ធិ​នយោបាយ រួមទាំង​អ្នក​ផ្សេងទៀត ដែល​កំពុងមាន​ទោសទណ្ឌ ប្រហែលជា​មិនអាច​បង្កើត​គណបក្ស​បានឡើយ​។

​សម្តេច ហ៊ុន សែន និយាយ​ក្នុងន័យ​បើកផ្លូវ​ឲ្យ​អតីត​ក្រុម​អ្នកប្រឆាំង​ដែល​នៅមាន​សិទ្ធិ​ធ្វើ​នយោបាយ​បែបនេះ​ថា​៖«​បើ​អ្នកឯង​ពូកែ មក​នាំគ្នា​ធ្វើ​គណបក្ស ហើយ​ចូលរួម​បោះឆ្នោត​ទៅ​។ បើ​មិន​ចូល​ទេ ក៏​មិនមែន​មុខ​ដូច​ម៉ែ​ខ្ញុំ​ដែរ​។  ចង់​ព្រាត់ប្រាស​ទៅណា ក៏​ទៅ​ទៅ​។ ចង់​មក ក៏​មក​ទៅ​»​។

​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បានប្រកាសថា ចលនា​សង្គ្រោះ​ជាតិ មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស រួមទាំង​សហគមន៍​អន្តរជាតិ​ផងដែរ​។ ប៉ុន្តែ លោក អំពាវនាវ​ឲ្យ​អ្នកគាំទ្រ សមាជិក រហូតដល់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិនត្រូវ​បញ្ចេញ​សកម្មភាព ឬ​បង្ហាញមុខ​នោះទេ​។ ចំពោះ​លោក ការមិន​ចេញមុខ​មាត់​បែបនេះ អាច​ការពារ​សុវត្ថិភាព​របស់​ពួកគេ​បាន​។

​លោក សម រង្ស៊ី បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនា​ពេលកន្លងមក​យ៉ាង​ដូច្នេះ​«​សូម​ថ្នាក់ដឹកនាំ​សំខាន់ៗ កុំ​ប្រកាស​គាំទ្រ ចំពោះ​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព​ការងារ ដែល​ត្រូវ​រៀបចំ​ជា​បណ្តាញ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ មិនចាំបាច់​បញ្ចេញ​មុខ និង​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​នោះទេ​»​។​

​លោក សម រង្ស៊ី ក៏​ធ្លាប់​ឆ្លើយតប​មកកាន់​សម្តេច ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​កម្ពុជា​វិញ​ដែរ ថា​លោក មិនមែនជា​ភេរ​វករ នោះទេ​។ អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បានផ្តល់​ហេតុផល​បែបនេះ​ថា​៖«​បើ​ខ្ញុំ​ជា​ភេរ​វករ និង​ជាម​នុស្ស​ឧទ្ទាម មែន​នោះ មិនមែន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន សាទរ​វត្តមាន​របស់ខ្ញុំ​ទេ ជាពិសេស​នៅតាម​វត្ត​អារាម​ខ្មែរ​ទូទាំង​ពិភពលោក ហើយក៏​មិនមែន​ឥស្សរជន​នៅ​គ្រប់​ប្រទេស គោរព​ខ្ញុំ​ដែរ នៅពេល​ខ្ញុំ​ទៅធ្វើ​ទស្សនកិច្ច​»​។

​លោក សម រង្ស៊ី បកស្រាយ​ទៅកាន់​អ្នកគាំទ្រ​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជាប់គាំង ដោយ​មិន​អាចធ្វើ​កិច្ចការ​អ្វី​បាន​ទាំងអស់ ក្រោយពី​រង​ការរំលាយចោល​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧​។ នេះ​ជា​មូលហេតុ ដែល​ជំរុញ​ឲ្យ​លោក បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​បន្តធ្វើ​សកម្មភាព​នយោបាយ និង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​បន្ថែម​មកលើ​រដ្ឋាភិបាល​កម្ពុជា​។

​លោក ប្រកាស​ជារឿយៗ​ថា គោលបំណង​របស់​ចលនា​សង្គ្រោះ​ជាតិ គឺ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ ដើម្បី​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​២0១៨​។

​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង ចលនា​សង្គ្រោះ​ជាតិ បាន​រង​នូវ​ការ​គំរាម​ជា​បន្ត​បន្ទាប់ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ជាច្រើន​របស់​រដ្ឋាភិបាល​កម្ពុជា រាប់ទាំង​មេទ័ព និង​មេ​នគរបាល​។ មិន​ខុសពី​ប្រមុខ​រដ្ឋាភិបាល មេទ័ព​និង​មេ​នគរបាល​ទាំងនោះ ក៏​ចាត់ទុក​ចលនា​សង្គ្រោះ​ជាតិ ថា​ជា​ក្រុម​ឧទ្ទាម​ដែរ​។ ក្រសួងមហាផ្ទៃ ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល បានដាក់​បណ្តឹង​ទៅកាន់​តុលាការ ដើម្បី​ប្តឹង​មេដឹកនាំ និង​សមាជិក​នៃ​ចលនា​នេះ​។ បច្ចុប្បន្ន តុលាការ​កំពុង​ចាត់ការ តាម​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ​៕
អត្ថបទទាក់ទង


 


Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  ចលនា​សង្គ្រោះ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com