ជាតិ
មុនទៅប្រជុំនៅអូស្ត្រាលី សម្ដេច ហ៊ុន សែន ព្រមានអ្នកតវ៉ាថា «បាតុកម្មបាន តែហាមដុតរូប»
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំពិសេសអូស្ត្រាលី-អាស៊ាន នៅថ្ងៃទី១៧-១៨ មិនាខាងមុខនេះ។ មុននឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ សម្ដេច ហ៊ុន សែន ដឹងខ្លួនច្បាស់ថា ប្រាកដជាមានក្រុមប្រឆាំងរដ្ឋាភិបាល នឹងចេញមកបាតុកម្មតវ៉ាចំពោះវត្តមានសម្ដេច នៅលើទឹកដីអូស្ត្រាលីនេះ។
សូមស្តាប់សំឡេង៖
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជាង១ម៉ឺននាក់នៅតំបន់វត្តទឹកថ្លា នាព្រឹកថ្ងៃ២១ កុម្ភៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនព្រួយបារម្ភពីក្រុមអ្នកតវ៉ា ប្រឆាំងវត្តមានសម្ដេចឡើយ ព្រោះសម្ដេចយល់ថា វាជាការសម្ដែងអារម្មណ៍ និងមតិរបស់ក្រុមអ្នកមិនគាំទ្ររដ្ឋាភិបាល។ ប៉ុន្តែអ្វីដែលប្រមុខរដ្ឋាភិបាល មិនចង់ឃើញនោះ គឺការតវ៉ាដោយដុតរូបភាពសម្ដេច នៅទីធ្លាសាធារណៈ។ នាយករដ្ឋមន្ត្រី ព្រមានចាត់វិធានការលើអ្នកតវ៉ាដុតរូបសម្ដេចផងដែរ។
ក្នុងន័យនេះសម្ដេច ហ៊ុន សែន បាននិយាយដូច្នេះថា ៖«ប៉ុន្តែសូមផ្ដាំណា កុំដុតរូបឲ្យសោះ តែដុតរូបតាម(ចាប់)ដល់ផ្ទះ សូមប្រាប់ឲ្យហើយ។ ជំនាន់បាតុកម្មឆ្នាំ២០១៣ (ពលរដ្ឋបាតុកម្មនៅអាមេរិក)អត់ហ៊ានដែរ។ សម្ដេច ស ខេង ប្រាប់ទៅទូតអាមេរិកកាំង ថាហាមអ្នកបាតុកម្មមិនឲ្យដុតរូប ព្រោះស្រុកខ្មែរមានអបិយជំនឿ បើហ៊ានធ្វើរូប ហើយដុតរូបច្បាស់ជាមានរឿង ហើយខ្ញុំប្ដូរផ្ដាច់ បើហ៊ានធ្វើរូបទីងម៉ូងដុត តាមវាយដល់ផ្ទះ ក្របួចយកតែម្ដង»
ក្រៅពីចូលរួមកិច្ចប្រជុំពិសេសអូស្ត្រាលី-អាស៊ាន នៅថ្ងៃទី១៧-១៨ មីនា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏គ្រោងជួបសំណេះសំណាលជាមួយពលរដ្ឋអ្នកគាំទ្រខ្លួនផងដែរ៕
Tag:
ហ៊ុន សែន
បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com