កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតី​លី​បេ​រី​យ៉ា លើកទឹកចិត្ត Drogba ឲ្យ​ធ្វើ​នយោបាយ​ដើម្បី​មានឱកាស​ដឹកនាំ​ប្រទេស​ដូច​ខ្លួន​
21, Feb 2018 , 9:39 pm        
រូបភាព
លោក George Weah (ឆ្វេង) និង Didier Drogba នាជំនួបមួយនៅក្រុង Marseille ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៥។ រូបថត AFP
លោក George Weah (ឆ្វេង) និង Didier Drogba នាជំនួបមួយនៅក្រុង Marseille ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៥។ រូបថត AFP
​វីរបុរស​របស់​តោ​ខៀវ Chelsea និង​ជម្រើសជាតិ​កូត​ឌី​វ័រ កីឡាករ Didier Drogba ដែល​ត្រៀម​ចូលនិវត្តន៍​ពី​ជីវិត​ជា​កីឡាករ​បាល់ទាត់​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូលប្រឡូក​ក្នុង​ពិភព​នយោបាយ ពី​សំណាក់​ប្រធានាធិបតី​លី​បេ​រី​យ៉ា ដែលជា​អតីត​កីឡាករ​បាល់ទាត់​ម្នាក់​ផងដែរ​នោះ​។ នេះ​បើតាម​ការផ្សាយ​របស់ Goal.com ។​



​លោក George Weah អតីត​ម្ចាស់​ពាន Ballon d'Or និង​ខ្សែប្រយុទ្ធ Manchester City, Chelsea និង AC Milan លោក George Weah បាន​កាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​លី​បេ​រី​យ៉ា កាលពី​ថ្ងៃទី​១៦ ខែមករា កន្លងមក​។ អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ​៥១​ឆ្នាំនេះ បាន​ព្យាយាម​ផ្តល់​ប្រឹក្សា​ដល់​ម្ចាស់​ពាន​កីឡាករ​ល្អ​របស់​អាហ្វ្រិក​២​សម័យ Drogba ឲ្យ​ចូលធ្វើ​នយោបាយ​ដើម្បី​បម្រើប្រជាជន​របស់គេ​នៅ​ឆ្នាំនេះ​តែម្តង​។​
អត្ថបទទាក់ទង

Drogba មាន​វ័យ​៣៩​ឆ្នាំ បច្ចុប្បន្នកំពុង​ប្រកប​អាជីព​ឲ្យ​ក្លិប Phoenix Rising នៃ​លី​ក​បាល់ទាត់​កំពូល​អាមេរិក បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយនឹង​កម្មវិធី​សប្បុរសធម៌ រួមទាំង​ក្នុង​ប្រ័ព​ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាច្រើន​ទៀតផង​។ ទោះបីជា​យ៉ាងណាក៏ដោយ បើតាម​ការផ្សាយ​របស់ Africa News កីឡាករ Drogba បាន​និយាយថា គាត់​មិន​ចាប់អារម្មណ៍​ក្នុង​ជីវិត​នយោបាយ​នោះឡើយ​។​

Drogba បានចាត់ទុក​លោក Weah ជា​គម្រូ​របស់ខ្លួន ប៉ុន្តែ​កីឡាករ​រូបនេះ សុខចិត្ត​ជ្រើសរើស​ផ្លូវ​ជួយ​ប្រទេសជាតិ​តាម​រូបភាព​ផ្សេង​។ បច្ចុប្បន្ន Drogba ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​ម្នាក់​នៃ​ក្លិប Williamsville Athletic Club (WAC) នៃ​ក្របខណ្ឌ​កីឡាបាល់ទាត់​កំពូល​កូត​ឌី​វ័រ​ផងដែរ​៕


Tag:
 បាល់ទាត់​
  Didier Drogba
  George Weah
© រក្សាសិទ្ធិដោយ thmeythmey.com