កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Sevilla ថាក្រុមលោកនឹងតាមបិទ Sanchez ហើយរំពឹងថា Pogba អវត្តមាននៅយប់នេះ
× អ្នកចាត់ការទូទៅរបស់ Sevilla លោក Vincenzo Montella បាននិយាយបែបកំប្លែងថាក្រុមរបស់លោកនឹងដេញតាម«ចង» Alexis Sanchez ឲ្យជាប់ក្នុងការប្រកួតទល់នឹង Manchester United ពានរង្វាន់ UEFA Champions League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីថ្ងៃពុធទី២១ ចែកុម្ភៈ វេលាម៉ោង ២:៤៥នាទី [ម៉ោងនៅកម្ពុជា]។ នេះបើតាមការផ្សាយរបស់ BBC។
ខ្សែប្រយុទ្ធអន្តរជាតិស៊ីលី វ័យ២៩ឆ្នាំ ទើបតែស៊ុតបាល់បញ្ចូលទី១គ្រាប់ប៉ុណ្ណោះឲ្យបិសាចក្រហមក្នុងការបង្ហាញខ្លួន៥លើក ចាប់តាំងពីចាកចេញពី Arsenal កាលពីខែមករាកន្លងទៅ។
Montella បានលើកសរសើរពីអតីតកីឡាករ Udinese, Barcelona និង Arsenal រូបនេះថា៖«ខ្ញុំនៅចាំគាត់ គាត់លេងបានល្អណាស់កាលនៅអ៊ីតាលី។ គាត់បានអភិវឌ្ឍការលេងរបស់គាត់ជាច្រើនក្នុងអាជីព ហើយគាត់ពិតជាមានល្បឿនលឿនក្នុងការប្រយុទ្ធ។ ដូច្នេះហើយ ប្រហែលជាយើងអាចចាក់សោរគាត់ ឬត្រូវតាមចងគាត់ទើបបាន»។
ក្រៅពី Sanchez អតីតអ្នកចាត់ការ Samdoria និង AC Milan រូបនេះក៏បានព្រួយបារម្ភពីវត្តមានរបស់ Pual Pogba ដែរ ដោយលោកសង្ឃឹមថាខ្សែបម្រើសញ្ជាតិបារាំង នឹងមិនចូលលេងក្នុងការប្រកួតយប់នេះទេ។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលក្រុមមានមូលដ្ឋានក្នុងក្រុង Manchester បានឈានដល់វគ្គជម្រុះចាញ់ធ្លាក់នៃក្របខណ្ឌពានកំពូលអឺរ៉ុបនេះចាប់តាំងពីឆ្នាំ ២០១៤ មក ខណៈ Sevilla បានធ្លាក់ចេញក្នុងវគ្គនេះក្រោយចាញ់ Leicester City កាលពីរដូវកាលមុន៕
Tag:
បាល់ទាត់
UEFA Champions League
Manchester United
Alexis Sanchez
Sevilla
Montella
© រក្សាសិទ្ធិដោយ thmeythmey.com