អន្តរជាតិ
របប​សឹក​ថៃ​មិន​បារម្ភ​ដំណើរ​នៅ​ទ្វីបអាស៊ី​របស់​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល ស៊ីណា​វ៉ា​ត់​
22, Feb 2018 , 8:39 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​របប​យោធា​ថៃ​មិនមាន​ការបារម្ភ​អ្វី​ឡើយ​ចំពោះ​ដំណើរ​នៅ​តំបន់​អាស៊ី​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ។ អតីត​នាយករដ្ឋមន្ត្រី​ត្រកូល ថាក់ស៊ីន ដែលរ​ត់ទៅ​ក្រៅ​ស្រុក​ដើម្បី​គេច​ពី​ការកាត់ទោស​របស់​តុលាការ បាន​ជួប​ជាមួយ​មន្ត្រី​របស់​បក្ស​ភឿ​ថៃ​ជា​បន្តបន្ទាប់ ហើយ​ដែល​គេ​ជឿថា ជាការ​ប្រុងប្រៀប​សម្រាប់​ការបោះឆ្នោត​។ មន្ត្រី​បក្ស​ភឿ​ថៃ​ខ្លះ​អះអាងថា ជំនួប​ជាមួយ​លោក ថាក់ស៊ីន មិនមែនជា​រឿង​នយោបាយ​ឡើយ​។



​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​ប្អូនស្រី​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែលជា​អតីត​នាយករដ្ឋមន្ត្រី និង​កំពុង​រត់​ភៀសខ្លួន​ពី​ការកាត់ទោស បានធ្វើ​ដំណើរ​មក​តំបន់​អាស៊ី​ក្នុង​ខែកុម្ភៈ​នេះ​។ បងប្អូន​ត្រកូល ស៊ីណា​វ៉ា​ត់ បាន​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន រួច​បន្តទៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន មុន​ធ្វើដំណើរ​ទៅ​ក្រុង​ហុងកុង​។ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ គេ​ប្រទះឃើញ​អ្នកនយោបាយ​ទាំងពីរ​នេះ​នៅឯ​សណ្ឋាគារ​មួយ​នៅ​សិង្ហ​បុរី​។​

​យ៉ាងណាមិញ របប​សឹក​ថៃ​ហាក់​មិន​ចាប់អារម្មណ៍​វត្តមាន​របស់​អតីត​មេដឹកនាំ​ទាំងពីរ​នេះ​នៅ​អាស៊ី​ឡើយ​។ លោក Piyapong Klinpan អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិភាព និង​សណ្ដាប់ធ្នាប់ (NCPO) ដែល​កំពុង​ដឹកនាំ​ថៃ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា អាជ្ញាធរ​មិន​បារម្ភ​ពី​ដំណើរ​របស់​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល ស៊ីណា​វ៉ា​ត់ ទាំងពីរ​នាក់​ឡើយ តែ​នឹង​តាមដាន​បុគ្គល​ដែលមាន​ដីកាចាប់ខ្លួន​ប៉ុណ្ណោះ​។​

​ទាំង​លោក ថាក់ស៊ីន ទាំង​លោកស្រី យី​ង​ឡាក់ ជា​ប្អូនស្រី សុទ្ធតែ​អស់អំណាច​ដោយសារ​ក្រុម​យោធា​ដូចគ្នា​។ លោក ថាក់ស៊ីន ត្រូវ​កងទ័ព​ថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ​២០០៦ និងរ​ត់ទៅ​ក្រៅប្រទេស​នៅ​ឆ្នាំ​២០០៨ ក្រោយ​រង​ការចោទប្រកាន់​ពី​តុលាការ​។ ឯ​រដ្ឋាភិបាល​ស៊ីវិល​របស់​ដឹកនាំ​ដោយ​បក្ស​ភឿ​ថៃ​វិញ ក៏ត្រូវ​របប​សឹក​សព្វថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ក្នុង​ឆ្នាំ​២០១៤ ។ លោក ថាក់ស៊ីន តែង​ស្នាក់នៅ​ទីក្រុង​ឌូ​បៃ ចំណែក​លោកស្រី យី​ង​ឡាក់ ត្រូវបាន​អះអាងថា ស្នាក់នៅ​អង់គ្លេស​។​

​វត្តមាន​របស់​អតីត​នាយករដ្ឋមន្ត្រី​ទាំងពីរ​នេះ ត្រូវបាន​មន្ត្រី​បក្ស​ភឿ​ថៃ​និយាយថា មិន​ជាប់ទាក់ទង​រឿង​នយោបាយ​អ្វី​ឡើយ ទោះជា​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​បក្ស​ក្ដី​។ អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wattana Muagnsook និយាយថា ជំនួប​រវាង​លោក ថាក់ស៊ីន នៅ​ហុងកុង​មិនបាន​ផ្ដោតលើ​ប្រធានបទ​នយោបាយ​ឡើយ ព្រោះ​លោក ថាក់ស៊ីន បរទេស​យូរ​ឆ្នាំ​ហើយ ដូចនេះ​លោក​មិន​យល់​ពី​ស្ថានការណ៍​ក្នុងប្រទេស​ទេ​។​

​តាមពិតទៅ មន្ត្រី​បក្ស​ភឿ​ថៃ​ដែល​បាន​ជួប​ប្រាស្រ័យ​ជាមួយ​មេដឹកនាំ​របស់ខ្លួន​នៅ​បរទេស ហាក់​លាក់បាំង​គោលដៅ​នៃ​ជំនួប​នេះ ព្រោះ​ខ្លា​ចរង​ទោសទណ្ឌ​។ ច្បាប់​ស្ដីពី​បក្សនយោបាយ​ដែល​ចូល​ធរមាន​ឆ្នាំ​២០១៧ បាន​ហាម​បុគ្គល​ដែល​មិនមែនជា​សមាជិក​បក្ស គ្រប់គ្រង ឬក៏​បញ្ជា​បក្ស​ណាមួយ​។ នេះ​មានន័យថា បើ​ជំនួប​ជាមួយ​លោក ថាក់ស៊ីន និយាយ​រឿង​នយោបាយ សមាជិក​បក្ស​ដែល​ធ្វើដំណើរ​ទៅ​ជួប​លោក​នៅ​បរទេស​ពិតជា​ជួប​បញ្ហា​មិន​ខាន​៕

Tag:
 ថៃ​
  ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​
  យី​ង​ឡាក់​
  ស៊ីណា​វ៉ា​ត់
© រក្សាសិទ្ធិដោយ thmeythmey.com