ជាតិ
សេដ្ឋកិច្ច
ថៃនាំទំនិញចូលកម្ពុជាជាង ៥,២ពាន់លានដុល្លារ, កម្ពុជានាំចេញទៅវិញត្រឹម ៩រយលាននៅឆ្នាំ២០១៧
× ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មកម្ពុជា-ថៃ ក្នុងឆ្នាំ២០១៧ មានទំហំទឹកប្រាក់ ៦១៦៤ លានដុល្លារអាមេរិក កើនឡើង ១០ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួន ៥៦០៩ លានដុល្លារ។ នេះបើតាមរបាយការណ៍ពីស្ថានទូតថៃប្រចាំកម្ពុជា ដែលចុះផ្សាយដោយសារព័ត៌មាន Fresh News នៅថ្ងៃទី២១ខែកុម្ភៈ។
បើតាមរបាយការណ៍ខាងលើ ទំហំពាណិជ្ជកម្មទ្វេភាគីជាង ៦ពាន់លានដុល្លារនេះ ការនាំចូលរបស់ថៃ មានទំហំយ៉ាងសន្ធឹកសន្ធាប់ ធៀបនឹងការនាំចេញពីកម្ពុជាទៅថៃ។ ទឹកប្រាក់នាំទំនិញពីថៃមានចំនួន ៥២៦៩ លានដុល្លារនៅឆ្នាំ២០១៧ កើនឡើងជិត ១៣ភាគរយ ធៀបនឹងឆ្នាំ២០១៦ ខណៈការនាំចេញពីកម្ពុជាទៅវិញមានចំនួន ៨៩៤លានដុល្លារ ធ្លាក់ចុះ ៥ភាគរយ។ ចំនួននេះបង្ហាញឲ្យឃើញថា ការដោះដូរទំនិញរវាងប្រទេសទាំងមានទំហំថវិកាខុសគ្នាជិត ៦ដង។
ផលិផលរបស់ប្រទេសថៃ ដែលនាំចូលកម្ពុជា ភាគច្រើនគឺជា គ្រឿងឧបភោគបរិភោគ ឧបករណ៍អេឡិចត្រូនិក គ្រឿងសម្អាង គ្រឿងចក្រ ប្រេងឥន្ធនៈ ជាដើម។ ឯកម្ពុជានាំចេញទៅវិញ ជាកសិផល មានជាអាទិ៍ ដំឡូងមី ពោត សណ្ដែត៕
© រក្សាសិទ្ធិដោយ thmeythmey.com