ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ តែងតាំង​សម្ដេច អរុណរស្មី និង​លោកស្រី អ៊ុំ សូម៉ា​នី​ន ជា​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤
21, Feb 2018 , 10:29 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេចនរោត្តម អរុណរស្មី
រូបពីហ្វេសប៊ុកសម្ដេចនរោត្តម អរុណរស្មី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះមហាក្សត្រ បង្គាប់​តែងតាំង​សម្ដេច​នរោត្តម អរុណរស្មី និង​លោកស្រី អ៊ុំ សូម៉ា​នី​ន ជា​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤​នេះ ។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​១៩ កុម្ភៈ​។​


 
​អាសនៈ​ក្នុង​ព្រឹទ្ធសភា មាន​ចំនួន​៦២ សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៤​។ រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​កំណត់ថា​៖ «​សមាជិក​ព្រឹទ្ធសភា​២​រូប ត្រូវបានចាត់តាំង​ដោយ​ព្រះមហាក្សត្រ ហើយ​សមាជិក​២​រូប​ទៀត ត្រូវ​រដ្ឋសភា ជ្រើសតាំង​តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប​។ រីឯ​សមាជិក​ព្រឹទ្ធសភា​ទាំង​៥៨ គឺ​កើត​ចេះ​ពី​ការបោះឆ្នោត​អសកល​»​។​
 
​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ កុម្ភៈ ដោយមាន​គណបក្ស​ចំនួន​៤​ចូលរួម​ប្រកួតប្រជែង គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ត្រូវ​ជ្រើស​ដោយ​ការបោះឆ្នោត​អសកល ហើយ​អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោត គឺជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់ ក្នុង​តំណែង នៅក្នុង​ក្របខណ្ឌ​នៃ​ភូមិភាគ​នីមួយៗ​។ អង្គ​បោះឆ្នោត​ទាំង​២៥​រាជធានី​-​ខេត្ត សរុប​ចំនួន ១១,៦៩៥​នាក់​៕

Tag:
 ព្រះមហាក្សត្រ​
  នរោត្តម អរុណរស្មី​
 ​ព្រឹទ្ធសភា​
© រក្សាសិទ្ធិដោយ thmeythmey.com