ពីនេះ ពីនោះ
សញ្ញា​លេខទោ​«​ៗ​»​ប្រើ​ក្នុង​ភាសា​ខ្មែរ​មានន័យ​បែបណា​?
24, Feb 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
សញ្ញា​លេខទោ «​ៗ​» នេះ​សម្រាប់​ប្រើ​ចំពោះ​ផ្ទួន​ពាក្យ ដែល​ត​ម្រួ​វ​ឱ្យ​ថា ឬ​អាន​ពីរដង និង​សម្រាប់​បញ្ជាក់​ន័យ​អំពី​ចំនួន​ច្រើន ឬ​ពហុវចនៈ​។



​តាម​វេយ្យាករណ៍​ខ្មែរ សញ្ញា «​ៗ​»​នេះ ក៏​សម្រាប់​ប្រើតែ​ពាក្យ​ដែលមាន​មួយ​ព្យាង្គ ដែល​ជំនួស​ពាក្យ​ដែលមាន​ច្រើន​ម៉ាត់ ដូចជា​ពាក្យ ផ្សេងៗ​, ដដែលៗ​, ខុសៗ​គ្នា​, ដោយឡែកៗ​, ខ្លីៗ​, ថ្មីៗ​, ចាស់ៗ​។​ល​។

​យ៉ាងណាមិញ សញ្ញា​«​ៗ​» មិនមែន​កំណត់ថា គ្រប់​ពាក្យ​ដែល​ត្រូវ​ថា ឬ​អាន​ពីរដង ត្រូវតែ​ដាក់​សញ្ញា​«​ៗ​» ទាំងអស់​នោះទេ​។ ពាក្យ​បាលី​ខ្លះ​ដែល​មិន​ទាមទារ​ឱ្យមាន​ការប្រើ​សញ្ញា​«​ៗ​»​នេះឡើយ ពាក្យ​ទាំងនោះ មានដូចជា នានា​, ធម្ម​សង្វេគ ជាដើម​។ 

​ចំពោះ​ពាក្យ​ខ្មែរ​ផ្សេងទៀត ដែលមាន​សូរសព្ទ​សំឡេង​ដូចគ្នា​ដដែលៗ​ពីរដង មិន​តម្រូវឱ្យមាន​សញ្ញា​«​ៗ​»​ជា​ដាច់​ខាន គឺ បបរ​, កករ ត្រូវតែ​សរសេរ​ពីរដង​ជា​ដរាប​។ តែ​ហាម​ដាច់ខាត​មិនឱ្យ​សរសេរ បរៗ​, ករៗ​បែបនេះ​ឡើយ​។

​បន្ថែម​ពីនេះ​ទៅទៀត សញ្ញា​«​ៗ​» មិនអាច​ប្រើពាក្យ​ដដែល​ច្រើនដង ដែល​ពណ៌នា​អំពី​រូបរាង​មនុស្ស ឬ​សត្វ​បានឡើយ តួយ៉ាង​ដូចជា ធាត់​ទ្រលុក​លុក​, មុខ​ឡើង​កំប្លង់​ប្លង់ ដូច​វង់​ចន្ទ្រា , ស្គមកំព្រឹង​ព្រឹង​។ មិនត្រូវ​សរសេរ​ជា ធាត់​ទ្រលុកៗ​,​មុខ​ឡើង​កំប្លង់ៗ​ដូច​វង់​ចន្ទ្រា ឬ​ស្គមកំព្រឹងៗ​ទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com