ជាតិ
លោក ដួង ឈីវ អ្នកជំនួញដ៏ល្បីឈ្មោះ ទទួលមរណភាពក្នុងអាយុ៧៧ឆ្នាំ លោក ដួង ឈីវ
× លោក ដួង ឈីវ អតីតប្រធានសមាគមខ្មែរ-ចិន និងជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់នៅកម្ពុជា បានទទួលមរណភាពក្នុងអាយុ៧៧ឆ្នាំ កាលពីវេលាម៉ោង១ និង២៥នាទីយប់ឈានចូលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយរោគាពាធ។
លោក ដួង ឈីវ ស្ថាបនិកក្រុមហ៊ុន ឈីវទិម៉ិច គ្រុប (Chhivtimex Group) ដែលវិនិយោគលើវិស័យជាច្រើន ដូចជា ការនាំចេញ-នាំចូល ការអភិវឌ្ឍន៍វិនិយោគអចលនទ្រព្យ កសិកម្ម សំណង់ ទេសចរណ៍ ធានារ៉ាប់រង និងដឹកជញ្ជូនជាដើម។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវភ្នំដិន (Duong Chhiv Phnom Den SEZ) ដែលស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនេះ ក្រុមហ៊ុន ដួង ឈីវ សហប្រតិបត្តិការអភិវឌ្ឍន៍ភ្នំដិន ខូអិលធីឌី ទទួលបានសិទ្ធិយ៉ាងពេញក្នុងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី លើគម្រោងអភិវឌ្ឍន៍ផ្សេងៗ ។
កើតនៅខេត្តកំពង់ចាម លោក ដួង ឈីវ ជាកូនទីពីរក្នុងចំណោមបងប្អូន៣នាក់។ លោកបានឆ្លងកាត់ការសិក្សានៅប្រទេសចិនដែលស្រុកកំណើតរបស់ឪពុក រួមទាំងបានបន្តការសិក្សានៅហុងកុង២ឆ្នាំ មុនត្រឡប់មកកាន់កម្ពុជា។
ក្នុងនាមជាកូនចៅចិន លោក ដួង ឈីវ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសហគមន៍ចិននៅកម្ពុជា។ យោងតាមប្រវត្តិរូបរបស់លោក ដែលផ្សាយនៅលើគេហទំព័រក្រុមហ៊ុន ឈីវទិម៉ិច គ្រុប លោក ដួង ឈីវ ត្រូវបានតែងតាំងជាប្រធានសមាគមខ្មែរ-ចិន (ទាជីវ) ហើយនៅឆ្នាំ១៩៩៤ដដែល លោកត្រូវបានសម្តេចព្រះវររាជបិតា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ផ្តល់គោរមងារជាឧកញ្ញ៉ា ។
លោកធ្លាប់ធ្វើជានាយកកាសែតចិន ជានហ្វា និងជាអតីតទីប្រឹក្សាសម្តេច ជា ស៊ីម ឋានៈស្មើរដ្ឋលេខាធិការ ផងដែរ។ នៅក្នុងសហគមន៍ខ្មែរ-ចិន តួនាទីសំខាន់ៗដែលលោក ដួង ឈីវ ធ្លាប់កាន់កន្លងមករួមមាន សមាជិកអចិន្ត្រៃយ៍នៃសមាគមទំនាក់ទំនងបរទេសនៅចិន សមាជិកអចិន្ត្រៃយ៍នៃសមាគមចិននៅប្រទេសចិន ប្រធានមូលនិធិសម្រាប់ការអភិវឌ្ឍន៍វប្បធម៌ចិននៅកម្ពុជា អគ្គលេខាធិការរងនៃសមាគមបងប្អូនចិននៅវៀតណាម កម្ពុជា ឡាវ និងនៅលើពិភពលោក។
លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី សាត ណាវី កាលពីអាយុជាង២០ឆ្នាំ មុននឹងចាប់ដៃគ្នារកស៊ីបើកក្រុមហ៊ុនវាយណភណ្ឌ នៅពេលដែលលោកមានអាយុ២៦ឆ្នាំ។ ពួកគាត់មានកូនប្រុស៤នាក់ រួមមានលោក ដួង ហេង លោក ដួង តិច លោក ដួង ស្រ៊ុន និងលោក ដួង វិបុល។
ពិធីបុណ្យសពរបស់ឧកញ៉ា ដួង ឈីវ ប្រព្រឹត្តនៅគេហដ្ឋានរបស់លោកក្រោយព្រះបរមរាជវាំងរហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ មុននឹងដង្ហែទៅបញ្ចុះនៅជិតទីលានថ្មដារត្រកូលយ៉ាងនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com