អន្តរជាតិ
កាមេរ៉ា​ថត​សត្វ​ខ្លាឃ្មុំ បង្ហាញថា​សត្វ​ខ្លាឃ្មុំ​ទឹកកក​រង​ភាពអត់ឃ្លាន​ខណៈដែល​ទឹកកក​អាក​ទិ​ក​កាន់តែ​រួម​តូច​ទៅៗ
22, Feb 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​តាមរយៈ​កាមេរ៉ា​ថត​សត្វ​ខ្លាឃ្មុំ និង​ឧបករណ៍​តាមដាន​សកម្មភាព​ដែល​បាន​បំពាក់​ជាប់​នឹង​ក​របស់​សត្វ​ខ្លាឃ្មុំ​៩​ក្បាល ក្រុម​អ្នកស្រាវជ្រាវ​បាន​តាមដាន​សកម្មភាព​ប្រចាំថ្ងៃ​របស់​សត្វ​ទាំងនោះ​ជាង​មួយ​សប្តាហ៍​នៅ​អំឡុង​រដូវ​កាល​មមាញឹក​នឹង​ការរក​ចំណី​ក្នុង​ទន្លេ Beaufort ខាងលើ​រដ្ឋ Alaska​។​



​ខ្លាឃ្មុំ​ទឹកកក​៥​ក្បាល​ក្នុងចំណោម​គ្នា​វា​ទាំង​៩​ក្បាល បាន​ស្រក​ទម្ងន់​ក្នុង​រយៈកាល​នៃ​ការស្រាវជ្រាវ​នេះ​។ ចំណី​ដែល​ពួកវា​រកបាន​មិនអាច​ទប់ទល់​ជាមួយនឹង​កាឡូរី​ដែល​ពួកវា​បាន​ប្រឹង​ដើររក​ចំណី​នោះទេ​។​

​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​បោះពុម្ពផ្សាយ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ បាន​ចោទសួរ​អំពី​អនាគត​នៃ​ក្រុម​សត្វ​ដែល​ស៊ីសាច់​ជា​អាហារ​នេះ​។ នៅពេលដែល​អាកាសធាតុ​ប្រែប្រួល​ធ្វើ​ឲ្យ​ទីកន្លែង​សម្រាប់​ស្វែងរក​ចំណី​របស់​សត្វ​នេះ​ថយចុះ ហេតុនេះហើយ​បានជា​ក្រុម​អ្នកវិទ្យាសាស្ត្រ​គិតថា ក្រុម​ខ្លាឃ្មុំ​ទឹកកក​នឹងមាន​ការលំបាក​កាន់តែខ្លាំង​ក្នុងការ​ស្វែងរក​ចំណី​។​

​សត្វ​ភេ​សមុទ្រ គឺ​អាហារ​សម្រាប់​សត្វ​ខ្លាឃ្មុំ​ទឹកកក​

​ខ្លាឃ្មុំ​ទឹកកក​បាន​ចំណាយពេល​ជាច្រើន​នៅលើ​ផ្ទាំង​ទឹកកក​អណ្តែត​លើ​សមុទ្រ ជាទី​ដែល​ពួកវា​ងាយស្រួល​ស្វែងរក​ចំណី​ដ៏​ឆ្ងាញ់​របស់​ពួកវា ក្នុងនោះ​មានដូចជា​ពពួកសត្វ​ភេ​សមុទ្រ​ធាត់ៗ​។​

​ក៏ប៉ុន្តែ​ផ្ទាំង​ទឹកកក​អណ្តែត​លើ​សមុទ្រ​កំពុង​រួម​តូច​ទំហំ​១៤​ភាគរយ​ក្នុង​រយៈពេល​មួយ​ទសវត្ស នៅ​ខណៈដែល​ភពផែនដី​កាន់តែ​ក្តៅ​ឡើងៗ​។ ផ្ទាំង​ទឹកកក​ចាប់ផ្តើម​រលាយ​នៅ​ដើមរដូវ​ផ្កា​រីក និង​កក​វិញ​នៅ​ចុងរដូវ​ស្លឹកឈើ​ជ្រុះ​។​

​ចំនួន​ខ្លាឃ្មុំ​ទឹកកក កំពុងតែ​ថយចុះ​។ ជំពូក​សត្វ​នេះ មិន​ស្ថិតក្នុង​ក្រុម​សត្វ​ងាយ​ផុត​ពូជ​នោះទេ ប៉ុន្តែ​ពួកវា​ងាយ​នឹងរង​គ្រោះ​ណាស់ នេះ​បើតាម​ការសិក្សា​ដោយ​​អង្គការ​សហភាព​អន្តរជាតិ​ដើម្បីការ​អភិរក្ស​ធម្មជាតិ International Union for Conservation of Nature​។ ការណ៍​នេះ​មានន័យថា ចំនួន​សត្វ​ខ្លាឃ្មុំ​ទឹកកក នឹង​ធ្លាក់ចុះ​៣០​ភាគរយ ឬ​ច្រើនជាង​នេះ​ក្នុង​រយៈ​កាលបី​ជំនាន់​នៃ​សត្វ​ខ្លាឃ្មុំ​ទឹកកក​។​

​ប៉ុន្តែ​ការសិក្សា​នេះ​មិនបាន​បង្ហាញ​ច្បាស់​ទេ​ថា ការធ្លាក់ចុះ​នេះ​បណ្តាលមកពី​សត្វ​ខ្លាឃ្មុំ​ទឹកកក​ទាំងនោះ​ខកខាន​មិនបាន​ចាប់​សត្វ​ភេ​សមុទ្រ​ស៊ី​គ្រប់គ្រាន់ ឬក៏​ពួកវា​ត្រូវធ្វើ​ការ​ឲ្យ​ខ្លាំង​ជាង​នេះ និង​ធ្វើដំណើរ​ឲ្យ​ឆ្ងាយ​ជាង​នេះ​ដើម្បី​ស្វែងរក​ចំណី​នោះ​។​

​ដោយហេតុ​ដូច្នេះហើយ បានជា​ជីវ​វិទូ លោក Anthony Pagano នៃ​ស្ថាប័ន​អង្កេត​ភូមិសាស្ត្រ​ស​.​រ​.​អា​. និង​ក្រុមការងារ​របស់លោក​បាន​ចេញ​ធ្វើការ​ស្រាវជ្រាវ​នៅ​តំបន់​សមុទ្រ​ដែល​គ្របដណ្តប់​ដោយ​ផ្ទាំង​ទឹកកក និង​ថតរូប​ដើម្បី​តាមដាន​ខ្លាឃ្មុំ​ទឹកកក​ទាំង​៩​ក្បាល​តាមរយៈ​គ្រាប់​ព្រួញ​ម្ជុល​។​

​ក្រុម​អ្នកស្រាវជ្រាវ​ទាំងនេះ​បាន​ថ្លឹង​ទម្ងន់​សត្វ​ខ្លាឃ្មុំ​ទឹកកក និង​បាន​យក​សំណាក​ឈាម​ពួកវា​ទៅធ្វើ​ការសិក្សា​ពី​ដំណើរការ​បំ​លែង​អាហារ​ទៅជា​ថាមពល​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​បំពាក់​កាមេរ៉ា ឧបករណ៍ GPS និង​ឧបករណ៍​តាមដាន​ចលនា​ជាប់​នឹង​ក​ខ្លាឃ្មុំ​នីមួយៗ​។​

​ប្រហែលជា​១០​ថ្ងៃ​ក្រោយមក ក្រុម​អ្នកស្រាវជ្រាវ​បាន​ចាប់​សត្វ​ខ្លាឃ្មុំ​ទឹកកក និង​បាន​យក​ឧបករណ៍​វាស់វែង និង​យក​កាមេរ៉ា​នោះ​ចេញ​វិញ​។​

​ជីវ​វិទូ​លោក Pagano បាន​និយាយថា ពេល​មើល​ខ្សែ​វីដេអូ​នោះ «​វា​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​»​។ សត្វ​ខ្លាឃ្មុំ​ទឹកកក បាន​ចំណាយពេល​ស្ទើរតែ​មួយជីវិត​នៅលើ​តំបន់​ដាច់​សង្វែង​នានា ហេតុដូច្នេះ​ហើយ​បានជា​ក្រុម​អ្នកស្រាវជ្រាវ​កម្រ​បានឃើញ​ជីវិត​រស់នៅ​របស់​វា​ណាស់​។​

​ទោះជា​យ៉ាងណាក៏ដោយ ក្រុម​ស្រាវជ្រាវ​របស់លោក Pagano នៅតែ​អាច​រកឃើញ​សត្វ​ខ្លាឃ្មុំ​ទឹកកក​ទាំង​នោះបាន​។ ពួកគេ​ឃ្លាំមើល​ពី​របៀប​ដែល​ពួកវា​ចាប់​ចំណី​។ ពួកគេ​ឃ្លាំមើល​សត្វ​ខ្លាឃ្មុំ​បង្កាត់​ពូជ​។ ក៏ប៉ុន្តែ​ភាគច្រើន ក្រុម​អ្នកស្រាវជ្រាវ​ឃ្លាំមើល​ពួកវា​អង្គុយ​។​

​លោក Pagano បាន​និយាយថា​៖ «​សត្វ​ខ្លាឃ្មុំ​ទឹកកក​ទាំងនេះ បញ្ចេញ​សកម្មភាព​ប្រហែល​៣៥​ភាគរយ មានន័យថា​ពួកវា​សម្រាក​ប្រហែល​៦៥​ភាគរយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកវា​។ នេះ​មានន័យថា ប្រសិនបើ​លោកអ្នក​មើល​ខ្សែ​វីដេអូ​នៃ​សត្វ​ខ្លាឃ្មុំ និង​ផលិត​ឯកសារ​អំពី​អាកប្បកិរិយា​របស់​វា លោក​អ្នកនឹង​ចំណាយពេល​ដ៏​ច្រើន​មើល​ពួកវា​សម្រាក​»​។​

​វិបត្តិ​របប​ចំណី​

​ការស្រាវជ្រាវ​បាន​រកឃើញ​របប​គំហើញ​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ទម្ងន់​ដែល​សត្វ​ខ្លាឃ្មុំ​ទឹកកក​បាន​ប្រែប្រួល​ក្នុង​រយៈពេល​ខ្លី​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ឃ្លាំមើល​។​

​ខ្លាឃ្មុំ​ទឹកកក​៥​ក្បាល​មិនបាន​ចាប់​ចំណី​អ្វី​ឡើយ​ក្នុងអំឡុង​ពេលដែល​ពួកវា​ស្ថិតក្នុង​ការតាមដាន​។ ខ្លាឃ្មុំ​៤​ក្បាល​បាន​ស្រក​ទម្ងន់​ប្រហែល​១០​ភាគរយ​។​

​ចំពោះ​ខ្លាឃ្មុំ​ដែលមាន​ទម្ងន់​១៨០​គីឡូក្រាម លោក Pagano បាន​និយាយថា​៖ «​លោកអ្នក​អាច​និយាយបានថា ពួកវា​ស្រក​ទម្ងន់​ប្រហែល​១៨ ទៅ​២០​គីឡូក្រាម​ក្នុង​រយៈពេល​១០​ថ្ងៃ​។ នេះ​គឺជា​ការ​ស្រក​ទម្ងន់​មួយ​ដ៏​ច្រើន​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​»​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​សិក្សា​ក្រុម​សត្វ​ខ្លាឃ្មុំ​ទឹកកក​នៅ​ខែមីនា និង​ខែមេសា គឺ​មុនពេល​ផ្ទាំង​ទឹកកក​លើ​សមុទ្រ​ចាប់ផ្តើម​រលាយ​។ លោក​បាន​បន្ថែមថា​៖ «​ពេលនេះ​ជា​ពេលដែល​សត្វ​ខ្លាឃ្មុំ​ទាំងនោះ​អាច​រក​ចំណី​បាន​ច្រើន​ដើម្បី​អាច​ឲ្យ​ពួកវា​រស់នៅ​បន្តទៀត​»​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏បាន​រកឃើញ​ផងដែរ​ថា ដំណើរការ​បំ​លែង​អាហារ​ទៅជា​ថាមពល​របស់​សត្វ​ខ្លាឃ្មុំ ត្រូវ​ចំណាយពេល​ជាង​មួយដង​កន្លះ​ច្រើនជាង​ការប៉ាន់ស្មាន​កាលពី​លើក​មុន​។​

​លោក Pagano បាន​ពន្យល់ថា​៖ «​សត្វ​ខ្លាឃ្មុំ​ទឹកកក​ចាំបាច់​ត្រូវ​ចាប់​ភេ​សមុទ្រ​ឲ្យ​បាន​ច្រើន​»​។ លោក​បន្ថែមថា នៅពេលដែល​ផ្ទាំង​ទឹកកក​សមុទ្រ​នៅ​បន្ត​រួម​តូច និង​ឆាប់​រលាយ​នោះ វា​នឹងធ្វើ​ឲ្យ​សត្វ​ខ្លាឃ្មុំ​កាន់តែ​មានការ​លំបាក​កាន់តែខ្លាំង​។​

​លោក Pagano បាន​សម្គាល់​ឃើញថា ហ្វូង​សត្វ​ខ្លាឃ្មុំ​ទឹកកក​នៅ​តំបន់​ផ្សេងៗ​ទៀត​នៃ​តំបន់​ទឹកកក​អាក​ទិ​កបាន​ចំណាយពេល​ជាច្រើន​នៅលើ​ដី​ច្រើនជាង​ក្រុម​សត្វ​ខ្លាឃ្មុំ​ដែល​លោក​សិក្សា​នៅ​សមុទ្រ Beaufort Sea​។ ប្រសិនបើ​ផ្ទាំង​ទឹកកក​សមុទ្រ​រលាយ​អស់​នៅក្នុង​រដូវក្តៅ នោះ​សត្វ​ខ្លាំ​ឃ្មុំ​ទឹកកក​ភាគច្រើន​ទំនងជា​នឹងត្រូវ​ផ្លាស់​ទី​ទៅលើ​ដី​វិញ​។​

​លោក Pagano បាន​បន្ថែមថា អ្វីដែល​នៅតែ​ជា​អាថ៌កំបាំង​នោះ​គឺ តើ​ដែន​ដីគោក​អាចជួយ​ឲ្យ​សត្វ​ខ្លាឃ្មុំ​ទាំងនោះ​រស់នៅ​ស្ថិតស្ថេរ​បាន​ប៉ុណ្ណា​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com