អន្តរជាតិ
អាល្លឺម៉ង់បារម្ភឥទ្ធិពលចិននៅតំបន់បាល់កង់ អធិការបតីអាល្លឺម៉ង់ Angela Merkel (រូបភាព៖ AFP)
× អធិការបតីអាល្លឺម៉ង់ អែនជែឡា មើហ្គែល (Angela Merkel) បានព្រមានពីការកើនឡើងឥទ្ធិពលរបស់ចិននៅតំបន់បាល់កង់។ ចិនបានបោះលុយរាប់លានដុល្លារដើម្បីវិនិយោគ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះ ជាពិសេសក្រោមក្របខណ្ឌ «គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ។ លោកស្រី មើហ្គែល បានប្រាប់ឲ្យចិនកុំយករឿងពាណិជ្ជកម្មសេរីដើម្បីបិទបាំងមហិច្ឆតានយោបាយរបស់ខ្លួន។
វត្តមានរបស់ចិននៅតំបន់បាល់កង់ ក្លាយជាបញ្ហាឈឺក្បាលសម្រាប់តំបន់អឺរ៉ុប។ ចិនបានជះលុយរាប់រយលានដុល្លារក្នុងគម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធធំៗនៅតាមប្រទេសនានានៃតំបន់បាល់កង់ជាប់សមុទ្រខ្មៅ ក្រោមគម្រោងផ្លូវសូត្រសតវត្សរ៍ទី២១ ។ ឥទ្ធិពលរបស់ចិនបានកើនឡើងជាលំដាប់នៅក្នុងតំបន់ដែលជួបបញ្ហាផ្នែកហិរញ្ញវត្ថុមួយនេះ ដែលរឿងនេះធ្វើឲ្យរដ្ឋសមាជិកអឺរ៉ុបប្លុកខាងលិចបារម្ភខ្លាំងពីការបែកបាក់របស់អឺរ៉ុប។
អធិការបតីអាល្លឺម៉ង់លោកស្រី អែនជែឡា មើហ្គែល បានព្រមានចិនមិនត្រូវភ្ជាប់ការរកស៊ីទៅនឹងរបៀបវារៈនយោបាយឡើយ។ ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីម៉ាសេដ្វាន Zoran Zaev ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បញ្ជាក់ថា លោកស្រីមិនជំទាស់ឡើយនឹងការវិនិយោគ ឬការរកស៊ីរបស់ចិននៅបាល់កង់ ព្រោះជាពាណិជ្ជកម្មសេរី។ ប៉ុន្តែលោកស្រីបានស្នើឲ្យចិនបើកចំហពាណិជ្ជកម្មរបស់ខ្លួនផង ព្រោះវាជាការរកស៊ីទៅមក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
តើទំនាក់ទំនងសេដ្ឋកិច្ចត្រូវបានភ្ជាប់ទៅនឹងរឿងនយោបាយឬ? នេះជាសំណួររបស់លោកស្រី មើហ្គែល ទៅកាន់ចិនជុំវិញការបោះទុនរាប់រយលានដុល្លារនោះ ដោយបន្ថែមថា ការភ្ជាប់រឿងសេដ្ឋកិច្ចទៅនឹងរឿងនយោបាយ មិនមែនជាគោលការណ៍នៃពាណិជ្ជកម្មសេរីឡើយ។
ក្រោមក្របខណ្ឌផ្លូវសូត្រថ្មី ចិនបានផ្ដល់ជំនួយ និងវិនិយោគលើតភ្ជាប់តំបន់អាស៊ី និងអឺរ៉ុប ដែលធ្វើឲ្យរដ្ឋអឺរ៉ុបផ្សេងទៀតបារម្ភកាន់តែខ្លាំងពីការកើនឥទ្ធិពលរបស់ចិន។ តំបន់បាល់កង់ ដែលចិនដាក់ទុនវិនិយោគសន្ធឹកសន្ធាប់លើវិស័យសំខាន់ៗ និងទើបទិញកំពង់ផែរបស់ក្រិកមួយស្រេច។ ជាមួយទឹកលុយរបស់ចិន ប្រទេសតំបន់បាល់កង់ហាក់បានការពារប្រយោជន៍របសចិនក្នុងតំបន់អឺរ៉ុបពាក់ព័ន្ធសិទ្ធិមនុស្ស និងពាណិជ្ជកម្ម។
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលទើបទស្សនកិច្ចនៅចិន ក៏បានព្រមានពីការបើកចំហខ្លាំងពេករបស់រដ្ឋតំបន់អឺរ៉ុបខ្លះ។ លោក ម៉ាក្រុង បញ្ជាក់ថា ប្រទេសអឺរ៉ុបបានទទួលផលប្រយោជន៍ចិនខ្លាំង ហើយពេលខ្លះវាធ្វើឲ្យអឺរ៉ុបខាតបង់ទៅវិញ។ តាមពិតទៅ ចិនអាចបញ្ជ្របឥទ្ធិពលបាន ក៏ព្រោះរដ្ឋតំបន់អឺរ៉ុបទាំងនោះខ្វះធនធានដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដូចនេះទឹកប្រាក់របស់ចិន ពិតជាធ្វើឲ្យប្រទេសពិបាកប្រកែកណាស់៕
Tag:
អាល្លឺម៉ង់
ចិន
បាល់កង់
© រក្សាសិទ្ធិដោយ thmeythmey.com