អន្តរជាតិ
លោក ទ្រូដូ ទាត់ចោលការចោទប្រកាន់កាណាដា គាំទ្រចលនាផ្តាច់ខ្លួននៅឥណ្ឌា នាយករដ្ឋមន្ត្រីកាណាដា និងភរិយា ព្រមទាំងកូនក្នុងពេលទស្សនកិច្ចនៅឥណ្ឌា (រូបភាព៖ AFP)
× វត្តមានរបស់នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ( Justin Trudeau) ក្លាយជាប្រធានបទនៃការជជែកដេញដោលគ្នា។ អ្នករិះគន់យល់ថា រដ្ឋាភិបាលឥណ្ឌាហាក់ដូចជា ព្រងើយកន្តើយចំពោះទស្សនកិច្ចប្រមុខរដ្ឋាភាបាលកាណាដានេះ ដោយសារកាណាដា មានជាប់ពាក់ព័ន្ធការគាំទ្រចលនាផ្តាច់ខ្លួន Khalistan នៅរដ្ឋ Punjab កន្លងមក។ យ៉ាងណាមិញ ក្នុងពេលទស្សនកិច្ចនេះ លោក ទ្រូដូ បានឆ្លៀតបកស្រាយពីការយល់ច្រឡំ និងទុក្ខកង្វល់របស់ឥណ្ឌា ហើយលោកប្រកាសដោយចំហថា កាណាដា គាំទ្រពេញទំហឹងចំពោះឯកភាព និងសាមគ្គីភាពរបស់ឥណ្ឌាដែរ។
នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ ទស្សនកិច្ចរបស់អ្នកនយោបាយវ័យក្មេងរូបនេះមានអមដំណើរដោយភរិយា និងកូនប្រុសស្រីបីនាក់ផងដែរ។ យ៉ាងណាមិញ ពេលអញ្ជើញទៅដល់ក្រុងញ៉ូវដែលី គេមិនឃើញមាននាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ឬមន្ត្រីជាន់ខ្ពស់តំណាងឲ្យរដ្ឋាភិបាលលោកទៅស្វាគមន៍ឡើយ។ ផ្ទុយទៅវិញ ក្រុងញ៉ូវដែលីបញ្ជូនត្រឹមរដ្ឋមន្ត្រីថ្នាក់ទាបទៅទទួលដំណើរនេះទៅវិញ។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបកស្រាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី បង្ហាញការព្រងើយកន្តើយដាក់នាយករដ្ឋមន្ត្រីកាណាដា ដែលជាភ្ងៀវលំដាប់ខ្ពស់នោះ។ លោក ម៉ូឌី មិនបានអញ្ជើញទៅទទួលស្វាគមន៍លោក ទ្រូដូ ដូចដែលលោកធ្លាប់ធ្វើចំពោះប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ឬនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមិន ណេតាន់យ៉ាហ៊ូនោះឡើយ។
យ៉ាងណាមិញ សមាជិកគណៈកម្មការប្រតិបត្តិរបស់បក្សកាន់អំណាច Bharatiya Janata ( BJP) បានព្យាយាមបកស្រាយ និងបញ្ចប់ការយល់ឃើញអវិជ្ជមានចំពោះឥណ្ឌាដែលមិនស្វាគមន៍រាក់ទាក់ដាក់នាយករដ្ឋមន្ត្រីកាណាដា ហើយវាអាចបង្កឲ្យមានការថ្នាំងថ្នាក់ផ្នែកការទូតផងនោះ។
លោក Seshadri Chari បានបញ្ជាក់ដូច្នេះ៖«ខ្ញុំមិនគិតថា វាជាការព្រងើយកន្តើយឡើយ។ យើងឲ្យតម្លៃមិត្តភាពរវាងឥណ្ឌានិងកាណដាខ្ពស់ណាស់»។
ត្រឡប់មកវិញ នៅថ្ងៃដំបូងនាយករដ្ឋមន្ត្រីកាណាដា ទៅទស្សនាប្រាសាទ Taj Mahal មុននឹងបន្តជួបជាមួយមន្ត្រីឥណ្ឌាមួយចំនួនក្នុងនោះមានប្រមុខរដ្ឋាភិបាលរដ្ឋ Punjab ផង។ នៅថ្ងៃសុក្រ ទី ២៣ ខែកុម្ភៈឯណោះ ទើបលោក ទ្រូដូ អាចបន្តជួបពិភាក្សាទ្វេភាគីជាមួយសមភាគីឥណ្ឌាលោកម៉ូឌីបាន។
១.ចលនាផ្តាច់ខ្លួន Sikh នៅរដ្ឋ Punjab ជាដើមហេតុដែលធ្វើឲ្យឥណ្ឌាមិនពេញចិត្តកាណាដា
ថ្វីបើមន្ត្រីជាន់ខ្ពស់ឥណ្ឌាព្យាយាមសម្រួលស្ថានការណ៍ ដោយបកស្រាយថា ឥណ្ឌាមិនមែនមិនស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដាក្តី ស្រមោលនៃចលនាផ្តាច់ខ្លួន Sikh នៅរដ្ឋ Punjab ជាហេតុផលសំខាន់។
មន្ត្រីឥណ្ឌាជាច្រើននាក់ធ្លាប់ចោទប្រកាន់ថា រដ្ឋាភិបាលកាណាដាព្យាយាមជួយគាំទ្រចលនាផ្តាច់ខ្លួន Khalistan របស់ជនជាតិ Sikh ដើម្បីបង្កើតរដ្ឋឯករាជ្យនេះយូរអង្វែងមកហើយ។ ទូរទស្សន៍កាតា Al Jazeera បានស្រង់សម្តីអតីតបេសកជនឥណ្ឌាប្រចាំប្រទេសកាណាដាលោក Vishnu Prakash ដូច្នេះ៖« កន្លងមក រដ្ឋាភិបាលកាដាណាទាំងគណបក្សសេរីភាព ឬគណបក្សអភិរក្សឡើយ សុទ្ធតែជាប់ពាក់ព័ន្ធការគាំទ្រចលនា Khalistan។ ក្រោមរដ្ឋាភិបាលលោក ទ្រូដូ វិញ ការគាំទ្រនេះកាន់តែកើនឡើង។ លោក ទ្រូដូ បានបង្ហាញខ្លួនលើវេទិការបស់ក្រុម Khalistan នៅក្រុង Toronto កាលពីខែមេសាឆ្នាំមុនផង»។
យ៉ាងណាមិញ អតីតមន្ត្រីទូតខាងលើបានទាត់ចោលការអះអាងថា ឥណ្ឌាមិនស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកាណដាផងដែរ។
តាមពិតទោ ឥណ្ឌាខ្នើសចិត្តនឹងកាណាដាជាពិសេសលោក ទ្រូដូ ដែលសម្រេចតែងតាំងជនជាតិ Sikh ជាច្រើននាក់ស្ថិតក្នុងគណៈរដ្ឋមន្ត្រី ក្រោយលោកជាប់ឆ្នោតកាលពីឆ្នាំ ២០១៥មកនោះ។ ក្នុងចំណោមនោះមានរដ្ឋមន្ត្រីការពារជាតិលោក Harjit Sajjan ដែលកំពុងអមដំណើរលោក ទ្រូដូ ទៅទស្សនកិច្ចនៅឥណ្ឌានេះផងដែរ។
លោក ទ្រូដូ ខ្លួនឯងធ្លាប់និយាយលេងសើចថា គណៈរដ្ឋមន្ត្រីលោកមានជនជាតិ Sikh ច្រើនជាងនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ម៉ូឌី ទៅទៀត។ ពេលជនជាតិ Sikh ស្ថិតក្នុងតំណែងជាន់ខ្ពស់បែបនេះ មន្ត្រីនិងអ្នកនយោបាយឥណ្ឌាជាច្រើននាក់ យល់ថា វានឹងក្លាយជាការគំរាមកំហែងមួយសម្រាប់ប្រជាជាតិឥណ្ឌា បើទោះជាជនជាតិ Sikh ទាំងនោះមិនដែលបញ្ចេញផ្នត់គំនិតប្រឆាំងឥណ្ឌាសូម្បីបន្តិចសោះ។
បច្ចុប្បន្ននេះ ជនជាតិ Sikh មាន ១,៤ ភាគរយនៃប្រជាជនកាណាដាសរុប ៣៦ លាននាក់ ហើយក្នុងចំណោមនោះមាន ១៧ នាក់កំពុងបំពេញតួនាទីជាសមាជិកសភាកាណាដាផងដែរ។
រឿងចម្រូងចម្រាសពាក់ព័ន្ធករណីទាមទារផ្តាច់ខ្លួនរបស់ជនជាតិ Sikh ក្រោយមានចលនាបង្ក្រាបដោយហិង្សាប្រឆាងចលនាផ្តាចើខ្លួន Sikh ហើយការបង្ក្រាបនេះបង្ករឲ្យមានការធ្វើឃាតលោកស្រីនាយករដ្ឋមន្ត្រី Indira Gandhi ដោយអង្គរក្សរបស់លោកស្រីផ្ទាល់ដែលជាជនជាតិ Sikh នៅឆ្នាំ១៩៨៤ ផងដែរ។ ក្នុងការយុទ្ធនាការប្រឆាំងចលនាបោះបោររបស់ជនជាតិ Sikh នេះបានបង្កឲ្យមនុស្សយាងហោចណាស់ បីពាន់នាក់ស្លាប់បាត់បង់ជីវិតដែរ។
ចំណែកនៅកាណាដាឯណោះវិញ សមាជិកសហគមន៍ Sikh នៅទីនោះត្រូវបានគេកាត់ទោសផងដែរនៅឆ្នាំ ១៩៨៥ ដោយសារពួកគេជាប់ពាក់ព័ន្ធការដាក់បំផ្ទុះគ្រាប់បែកលើយន្តហោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដែលនាំឲ្យមានមនុស្សស្លាប់ ៣២៩ នាក់ឯណោះ។
២.មេដឹកនាំកាណាដាប្រកាសជំហរ«គាំទ្រឯកភាពជាតិឥណ្ឌា» ឥតងាករេ
ទោះបីជាបញ្ហាចលនាផ្តាច់ខ្លួននេះបង្កផលប៉ះពាល់ដល់ចំណងមិត្តភាពទ្វេភាគីក៏ដោយ ប្រមុខរដ្ឋាភិបាលកាណាដា បានបញ្ហាញជំហរច្បាស់លាស់ហើយថា ខ្លួនគាំទ្រការឯកភាពគ្នា និងការរួបរួមសាមគ្គីនៃប្រជាជាតិឥណ្ឌា។ នាយករដ្ឋមន្ត្រីកាណាដា បានលើកឡើងដូច្នេះក្នុងពេលដែលលោកជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលនៃរដ្ឋ Punjab លោក Amarinder Singh នាថ្ងៃពុធទី ២១ ខែកុម្ភៈ។
គេនៅចាំបានថា កាលពីដើមឆ្នាំកន្លងមក ប្រមុខរដ្ឋាភិបាលនៃរដ្ឋ Punjab ខាងលើនេះបានចោទប្រកាន់ថា សមាជិករដ្ឋាភិបាលរបស់លោក ទ្រូដូ ដែលជាជនជាតិ Silk នោះគាំទ្រចូលនាផ្តាច់ខ្លួន Khalistan នៅរដ្ឋ Punjab ហើយក្រុមនយោបាយនៃសហគមន៍ Sikh នៅកាណាដាក៏មានចំណែកគាំទ្រចលនាជ្រុលនិយមនេះដែរ។
ប៉ុន្តែប្រមុខរដ្ឋាភិបាលកាណាដាលោក ទ្រូដូ រួមជាមួយរដ្ឋមន្ត្រីការពារជាតិកាណាដាដែលជាជនជាតិ SIkh ផងនោះបានច្រានចោលការចោទប្រកាន់នេះ ដោយអ្នកទាំងពីរសង្កត់ធ្ងន់ថា ការចោទប្រកាន់កន្លងមកជារឿងខុសទាំងស្រុង។
អាចនិយាយបានថា ពាក្យសម្តីរបស់លោក ទ្រូដូ បង្ហាញឲ្យឃើញច្បាស់ពីជំហររបស់កាណាដាក្នុងការបង្កើតទំនាក់ទំនងល្អប្រសើរជាមួយមហាយក្សអាស៊ីខាងត្បូងឥណ្ឌា ហើយការបកស្រាយនេះក៏ធ្វើឲ្យឥណ្ឌាធូរចិត្តច្រើនដែរ។ នៅពេលខាងមុខ កាណាដា និងឥណ្ឌា អាចនឹងមានលទ្ធភាពខ្ពស់ក្នុងការរឹងបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕
Tag:
Justin Trudeau
កាណាដា
ឥណ្ឌា
Sikh
Punjab
© រក្សាសិទ្ធិដោយ thmeythmey.com