អន្តរជាតិ
ចិន​មិនទាន់​អស់ចិត្ត​ឡើយ​លើ​ករណី​យុវជន​អាមេរិក​លួច​កាច់​ម្រាមដៃ​ទ័ព Terracotta
22, Feb 2018 , 10:39 pm        
រូបភាព
ដោយ: ធីតា
​ចិន តាមរយៈ​បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់ខ្លួន មិនទាន់​ស្ងប់ស្ងាត់​នោះឡើយ ចំពោះ​ករណី​យុវជន​ជាតិ​អាមេរិក​ម្នាក់​ដែល​បាន​លួច​កាច់​ម្រាមដៃ​រូបសំណាក​ទ័ព​សេះ Terracotta ដែល​ទ្រព្យសម្បត្តិ​ជាង​២​ពាន់​ឆ្នាំ​របស់ខ្លួន​។ ទូរទស្សន៍​រដ្ឋ CCTV បាន​បញ្ជូន​អ្នកយកព័ត៌មាន និង​អ្នកជំនាញ​ទៅកាន់​សារមន្ទីរ​នៃ​វិទ្យាស្ថាន Franklin Institute ក្នុង​រដ្ឋ  Philadelphia ដើម្បី​សិក្សា​ព័ត៌មាន​លម្អិត​។​


អត្ថបទទាក់ទង

«​វា​ជា​កំហុស​ខាង​សារមន្ទីរ​ដែល​បណ្តាល​ឲ្យ​មានការ​លួច​បេតិកភណ្ឌ Terracotta របស់​យើង​»​។ នេះ​ជាការ​បន្ទោស​ចំៗ​របស់​ព័ត៌មាន​រដ្ឋ​ចិន លើ​ករណី​លួច​កាច់​ម្រាមដៃ​ឆ្វេង​របស់​រូបសំណាក​ទ័ព​សេះ Terracotta នៅក្នុង​ពិ​ព័រ​ណ៌​កាលពី​ថ្ងៃទី​២១ ខែធ្នូ​។​

​យុវជន​អាមេរិក ឈ្មោះ Michael Rohana អាយុ​២៤​ឆ្នាំ ដែលជា​អ្នកបង្ករ​ហេតុ​ត្រូវបាន​ចាប់ខ្លួន ហើយ​ក្រោយមក​ត្រូវបាន​ដោះលែង ដោយសារ​ការតម្កល់​ប្រាក់​ធានា ចំនួន​១៥០០០​ដុល្លារ​អាមេរិក ព្រមទាំង​ការដកហូត​លិខិតឆ្លងដែន​។​

​ទោះបីជា​មានការ​សុំទោស​ពី​ភាគី​សារមន្ទីរ​ក៏ដោយ ក៏​សារព័ត៌មាន​ចិន ក៏ដូចជា​មជ្ឈមណ្ឌល Cultural Heritage Promotion Center របស់​ខេត្ត Shaanxi  បន្ត​ទាមទារ​ឲ្យ​វិទ្យាស្ថាន Franklin ទទួលខុសត្រូវ​ទាំងស្រុង​លើ​ការខូចខាត ដោយ​តម្លៃ​រូបសំណាក​ជាង​២០០០​ឆ្នាំនេះ ត្រូវបាន FBI វាយតម្លៃថា មាន​ប្រមាណ​៤.៥​លាន​ដុល្លារ​អាមេរិក​។​

​បន្ទាប់ពី​ត្រួតពិនិត្យ​ការរៀបចំ​ដាក់ Terracotta នៅ​សារមន្ទីរ CCTV និង​អ្នកជំនាញ​ពីររូប​ទៀត បាន​ចោទប្រកាន់​សារមន្ទីរ​អាមេរិក​ថា មិនបាន​រៀបចំ​ទុកដាក់ ឬ​បំពាក់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​នោះឡើយ ដែល​ធ្វើ​ឲ្យ​រូបសំណាក ងាយ​ទទួលរង​ការបែកបាក់ និង​បាត់បង់​៕


Tag:
 Terracotta
© រក្សាសិទ្ធិដោយ thmeythmey.com