កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីរ៉ាក់​សុំ FIFA ឲ្យ​ផ្តល់​សិទ្ធិ​ខ្លួន​ឡើងវិញ​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ជំនួប​អន្តរជាតិ​
23, Feb 2018 , 8:39 am        
រូបភាព
លោក Abdulhussein Abttan រដ្ឋមន្ត្រីយុវជន និងកីឡាអ៊ីរ៉ាក់ បទសម្ភាសដល់ AFP នៅ​កីឡដ្ឋាន Najaf International Stadium ។ រូបថត AFP
លោក Abdulhussein Abttan រដ្ឋមន្ត្រីយុវជន និងកីឡាអ៊ីរ៉ាក់ បទសម្ភាសដល់ AFP នៅ​កីឡដ្ឋាន Najaf International Stadium ។ រូបថត AFP
​អ៊ីរ៉ាក់​ដែលមាន​កីឡដ្ឋាន​ល្អៗ​តាម​ស្តង់ដារ សង្ឃឹមថា សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ពិចារណា​លុប​ការហាម​ប្រាម ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ធ្វើជា​ម្ចាស់ផ្ទះ​ឡើងវិញ​សម្រាប់​ជំនួប​អន្តរជាតិ​នានា ក្រោយ​ខកខាន​រាប់សិប​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។



​ប្រទេស​ដែល​ញាំញី​ដោយសារ​សង្គ្រាម​មួយ​នេះ បាន​អាក់ខាន​ការប្រកួត​អន្តរជាតិ​នៅលើ​ទឹកដី​ខ្លួនឯង​អស់​រយៈពេល​ជិត ៣​ទសវត្សរ៍​ចាប់តាំងពី​ការ​លុកលុយ​របស់​កូ​វ៉ែត​កាលពី​ឆ្នាំ ១៩៩០ មក​។​

​រហូតដល់​ឆ្នាំ​២០០៣ FIFA បានដាក់​បម្រាម​មិន​ឲ្យ​មានការ​ប្រកួត​ដែល​ធ្វើឡើង​ក្នុង​ដី​របស់​អ៊ីរ៉ាក់​បន្តទៀត បន្ទាប់ពី​មាន​សង្គ្រាម​ដែល​ដឹកនាំ​ដោយ​អាមេរិក​ដើម្បី​ផ្តួលរំលំ​របប​ផ្តាច់ការ​របស់លោក សា​ដាម​ហ៊ូ​សេន​។​



​ការហាម​នេះ ត្រូវបាន​ដកចេញ​ម្តង​ដែរ​ក្នុង​ឆ្នាំ ២០១២ ប៉ុន្តែ​ការ​ដាច់​ចរន្តអគ្គិសនី​ក្នុងអំឡុង​ការប្រកួត​រវាង​អ៊ីរ៉ាក់ និង​ហ្ស៊​កដា​នី​នៅ​ទីក្រុង Arbil ប្រទេស​អ៊ីរ៉ាក់​នោះ បាន​នាំ​ឲ្យ​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​សម្រេច​បន្ត​ដាក់​បម្រាម​រហូតដល់​ប្ចុ​ប្បន្ន​។​

​រហូតមកដល់​ពេលនេះ អ៊ីរ៉ាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ទីក្រុង Arbil នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ​ខាងមុខនេះ ដែលជា​ការជួបគ្នា​លើកដំបូង​ផងដែរ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល ៤០​ឆ្នាំ​ចុងក្រោយ​។​

​ការប្រកួត​អន្តរជាតិ​លើក​នេះ ជា​ឱកាសល្អ​សម្រាប់​អ៊ីរ៉ាក់​ដើម្បី​ព្យាយាម​លួងលោម FIFA ដើម្បី​ឲ្យ​បញ្ឈប់​ការដាក់​បម្រាម​មកលើ​ខ្លួន​បន្តទៀត​។​


Tag:
 បាល់ទាត់​
  FIFA
  អ៊ីរ៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com