លោក ផៃ ស៊ី​ផាន​៖«​ការអំពាវនាវ មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ជា​អំពើ​ភេរវកម្ម​»
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ផៃ ស៊ី​ផាន​៖«​ការអំពាវនាវ មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ជា​អំពើ​ភេរវកម្ម​»
22, Feb 2018 , 6:15 pm        
រូបភាព
លោក ផៃ ស៊ី​ផាន​ អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី
លោក ផៃ ស៊ី​ផាន​ អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក​ការអំពាវនាវ​របស់​អង្គការ​មួយ មិន​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨ ថា​អំពើ​នៃ​ក្រុម​ឧទ្ទាម​។ លោក បន្តថា ទង្វើ​បែបនេះ គឺ​ប្រឆាំងនឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​នយោបាយ ក្នុងការ​ជ្រើសរើស​អ្នកតំណាង​។



អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ បាន​ព្រមាន​ធ្ងន់ៗ តាមរយៈ​ការ​បង្ហោះ​សា​រលើ​គណនី​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២0១៨ យ៉ាង​ដូច្នេះ​ថា​៖«​លទ្ធិប្រជាធិបតេយ្យ គឺជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​មា្ន​ក់ៗ ហើយ​ជា​សកម្មភាព​នយោបាយ ក្នុងការ​ជ្រើសរើស​និង​ទទួលខុសត្រូវ​លើ​ជោគវាសនា​របស់គេ​។ សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាពលរដ្ឋ ត្រូវបាន​ទទួលស្គាល់​ដោយ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ រួមទាំង​កម្ពុជា​ផងដែរ​។ ដូច្នេះ យុទ្ធនាការ​របស់​បុគ្គ​ល​ណា ឬ​ក្រុម​ណា​ប្រឆាំងនឹង​សិទ្ធិ​នេះ គឺ​មិន​ត្រឹមតែ​ជា [​អំពើ​នៃ​ក្រុម​] ឧទ្ទាម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សកម្មភាព​ភេរវកម្ម ប្រឆាំងនឹង​អំណាច​ប្រជាពលរដ្ឋ ដែល​រដ្ឋាភិបាល មិន​អនុគ្រោះ​ជាដាច់ខាត​»​។​
 
​សារ​របស់លោក ផៃ ស៊ី​ផាន គឺធ្វើឡើង​ដើម្បី​ប្រតិកម្ម​នឹង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (CWCI) ដែល​បាន​អំពាវនាវ មកកាន់​ប្រជាពលរដ្ឋ​កម្ពុជា កុំ​ឲ្យ​ចូលរួម​ការបោះឆ្នោត បើ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​។ តាមរយៈ​សេចក្តីអំពាវនាវ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ន័​រវេ​ស  ហើយ​តែងតែ​ប្រឆាំង​គណបក្សកាន់អំណាច​និង​រដ្ឋាភិបាល​កម្ពុជា បានស្នើ​ឡើង​យ៉ាង​ដូច្នេះ​ថា​៖«​បើ​អ្នក​ទៅ​បោះឆ្នោត មាន​ចំនួន​តិចជាង​៥0​ភាគរយ មានន័យថា​ប្រជាពលរដ្ឋ មិន​ពេញចិត្ត​នឹង​របប​ដឹកនាំ​របស់លោក [​នាយករដ្ឋមន្ត្រី​]  ហ៊ុន សែន ហើយ​សហគមន៍​អន្តរជាតិ ក៏​មិន​ទទួលស្គាល់​ដែរ​។ [….] នេះហើយ ជា​ក្តីបារម្ភ​របស់លោក ហ៊ុន សែន និង​គណបក្សកាន់អំណាច​។ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា សូម​អំពាវនាវ​ដល់​ព​ល​រដ្ឋ​ខ្មែរ កុំទៅ​បោះឆ្នោត​»៕

Tag:
 ​បោះឆ្នោត​
  ផៃ ស៊ី​ផាន​
© រក្សាសិទ្ធិដោយ thmeythmey.com