ជាតិ
អាហារូបករណ៍​ល្បីៗ​ជាង​៥០ នឹង​បង្ហាញ​វត្តមាន​ក្នុង​ពិព័រណ៍​អាហារូបករណ៍​អន្តរជាតិ​
24, Feb 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ កម្មវិធី​ពិ​ព័រ​ណ៌​អាហារូបករណ៍​អន្តរជាតិ នឹង​នាំយក​អាហារូបករណ៍​ធំៗ​ចំនួន ៥០ អាហារូបករណ៍ ដែលមាន​នៅលើ​ពិភពលោក មក​បង្ហាញជូន​ដល់​សិស្ស និស្សិត និង​សាធារណជន​ទូទៅ ពី​ការទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​។ ពិព័រណ៍​អាហារូបករណ៍​អន្តរជាតិ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៤ មីនា នា​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា សាខា​ខាងត្បូង​ឯករាជ្យ​។



​នេះ​ជា​លើក​ទី​១ ដែល​សមាគម​អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា រៀបចំ​ពិព័រណ៍​អាហារូបករណ៍​អន្តរជាតិ​ឆ្នាំ​២០១៨ (International Scholarship Fair 2018)​។ ពិព័រណ៍​អាហារូបករណ៍​អន្តរជាតិ​នេះ រៀបចំឡើង​ដើម្បី​ជំរុញ​ដល់​សិស្ស និស្សិត និង​សាធារណជន ឲ្យ​ចូលរួម​ដាក់ពាក្យ និង​ស្វែងយល់​ពី​វិធីសាស្ត្រ​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​បរទេស​។

​ក្នុង​ពិព័រណ៍​អាហារូបករណ៍​អន្តរជាតិ​នេះ នឹងមាន​ការបែងចែក​ជា​បន្ទប់​ធ្វើ​បទ​បង្ហាញ​ទៅតាម​ប្រភេទ​អាហារូបករណ៍​នីមួយៗ​ដល់​អ្នកចូលរួម​។ អាហារូបករណ៍​ទាំងនោះ ជា​អាហារូបករណ៍​សម្រាប់​សិក្សា​នៅ​ប្រទេស​អាមេរិក​, ចិន​, អូស្ត្រាលី និង​អង់គ្លេស​ជាដើម​។​

​លោក យ៉ាន ឧ​ត្ត​ម ប្រធាន​សមាគម​អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​ពិព័រណ៍​អាហារូបករណ៍​អន្តរជាតិ​នេះ នឹងមាន​អាហារូបករណ៍​ចំនួន ៥០ នៅលើ​ពិភពលោក​។ លោក យ៉ាន ឧ​ត្ត​ម បន្ថែមថា ក្នុង​ពិព័រណ៍​នេះ មានការ​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន ដែលជា​អ្នកផ្តល់​អាហារូបករណ៍ អ្នកសម្របសម្រួល និង​ជ័យលាភី​ទទួលបាន​អាហារូបករណ៍​នៅ​បរទេស​ផងដែរ​។

​ប្រធាន​សមាគម​អតីត​និស្សិត​រូបនេះ បញ្ជាក់ថា អាហារូបករណ៍​ជាង ៥០​ខាងលើ មាន​គ្រប់​ប្រភេទ​ទាំង​កម្រិត​វិទ្យាល័យ បរិញ្ញាបត្រ អនុបណ្ឌិត និង​បណ្ឌិត​។ សូមបញ្ជាក់ថា សម្រាប់​តម្លៃ​សំបុត្រ​ចូលរួម​ក្នុង​ពិព័រណ៍​អាហារូបករណ៍​អន្តរជាតិ​នេះ មានតម្លៃ ១​ម៉ឺន​រៀល ដោយ​កំណត់​ចំនួន​អ្នកចូលរួម​ប្រមាណ ២៥០០​នាក់​៕



Tag:
 អាហារូបករណ៍​
  អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com