អន្តរជាតិ
របាយការណ៍៖ ប្រជាជនអូស្ត្រាលីភាគច្រើនចង់ប្តូរពីរបបរាជានិយមទៅសាធារណរដ្ឋ
× របាយការណ៍ស្ទង់មតិថ្មីមួយបានបង្ហាញថា ប្រជាជនអូស្ត្រាលីភាគច្រើនចង់ឃើញការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរដ្ឋពីរាជានិយមទៅជារបបសាធារណរដ្ឋវិញ។ ដើម្បីប្តូររបបគ្រប់គ្រង អូស្ត្រាលីត្រូវរៀបចំប្រជាមតិមួយដើម្បីកែប្រែរដ្ឋធម្មនុញ្ញ ប៉ុន្តែប្រជាមតិនេះទំនងជាមិនកើតឡើងក្នុងពេលម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី ២ នៅកាន់អំណាចឡើយ។
ក្រុមហ៊ុនស្រាវជ្រាវនិងប្រមូលទិន្នន័យ Research Now បានរៀបចំការស្ទង់មតិក្នុងចំណោមប្រជាជន អូស្ត្រាលី ១០០០នាក់ដើម្បីស្វែងយល់ពីការយល់ឃើញរបស់ពួកគេចំពោះរបបរាជានិយម។
យោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhuaគេរកឃើញថា ប្រជាជនអូស្ត្រាលី ៥២ ភាគរយគាំទ្រការផ្លាស់ប្តូររបបពីរាជានិយមទៅជាសាធារណរដ្ឋវិញ ខណៈ ២២ ភាគរយផ្សេងទៀតចង់រក្សារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឲ្យនៅដដែល។ ចំណែក ២៥ភាគរយផ្សេងទៀតនៅស្ទាក់ស្ទើរមិនដឹងគួរជ្រើសរើសយករបបរាជានិយមឬ ក៏របបដឹកនាំតាមបែបសាធារណរដ្ឋឡើយ។
ក្នុងចំណោមអ្នកចូលរួមដែលមានអាយុចន្លោះពី ១៨ ដល់ ២៤ឆ្នាំ ប្រជាជនមួយភាគបី អះអាងថា ការប្រកាសភ្ជាប់ពាក្យរបស់ព្រះអង្គម្ចាស់ Harry និង ការប្រកាសពីការមានផ្ទៃពោះលើកទីបីរបស់ម្ចាស់ក្សត្រីយ៍ Catherine កន្លងមកនោះធ្វើឲ្យពួកគេកាន់តែគាំទ្រការប្តូររបបទៅសាធារណរដ្ឋវិញ។
ប៉ុន្តែ ៦២ ភាគរយផ្សេងទៀតបានផ្តល់យោបល់ថា ព្រឹត្តិការណ៍ទាំងនោះគ្មានឥទ្ធិពលលើការយល់ឃើញ និងការសម្រេចចិត្តរបស់ពួកគេឡើយ។
យ៉ាងណាក៏ដោយ ក្នុងចំណោមប្រជាជនដែលមានវ័យចាប់ពី ៦៥ ឆ្នាំឡើយទៅ ប្រជាជន ៣៦ ភាគរយឯណោះដែលបង្ហាញការគាំទ្រចំពោះរបបរាជានិយម និងជំទាស់ការបង្កើតរបបសាធារណរដ្ឋនោះ។
ការស្ទង់មតិថ្មីនេះបង្ហាញឲ្យឃើញថា ការគាំទ្ររបបរាជានិយមនៅអូស្ត្រាលីធ្លាក់ចុះជាងការស្ទង់មតិកាលពីខែកក្កដា ដែលកាលនោះប្រជាជន ៤៤ភាគរយគាំទ្រការបង្កើតរបបសាធារណៈរដ្ឋ និង ២៩ ភាគរយផ្សេងទៀតគាំទ្ររបបរាជានិយម។
តាមពិតទៅ ដើម្បីបង្កើតរបបសាធារណរដ្ឋ និងបញ្ចប់របបរាជានិយមនៅអូស្ត្រាលី វាទាមទារឲ្យមានការធ្វើប្រជាមតិមួយទូទាំងប្រទេសដើម្បីឈានទៅកែប្រែរដ្ឋធម្មនុញ្ញផង។ កាលពីឆ្នាំ ១៩៩៩ គេឃើញមានការរៀបចំប្រជាមតិម្តងដែរ ប៉ុន្តែកាលនោះប្រជាជនភាគច្រើនរហូតដល់ ៥៤,៨៧ ឯណោះជ្រើសរើសយករបបរាជានិយមដែលមានម្ចាស់ក្សត្រីយ៍ អេលីហ្សាបែតទី ២ជាប្រមុខរដ្ឋនោះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull ដែលធ្លាប់ដឹកនាំប្រជាមតិឆ្នាំ ១៩៩៩ នោះបានបញ្ជាក់ហើយថា វានឹងមិនមានប្រជាមតិថ្មីមួយទៀតឡើយក្នុងពេលដែលម្ចាស់ក្សត្រីយ៍ អេលីហ្សាបែតទី ២ នៅជាប្រមុខរដ្ឋនោះ។ យ៉ាងណាមិញ មេដឹកនាំបក្សការងារជាបក្សប្រឆាំងលោក Bill Shorten បានសន្យាថា បើសិនជាលោកជាប់ឆ្នោតនៅឆ្នាំក្រោយជានាយករដ្ឋមន្ត្រី លោកនឹងចាប់ផ្តើមប្រជាមតិថ្មីមួយទៀតភ្លាមតែម្តង៕
Tag:
អេលីហ្សាបែតទី២
អូស្ត្រាលី
Malcolm Turnbull
© រក្សាសិទ្ធិដោយ thmeythmey.com