កីឡាជាតិ
ជាតិ
ជើង​ខ្លាំង ធឿន ធារ៉ា និង ឡៅ ចន្ទ្រា ជាប់​ក្នុង​បញ្ជី​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​
24, Feb 2018 , 10:59 am        
រូបភាព
ដោយ:
អ្នក​ប្រដាល់​ជួរមុខ​កម្ពុជា​ពីររូប​រួមមាន​កីឡាករ ធឿន ធារ៉ា និង ឡៅ ចន្ទ្រា ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ឲ្យ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ឆ្នាំ​២០១៨​។ ក្រៅពី​រូបគេ​ទាំងពីរ​នាក់​នេះ ក៏មាន​កីឡាករ​៨​នាក់​ផ្សេងទៀត​ផងដែរ​។​



​អ្នកលេង​គុន​ខ្មែរ​មកពី​ខេត្តព្រៃវែង ធឿន ធារ៉ា ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​អ្នកលេង​កណ្តាប់ដៃ រឿង សោ​ភ័​ណ្ឌ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​ជើង​ខ្លាំង​ជួរមុខ​កម្ពុជា ឡៅ ចន្ទ្រា ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ឲ្យ​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​កីឡាប្រដាល់​គុន​ខ្មែរ​ឆ្នាំ​២០១៨​។

​អ្នកលេង​កែង​មកពី​ក្លិប​ក្រសួងកសិកម្ម ធឿន ធារ៉ា ជា​កីឡាករ​មាន​សមត្ថភាព​ខ្ពស់ ដែល​បាននិងកំពុង​សាង​ភាពល្បីល្បាញ​ទាំង​នៅលើ​ជាតិ​ជាតិ និង​អន្តរជាតិ​។ ពិសេស​លើស​ង្វៀន Muay Thai រូបគេ តែងតែ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ក្រោម​ផ្លែ​កែង​ដ៏​មុត​ស្រួច​របស់គេ​។ ជាក់ស្តែង​កាលពី​អំឡុង​ខែមករា ថ្មីៗ​នេះ រូបគេ ទើបតែ​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​នា​សង្វៀន Muay Thai​។



​ក្នុង​ព្រឹត្តិការណ៍​ដូចគ្នា​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៧ ធឿន ធារ៉ា បាន​ផ្តួល​កីឡាករ​ថៃ Iklang Muaythaisamchaigym ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​២​រហូត​ប្រើ​គ្រែស្នែង​សែង​ចេញពី​សង្វៀន​ប្រកួត​។ ហើយ​កាលពី​ថ្ងៃទី​១២ កុម្ភៈ ឆ្នាំ​២០១៧ ធារ៉ា បាន​ផ្តួល​កីឡាករ​ថៃ Petchtongchai Sor.seubsak ដោយ​ប្រើ​កែង​ឲ្យ​សន្លប់​ត្រឹម​ទីក​ទី​២​ផងដែរ​។​

​កាលពីពេល​ថ្មីៗ​កន្លងទៅ​អ្នកលេង​គុន​ខ្មែរ​មកពី​ក្លិប​ក្រសួងកសិកម្ម​រូបនេះ បានក្លាយ​កីឡាករ​គូ​ឯក​ប្រចាំ​សង្វៀន Max Muay Thai​។ នេះ​ជា​លើក​ទី​១ ដែល​អ្នកលេង​គុន​ខ្មែរ​មាន​ប្រភព​មកពី​ខេត្តព្រៃវែង​រូបនេះ ជាប់​ជា​កីឡាករ​ជម្រើសជាតិ​កីឡាប្រដាល់​គុន​ខ្មែរ បន្ទាប់ពី​រូបគេ​ជា​ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧​។​

​ក្រៅពី​អ្នកលេង​គុន​ខ្មែរ​ជួរមុខ​កម្ពុជា​ពីររូប​ខាងលើ ក៏មាន​កីឡាករ​ជម្រើសជាតិ​៦​រូប​ផ្សេងទៀត​ផងដែរ​រួមមាន​កីឡាករ ម៉ឺន សុភា​, ឃីម ឌី​ម៉ា​, ឡៅ ចិ​ត្រា​, វ៉ាន់ វឿន​, ហ៊ឹម សេរី និង​កីឡាករ សែម សំណាង​។ គួរ​បញ្ជាក់ថា កីឡាករ​ជម្រើសជាតិ​គុន​ខ្មែរ​ឆ្នាំនេះ សុទ្ធសឹង​ជា​ម្ចាស់​មេដាយមាស​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧​។ កីឡាករ​ទាំងនេះ ត្រូវបាន​បង្វឹក​ដោយ លោក អេ ភូ​ថង ដែលមាន លោក ពិន សំណាង ជា​គ្រូ​ជំនួយ​៕   


Tag:
 ប្រដាល់​គុន​ខ្មែរ​
  ធឿន ធារ៉ា​
  ឡៅ ចន្ទ្រា​
© រក្សាសិទ្ធិដោយ thmeythmey.com