កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ រឿងរ៉ាវ​មួយចំនួន​កើតឡើង មុនពេល​រកឃើញ​សមាសភាព​១៦​ក្រុម​ចុងក្រោយ​
23, Feb 2018 , 11:44 am        
រូបភាព
ប៉ូលិស​ត្រូវបាន​ដាក់ពង្រាយ​ដើម្បីទប់ស្កាត់ហិង្សាក្រោយជំនួបរវាង Athletic Club Bilbao និង FC Spartak Moscow នៅកីឡដ្ឋាណ San Mames។ រូបថត AFP
ប៉ូលិស​ត្រូវបាន​ដាក់ពង្រាយ​ដើម្បីទប់ស្កាត់ហិង្សាក្រោយជំនួបរវាង Athletic Club Bilbao និង FC Spartak Moscow នៅកីឡដ្ឋាណ San Mames។ រូបថត AFP
​រឿងរ៉ាវ​ជាច្រើន​បាន​កើ​ឡើង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នា​ជំនួប​ជើង​ទី​ពីរ​វគ្គ​៣២​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​លំដាប់​ទី​ពីរ​អឺរ៉ុប Europa League កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ ករណី​ហិង្សា​បានកើត​ឡើង​នា​ជំនួប​រវាង Athletic Bilbao និង Sparkak Moscow ដែល​បណ្តាល​ប៉ូលិស​ម្នាក់​ស្លាប់ រីឯ​កីឡាករ Michy Batshuaryi បាន​លើកឡើងថា រូបគេ​រង​នូវ​ការរើសអើង​ជាតិ​សាសន៍​ពី​សំណាក់​អ្នកគាំទ្រ Atalanta​។



​ប៉ូលិស​ម្នាក់​បាន​ស្លាប់ ក្រោយ​ការប៉ះទង្គិច​ជាមួយ​ក្រុម​អ្នកគាំទ្រ​ក្លិប Spartak Moscow របស់​រុស្ស៊ី នា​ការប្រកួត​នៅ​ទឹកដី​របស់ Athletic Bilbao កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ករណី​ហិង្សា​បានកើត​ឡើង ក្រោយ Bilbao ឈានទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ ជាមួយនឹង​លទ្ធផល ៤-៣ បើទោះបីជា​ពួកគេ​ចាញ់ ២-១ នៅ​ជើង​ទី​ពីរ​នេះ​ក៏ដោយ​។​

​ប៉ូលិស​ជាង​៥០០​នាក់ ត្រូវបាន​ពង្រាយ​ដើម្បី​ទប់ស្កាត់​ហិង្សា ហើយ​ការប្រទូសរ៉ាយ​នោះបាន​បណ្តាល​ឲ្យ​ប៉ូលិស​ម្នាក់​ស្លាប់​។ បើតាម AFP ជនជាតិ​រុស្ស៊ី​៥​នាក់​ត្រូវបាន​ឃាត់ខ្លួន ប៉ុន្តែ​មិនមាន​ការ​អះអាងថា ពួកគេ​ទាំងអស់​ជា​អ្នកគាំទ្រ​ក្លិប Spartak Moscow នោះឡើយ​។​

​ដោយឡែក ខ្សែប្រយុទ្ធ​បែ​ល​ហ្សិ​ក Michy Batshuayi បាន​ចោទប្រកាន់​អ្នកគាំទ្រ Atalanta ថា បានបង្ហាញ​អាកប្បកិរិយា​ស​រើសអើង​ជាតិ​សាសន៍​មកលើ​ខ្លួន​។ Dortmund ដែលនាំយក Batshuayi លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Chelsea បាន​យកឈ្នះ Atalanta ៤-៣ ក្នុង​លទ្ធផល​ទាំង​២​ជើង ដោយ​ជើង​ទី​ពីរ បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ។​

​ក្រោយ​ការប្រកួត Batshuayi បាន​សរសេរ​ត្អូញត្អែ​នៅលើ Twitter ខ្លួន ថា ឆ្នាំ​២០១៨ ហើយ​បែរជា​នៅមាន​ការរើសអើង​ជាតិ​សាសន៍​ទៀត​។ កីឡា​ករបែល​ហ្សិ​ក​រូបនេះ បាន​និយាយ​សំដៅ​ទៅលើ​អ្នកគាំទ្រ​ក្លិប Atalanta ។​

​ជាមួយគ្នានេះ​ផងដែរ ខ្សែការពារ Ruben Semedo នៃ​ក្លិប Villarreal ត្រូវបាន​តុលាការ​អេ​ស្ប៉ា​ញ បើកសវនាការ​លើ​សំណុំរឿង​ប៉ុនប៉ង​មនុស្សឃាត និង​ចាប់ជំរិត​។ ករណីនេះ បានកើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុនពេល​ដែល Villareal បាន​ធ្លាក់​ចេញពី Europa League ដោយសារ Lyon​។​

​ក្លិប Ostersunds របស់​ស៊ុយអែត បាន​បង្កើត​រឿង​ដ៏​ភ្ញាក់ផ្អើល​នៅ​ទឹកដី Arsenal តាមរយៈ​ការនាំ​មុខ​កាំភ្លើង​ធំ ២-០ នៅ​តង់​ទីមួយ មុនពេល​ដែល Kolasinac វាយបក​បាន​១​គ្រាប់​វិញ​នៅ​ដើមតង់​ទី​ពីរ​។ ជាមួយនឹង​ទុន​ជ័យជម្នះ ៣-០ នៅ​ជើង​ទីមួយ Arsenal បាន​ឈានទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

​ផ្ទុយទៅវិញ Napoli ក្រុម​កំពូល​តារាង​នៃ​ក្របខណ្ឌ Serie A បាន​រង​នូវ​ការខកចិត្ត ដោយ​ពួកគេ​បានទទួល​ជ័យជម្នះ ២-០ នៅ​ទឹកដី​របស់ RB Leipzig ប៉ុន្តែ​វា​មិនអាច​ស្រោចស្រង់​បាន​នោះឡើយ ដោយ​ជំនួប​កាលពី​សប្តាហ៍​មុន ពួកគេ​បាន​ចាញ់​រហូតដល់​ទៅ ៣-១ ។​

១៦​ក្រុម​ដែល​បាន​ឡើងទៅ​វគ្គ​បន្ត​រួមមាន AC Milan, Arsenal, Borussia Dortmund, Athletic Bilbao, Atletico Madrid, Marseille, CSKA Moscow, Dynamo Kyiv, Lazio, Lokomotiv Moscow, RB Leipzig, Plzen , Red Bull Salzburg, Sporting Lisbon, Lyon និង Zenit St Petersburg​។​

​ក្រុម​ទាំង​១៦​ខាងលើ​នឹងត្រូវ​ចាប់​ឆ្នោត​រើស​គូ​ដើម្បី​ប្រកួតប្រជែង​ក្នុង​វគ្គ​១៦​ក្រុម​ផ្តាច់ព្រ័ត្រ នៅ​យប់​ថ្ងៃ​សុក្រ​ទី ២៣ ខែកុម្ភៈ​នេះ​នៅ​ទីស្នាក់ការ​របស់ UEFA ក្នុង​ក្រុង Nyon ប្រទេស​ស្វី​ស​៕



Tag:
 បាល់ទាត់​
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com