ជាតិ
រុស្ស៊ី និង​កម្ពុជា សហការគ្នា ដើម្បី​ប្រឆាំងនឹង​ភេរវកម្ម​
23, Feb 2018 , 7:19 pm        
រូបភាព
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាប់ដៃជាមួយលោក អីលីយ៉ា ស៊ើហ្គេរ លេខាទីមួយនៃស្ថានទូតរុស្សីប្រចាំនៅកម្ពុជា
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាប់ដៃជាមួយលោក អីលីយ៉ា ស៊ើហ្គេរ លេខាទីមួយនៃស្ថានទូតរុស្សីប្រចាំនៅកម្ពុជា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រុស្ស៊ី សន្យាថា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ជាពិសេស​ការរួម​គ្នាទ​ប់​ស្កាត់ និង​ប្រឆាំង​អំពើ​ភេរវកម្ម​។  លោក អី​លី​យ៉ា ស៊ើ​ហ្គេ​រ (Ilya Sergeer) លេខា​ទីមួយ​នៃ​ស្ថានទូត​រុស្សី​ប្រចាំ​នៅ​កម្ពុជា បានលើកឡើង​យ៉ាង​ដូច្នេះ ក្នុងជំនួប​ជាមួយ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​។



​ក្នុងជំនួប​នោះ លោក អី​លី​យ៉ា ស៊ើ​ហ្គេ​រ បាន​ប្រា​ប់លោក នេ​ត សាវឿន​ថា នាពេលខាងមុខ រុស្ស៊ី នឹង​បញ្ជូន​នគរបាល​ជាន់ខ្ពស់​របស់ខ្លួន មក​បណ្តុះបណ្តាល​ជំនាញ​ដល់​នគរបាល​កម្ពុជា​។ គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​យ៉ាង​ដូច្នេះ​៖«​លោក អី​លី​យ៉ា ស៊ើ​ហ្គេ​រ បាន​លើកឡើងថា រុស្ស៊ី បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន​ចារកម្ម ដើម្បី​ទប់ស្កាត់ ប្រឆាំង​ភេរវកម្ម​ជាមួយ​កម្ពុជា និង​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​បទពិសោធ​ជាមួយគ្នា ឲ្យ​បាន​ញឹកញាប់​បន្ថែមទៀត​»​។

​ក្រៅពី​ភិ​ភា​ក្សា​ពី​ការ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម លោក អី​លី​យ៉ា ស៊ើ​ហ្គេ​រ ក៏បាន​ស្នើ​ឲ្យ​លោក នេ​ត សាវឿន បង្កើន​កិច្ចសហការ និង​ការពារ​ដល់​ជនជាតិ​រុស្ស៊ី ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជាការ​ឆ្លើយតប​នឹង​លោក អី​លី​យ៉ា ស៊ើ​ហ្គេ​រ លោក នេ​ត សាវឿន បានស្នើ​ឲ្យ​រុស្ស៊ី បញ្ជូន​គ្រូ​ជំនាញ មក​បណ្តុះបណ្តាល​ដល់​ន​គ​របាល​ជាតិ​កម្ពុជា ឬក៏​បញ្ជូន​នគរបាលជាតិ​ក​ម្ពុ​ជា ឲ្យ​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​៕


Tag:
 កម្ពុជា​
  រុស្ស៊ី​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com