អន្តរជាតិ
កូរ៉េខាងជើង​ហៅ​អគ្គលេខាធិការ UN ជា​មនុស្ស​របស់​អាមេរិក​
23, Feb 2018 , 7:39 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងក្នុងសន្និសីទនៅអាល្លឺម៉ង់ (រូបភាព៖ AFP)
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងក្នុងសន្និសីទនៅអាល្លឺម៉ង់ (រូបភាព៖ AFP)
​កូរ៉េខាងជើង នៅ​ថ្ងៃទី​២២ ខែកុម្ភៈ បាន​ចោទប្រកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ថា ជា​មនុស្ស​របស់​អាមេរិក ព្រោះ​លោក​ចង់​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​លើ​ខ្លួន​។ ការ​ចោទ​របស់​កូរ៉េខាងជើង ធ្វើឡើង​ក្រោយ​លោក ហ្គូ​តេ​រ៉េ​ស ថ្លែង​ក្នុង​កិច្ចប្រជុំ​សន្តិសុខ​អន្តរជាតិ​នៅ​អាល្លឺម៉ង់​កាលពី​សប្ដាហ៍​មុន​ថា ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ជា​រឿង​សំខាន់ ហើយ​ដែល​ត្រូវតែ​រក្សាទុក​ទៀត​។



​តំណាង​បេសកកម្ម​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២២ ខែកុម្ភៈ បានចេញ​សេចក្ដីថ្លែងការណ៍​រិះគន់​លោក​អគ្គលេខាធិការ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ដែល​ប្រកាន់​ជំហរ​ដាក់ទណ្ឌកម្ម​លើ​ខ្លួន​។ កូរ៉េខាងជើង​ចាត់ទុកជា​ការអធិប្បាយ​របស់លោក ហ្គូ​តេ​រ៉េ​ស គឺជា​រឿង​ធ្វេសប្រហែស ធ្វើតាម​អាមេរិក និង​បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ខុស​គោលដៅ ព្រមទាំង​ស្នើ​ឲ្យ​អគ្គលេខាធិការ​ជនជាតិ​ព័រទុយហ្កាល់​រូបនេះ ឈប់​ធ្វើ​ទង្វើ​របៀបនេះ​ទៀត​។​

​ប្រតិកម្ម​របស់​កូរ៉េខាងជើង កើតឡើង​បន្ទាប់ពី​លោក ហ្គូ​តេ​រ៉េ​ស ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សន្តិសុខ​មុយ​និក​នៅ​អាល្លឺម៉ង់​កាលពី​សប្ដាហ៍​មុន​។ ចំពោះមុខ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​មកពី​ជុំវិញ​ពិភពលោក អគ្គលេខាធិការ​រូបនេះ​បាន​លើកសរសើរ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ទទួលជោគជ័យ​ក្នុង​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ហើយ​លោក​គិតថា ការដាក់​សម្ពាធ​នេះ​ជា​រឿង​ដែល​ត្រូវ​រក្សា​ឲ្យ​បាន​ដាច់ខាត​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បេសកកម្ម​កូរ៉េខាងជើង​ប្រចាំ​ក្រុង​ញូវយ៉ក​អះអាងថា សម្ដី​របស់លោក ហ្គូ​តេ​រ៉េ​ស ជា​រឿង​គ្មាន​ប្រយោជន៍ ហើយ​ខុសពី​តួនាទី​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទៅទៀត​។ ម្យ៉ាងទៀត ការអធិប្បាយ​បែបនេះ ធ្វើ​ឲ្យ​កូរ៉េខាងជើង​គិតថា លោក ហ្គូ​តេ​រ៉េ​ស គឺជា​អ្នកគាំទ្រ​តំណាង​ឲ្យ​អាមេរិក និង​មានបំណង​មិនល្អ​ឡើយ​។ កូរ៉េខាងជើង​ក៏បាន​ប្រាប់​ឲ្យ​អគ្គលេខាធិការ​រូបនេះ​ឈប់​ធ្វើ​ទង្វើ​បែប​មនុស្ស​មមើ​ទៀត​។​

​ក្រោម​ការដឹកនាំ​របស់​អាមេរិក ក្រុមប្រឹក្សាសន្តិសុខ​បានដាក់​ទណ្ឌកម្ម​ឥតមាន​ល្ហែ​លើ​កូរ៉េខាងជើង ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​បោះបង់​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​ការសាកល្បង​មី​ស៊ី​ល​របស់ខ្លួន​។ មិន​ត្រឹមតែ​តាមរយៈ​យន្តការ​ក្រុមប្រឹក្សាសន្តិសុខ​ឡើយ ក្រុង​វ៉ាស៊ីនតោន​ក៏បាន​ដាក់ទណ្ឌកម្ម​ឯកតោភាគី​ជាច្រើន​ទៀត​លើ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង សំដៅ​អូសទាញ​រដ្ឋ​ឯកោ​នេះ​ឲ្យ​ចូល​តុ​ចរចា​ជាមួយ​អន្តរជាតិ​វិញ​។​

​តាមពិតទៅ លោក ហ្គូ​តេ​រ៉េ​ស ផ្ទាល់ បាន​គាំទ្រ​ការប្រសើរ​ឡើងវិញ​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ ជាពិសេស​អំឡុងពេល​ព្រឹត្តិការណ៍​អូឡាំពិក​។ អំឡុងពេល​លាង​សាយភោជន៍​រៀបចំ​ដោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ហ្គូ​តេ​រ៉េ​ស បាន​ជួប​ជាមួយ​ប្រមុខរដ្ឋ​កូរ៉េខាងជើង គីម យ៉ុង​ណា​ម ផងដែរ​។ ប្រមុខ​អង្គការសហប្រជាជាតិ​ដដែល​នេះ​ចង់​ឲ្យ​ទំនាក់ទំនង​នេះ​បន្ត​ទៅមុខទៀត ដើម្បី​ឈានដល់​ការចរចា​កម្រិត​ទូលាយ​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  UN
  អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស
© រក្សាសិទ្ធិដោយ thmeythmey.com