អន្តរជាតិ
មហាអំណាច​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ UN បន្ត​ទាស់ទែង​គ្នា ខណៈ​ឈាម​ជន​ស៊ីវិល​ស៊ី​រី​បន្ត​ហូរ​
23, Feb 2018 , 4:26 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​មនុស្ស​យ៉ាងហោចណាស់ ៤០០​នាក់​ដោយមាន​ក្មេង​តូចៗ​ជាច្រើន​នាក់​ផង​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​រប​ស់​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​នៅ​ភាគ​ខាងកើត​ខេត្ត Ghouta ដោយមាន​ការគាំទ្រ​ពី​កងទ័ពអាកាស​រុស្ស៊ី​ផងដែរ​។ នៅ​អង្គការសហប្រជាជាតិ​វិញ  គេ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​អ្វី​ជា​ដុំកំភួន​ត្រូវបាន​ដាក់ចេញ​ដើម្បី​បញ្ចៀស​ការស្លាប់​របស់​ប្រជាជន​ស្លូតត្រង់​ឡើយ​។ មហាអំណាច​អាមេរិក និង​រុស្ស៊ី​ចោទ​គ្នា​ទៅវិញទៅមក​ដែល​បណ្តាល​ឲ្យ​ជាប់គាំង​ការដាក់ចេញ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ថែមទៀត​។​



​ចាប់ពី​ថ្ងៃអាទិត្យ​ទី ១៨ ខែកុម្ភៈ​រហូតមកដល់​ថ្ងៃ​ព្រហស្បតិ៍​ទី ២២ ខែកុម្ភៈ ជន​ស៊ីវិល​យ៉ាងហោចណាស់ ៤០០​នាក់​បាន​ស្លាប់ ដោយសារ​ការវាយប្រហា​រ​របស់​កម្លាំង​រដ្ឋាភិបាល​ស៊ី​រី ក្រោម​ការគាំទ្រ​ពី​កងទ័ព​រុស្ស៊ី​នៅ​តំបន់​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់​ភាគ​ខាងកើត​ខេត្ត Ghouta​។​

​យោងតាម​ទូរទស្សន៍​កាតា Al Jazeera ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី បាន​អះអាងពី​ចំនួន​អ្នកស្លាប់​ដោយសារ​ការវាយប្រហារ​នេះ ហើយ​ស្ថាប័ន​នេះបាន​បន្ថែមថា ក្មេងៗ​ប្រហែល ១៥០ នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ជាង ៤០០​នាក់​ផង​។ ចំណែក​អ្នករងរបួស​វិញ​នោះ​មាន​រហូតដល់​ជាង​ពីរពាន់​នាក់​ឯណោះ​។ 

​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​លោក Staffan De Mistura បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ប្រញាប់​ដាក់ចេញ​ដំណោះស្រាយ​ឲ្យ​បាន​រហ័ស​ដើម្បី​ទប់ស្កាត់​ការបន្ត​ស្លាប់​របស់​ជន​ស៊ីវិល​ស្លូតត្រង់​ផង​ស៊ី​រី​។

«​ស្ថានភាព​នៅ​តំបន់​ភាគ​ខាងកើត​ខេត្ត Ghouta អាក្រក់​ខ្លាំងណាស់ ហើយ​យើង​ត្រូវការ​បទ​ឈប់​បាញ់​មួយ​ដែល​អាច​បញ្ឈប់​ការបន្ត​ទម្លាក់​គ្រាប់ និង​ការវាយប្រហារ​ឥតមាន​រើសអើង​នេះ​»​។ លោក Mistura បានលើកឡើង​ដូច្នេះ​។

​តាមពិតទៅ តំបន់ Ghouta នេះ​ជា​តំបន់​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់ ហើយ​វា​ស្ថិតក្រោម​ការហ៊ុមព័ទ្ធរ​បស់​កម្លាំង​រដ្ឋាភិបាល​ចាប់ពី​ឆ្នាំ ២០១៣​មក។ មកដល់បច្ចុប្បន្ន​​ប្រជាជនស៊ីរី​ប្រហែល បួន​សែន​នាក់កំពុង​រស់នៅ​ទីនោះ​ដែរ​។ ដោយសារ​ស្ថិតក្រោម​ការហ៊ុមព័ទ្ធរ​បស់​កម្លាំង​រដ្ឋាភិបាល អតិផរណា​កើនឡើង​ខ្លាំង​នៅក្នុង​តំបន់​នេះ ហើយ​ប្រជាជន​ភាគច្រើន​មិនមាន​លទ្ធភាព​ទិញ​អាហារ​បរិភោគ​ឡើយ​។​

-​គ្មាន​ដំណោះស្រាយ​បន្ទាន់​បង្ខំ​ដើម្បី​ដោះស្រាយ​វិបត្តិ​មនុស្សជាតិ ព្រោះ​មហាអំណាច​បន្ត​ទាស់ទែង​គ្នា​
​ខណៈដែល​ឈាម​ជន​ស៊ីវិល​បន្ត​ហូរ គេ​មិនទាន់​ឃើញ​មាន​ដំណោះស្រាយ​ណាមួយ​ត្រូវបាន​ដាក់ចេញ​ដោយ​សហគមន៍​អន្តរជាតិ​ដើម្បី​ជួយសង្គ្រោះ​ជន​ស៊ីវិល​ឡើយ​។ ផ្ទុយទៅវិញ មហាអំណាច​ដែលមាន​ឥទ្ធិពល​ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី ដូចជា​អាមេរិក និង​រុស្ស៊ី នោះ​បន្ត​ចោទ​គ្នា​ទៅវិញទៅមក​ដើម្បី​ការពារ​ផលប្រយោជន៍​រៀងខ្លួន​។

 ​
​តាមពិតទៅ​ក្រុមប្រឹក្សាសន្តិសុខ​បាន​កោះប្រជុំ​បន្ទាន់​រួចហើយ​តាំង​ពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​អនុម័ត​ដំណោះស្រាយ​មួយ​ដេ​ល​ស្នើឡើង​ដោយ​គុយ​វ៉ែត និង​ស៊ុយអែត ដែល​សំដៅ​បង្កើត​បទ​ឈប់​បាញ់​រយៈពេល ៣០​ថ្ងៃ​នៅ​តំបន់​ភាគ​ខាងកើត Ghouta និង​ផ្តល់ជំនួយ​មនុស្សធម៌​ផង​។ សេចក្តីព្រាង​ដំណោះស្រាយ​នោះ​មានកំណត់​ច្បាស់​ថា បទ​ឈប់​បាញ់​នឹងត្រូវ​អនុវត្ត ៧២ ម៉ោង​ក្រោយ​ដំណោះស្រាយ​នេះ​ត្រូវបាន​អនុម័ត​នោះ ហើយ​៤៨ ម៉ោង​ក្រោយ​ទៀត​ក្រុម​សង្គ្រោះ និង ផ្តល់ជំនួយ​មនុស្សធម៌​នឹង​ចាប់ផ្តើម​ឡើង​ដែរ​។​

​ប៉ុន្តែ​រុស្ស៊ី​ដែលជា​ខ្នងបង្អែក​របស់​រដ្ឋាភិបាល​ស៊ី​រី​ដែល​កំពុង​បន្ត​វាយប្រហារ​តំបន់​ខាងលើ​នោះ បាន​ព្រមាន​រួចរាល់​ហើយ​ថា ខ្លួន​នឹង​ប្រើ​សិទ្ធិ​ជំទាស់ដើម្បី​រារាំង​ដំណោះស្រាយ​នេះ​ព្រោះ​ខ្លួន​ចង់បាន​ដំណោះស្រាយ​ដែល​ពេញលេញ មិនមែន​បង្កើត​ឲ្យ​តែ​បានឡើយ​។​

​បេសកជន​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vassily Nebenzia បានបញ្ជាក់​ជំហរ​របស់​រុស្ស៊ី​ដែល​មិន​គាំទ្រ​ដំណោះស្រាយ​ដែល​ត្រូវបាន​ស្នើឡើង​នេះ ហើយ​រុស្ស៊ី​ក៏​ឆ្លៀតឱកាស​នោះ​ស្នើ​កែប្រែ​ចំណុច​មួយចំនួន​ផង​ដែល​ខ្លួន​គិតថា​មិន​សមរម្យ​ដូចគ្នា​។​

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន BBC  រុស្ស៊ី​ជំទាស់​ចំណុច​មួយចំនួន​ដែល​ទាក់ទង​នឹង​ក្រុម​ប្រដាប់អាវុធ​ដែល​លាក់ខ្លួន​ក្នុង​តំបន់ Ghouta​។ ក្រោម​ដំណោះស្រាយ​នោះ បទ​ឈប់​បាញ់​មិនមាន​អនុភាព​លើ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ក្រុម អាល់​កៃ​ដា និង​ក្រុម al-Nusra Front​។ ប៉ុន្តែ​រុស្ស៊ី​ជំទាស់ និង ទាមទារ​ឲ្យ​ដក​ក្រុម Hayat Tahrir al-Sham ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់​កៃ​ដា ចេញពី​បញ្ជី​បទ​ឈប់​បាញ់​ផងដែរ​។ បន្ថែម​ពី​នោះ​រុស្ស៊ី​ក៏​ចង់​ដក​រាល់​ឈ្មោះ​ក្រុម​ឧទ្ទាម​ណា​ដែលមាន​ទំនាក់ទំនង ឬ​សហការ​ជាមួយ​ក្រុម Hayat Tahrir al-Sham ដែរ​។​

​សហរដ្ឋអាមេរិក​ដែលជា​អ្នកគាំទ្រ​ក្រុម​ឧទ្ទាម​នោះ បាន​ចោទប្រកាន់ថា រុស្ស៊ី​មាន​ចេតនា​ក្នុង​ការរារាំង​ការអន្តរាគមន៍​ដោះស្រាយ​វិបត្តិ​មនុស្សជាតិ​និង​ទុក​ឲ្យ​ឈាម​ជនស្លូតត្រង់​បន្ត​ហូរ​ដាប​ដី​ផង​។  តំណាង​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​អះអាង​បន្ថែមថា ខ្លួន​ត្រៀមលក្ខណៈ​ពេញលេញ​ហើយ​ដើម្បី​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​។

​ចំណែក​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អង្គការសហប្រជាជាតិ François Delattre បានបង្ហាញ​កង្វល់​រប​ស់​ខ្លួន​ចំពោះ​ការទាស់ទែង​ខ្វែងគំនិត​គ្នា​រវាង​មហាអំណាច និង បន្ត​អនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​បន្ត​ស្លាប់​បែបនេះ​។ លោក​ចាត់ទុកថា វា​ជា​បរាជ័យ និង​ជាការបាត់បង់​កិត្យានុភាព​ធំធេង​របស់​សហគមន៍​អន្តរជាតិ​ជាពិសេស​អង្គការសហប្រជាជាតិ​តែម្តង។ ​លោក​ក៏មិន​ចង់ឃើញ​សោកនាដកម្ម​នៅ​ស៊ី​រី​នេះ​ក្លាយជា​«​ផ្នូរ​សម្រាប់​អង្គការ​សហ​ប្រជា​តិ​ដែរ​»​។

​ចំណែក​ឯកអគ្គរាជទូត​ស៊ុយអែត Olof Skoog បាន​សម្តែង​ការខកចិត្ត​ចំពោះ​ការទាស់ទែង​ខ្វែងគំនិត​គ្នា​រវាង​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ ហើយ​លោក​បាន​សង្កត់ធ្ងន់ថា អ្វីដែល​សំខាន់​នៅពេល​បច្ចុប្បន្ន​គឺ​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ីវិល​ដែល​កំពុង​រងទុក្ខវេទនា​នោះ​។ លោក​បន្ថែមថា បើ​គ្មាន​ការរួបរួម​គ្នា​រវាង​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទេ បញ្ហា​ដែល​កំពុង​កើតឡើង​នឹងមិន​ត្រូវបាន​ដោះស្រាយ​ឡើយ ហើយ​វា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។

ដោយសារការប្រជុំ​នៅថ្ងៃព្រហស្បតិ៍មិនមានផ្លែផ្កា គេ​នៅមិនទាន់​អាចសន្និដ្ឋាន​បាន​ច្បាស់​នៅឡើយ​ទេថា ដំណោះស្រាយ​នេះបង្កើតបទឈប់បាញ់នេះ​នឹងត្រូវ​អនុម័ត​ចេញ ឬយ៉ាងណា ដោយគេរង់ចាំមើលថា តើវានឹងមានការឯកភាពគ្នាពីប្រទេសមហាអំណាច​ដែរឬអត់នោះ។ ​ក្រុមប្រឹក្សាសន្តិសុខ នឹង​ចាប់ផ្តើម​ប្រជុំ និង អនុម័ត​សេចក្តីព្រាង​ដំណោះស្រាយ​នេះ​នៅ​ថ្ងៃ​សុក្រ​ទី ២៣ ខែកុម្ភៈ​នេះ​៕​



Tag:
 ស៊ី​រី​
  Ghouta
  អាមេរិក​
  រុស្ស៊ី​
  ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com