អន្តរជាតិ
រុស្ស៊ី​ទំនងជា​សាកល្បង​សមត្ថភាព​ប្រយុទ្ធ​របស់យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី Su-57 ក្នុង​សង្គ្រាម​ស៊ី​រី​
23, Feb 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែអាត់​វីដេអូ​មួយ​បង្ហាញថា យន្តហោះ​ចម្បាំង​ប្រភេទ Su-57 ដែលជា​ប្រភេទ​យន្តហោះ​ស៊េរី​ទំនើប​ជំនាន់​ទី​ប្រាំ ត្រូវបាន​រុស្ស៊ី​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​នៅ​ស៊ី​រី​។ រុស្ស៊ី ទំនងជា​ប្រើប្រាស់​យន្តហោះ​ប្រភេទ​នេះ ដើម្បី​សាកល្បង​សមត្ថភាព​វាយប្រហារ នៅក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​។



​យន្តហោះ​ស៊េរី​ទំនើប​ជំនា​ន់ទី​ប្រាំ Su-57 ទំនងជា​ត្រូវបាន​រុស្ស៊ី បញ្ជូនទៅ​ចូលរួម​ប្រតិបត្តិការ​សឹក នៅក្នុង​សង្គ្រាម​ស៊ី​រី​។ នេះ​ជាការ​អះអាង របស់​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RT ដោយ​សម្អាង​លើ​ខ្សែអាត់​វីដេអូ​មួយ​ដែល​ត្រូវបាន​គេ​ចែកចាយ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ ២២ ខែកុម្ភៈ​។

​យន្តហោះ​ដែល​គេ​ឃើញ​ក្នុង​ខ្សែអាត់​វីដេអូ​នោះបាន​ចេញ​ប្រតិបត្តិការ​ពី​មូលដ្ឋាន​ទ័ពអាកាស Khmeimim នៅ​ទឹកដី​ស៊ី​រី ហើយ​តាម​រូបរាង និង​ភិនភាគ វា​ស្រដៀង​នឹង​ប្រភេទ​យន្តហោះ​ជំនា​ន់ទី​ប្រាំ Su-57​។ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី RT នេះ បានបញ្ជាក់​ផងដែរ​ថា ខ្លួន​មិនទាន់​អាច​កំណត់ថា វីដេអូ​ដែល​គេ​ផ្សព្វផ្សាយ​នោះ គួរ​ឲ្យ​ទុកចិត្តបាន​កម្រិតណា​ឡើយ​។
​បើតាម​ខ្សែអាត់​វីដេអូ​ដដែល​នោះ យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​បំផុត​របស់​រុស្ស៊ី Su-57 ចំនួន​ពីរ​គ្រឿង រួមជាមួយ​យន្តហោះ​ចម្បាំង Su-35 និង​យន្តហោះ Su-25 បាន​ហោះហើរ ដើម្បី​ចូលរួម​ប្រតិបត្តិការ​នៅ​ខេត្ត Latakia​។

​កាលពី​ចុងឆ្នាំ ២០១៧ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​ឲ្យ​ក្រសួងការពារជាតិ ដក​កងទ័ព​ភាគច្រើន​ចេញពី​ស៊ី​រី ដោយសារ​រុស្ស៊ី​អាច​សម្រេចបាន​ជោគជ័យ ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន​ជ្រុលនិយម​។ ប៉ុន្តែ​វត្តមាន​យន្តហោះ Su-57 នៅ​ស៊ី​រី​ពេលនេះ ទំនងជា​រុស្ស៊ី កំពុង​ប្រើប្រាស់​សង្គ្រាម​ស៊ី​រី ដើម្បី​សាកល្បង​យន្តហោះ​ស៊េរី​ទំនើប​ចុងក្រោយ របស់ខ្លួន​នេះដែរ​។

​ពាក់ព័ន្ធ​ប្រភេទ​យន្តហោះ​ចម្បាំង Su-57 នេះ កន្លងមក​អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Yuri Borisov បាន​បង្ហើប​កាលពីដើម​ខែកុម្ភៈ​ថា ក្រសួងការពារជាតិ នឹង​ចុះ​កិច្ចព្រមព្រៀង​ជា​លើកដំបូង ដើម្បី​ទិញ​យន្តហោះ Su-57 ចំនួន​១២ គ្រឿងក្នុង​ឆ្នាំ ២០១៨​។ លោក​ក៏​បន្ថែមថា យន្តហោះ​នេះ បាន​សាកល្បង​ជំហាន​ដំបូង រួចរាល់​ហើយ ប៉ុន្តែ​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​ប្រាំ នឹងត្រូវ​ឆ្លង​សាកល្បង​សមត្ថភាព​ប្រយុទ្ធ​បន្ថែមទៀត​។ ចន្លោះ​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០៣០ កងទ័ពអាកាស​រុស្ស៊ី នឹង​អាចមាន​យន្តហោះ​ប្រភេទ Su-57 នេះ​ចំនួន ២២០ គ្រឿង​សម្រាប់​ប្រើប្រាស់​។​

​យន្តហោះ Su-57 ជា​ប្រភេទ​យន្តហោះ​ទំនើប និង​មាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ប្រយុទ្ធ​ក្នុង​សមរភូមិលំបាកៗ​។ យន្តហោះ​នេះ អាច​ចាប់បាន​សញ្ញា​គ្រោះថ្នាក់​នៅលើ​អាកាស នៅលើ​ដី និង​នៅក្នុង​សមុទ្រ​នៅក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​បំពាក់​សព្វាវុធ​ទំនើបៗ មាន​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី មធ្យម និង​ចម្ងាយ​វែង ដែល​អាច​បាញ់​លើ​អាកាស ក៏ដូចជា​ពីលើ​អាកាស​ទៅ​ដី និង​ប្រភេទ​មី​ស៊ី​ល​ប្រឆាំង​រ៉ា​ដា​ផង​៕



Tag:
 រុស្ស៊ី​
  ស៊ី​រី​
  Su-57
© រក្សាសិទ្ធិដោយ thmeythmey.com