ជាតិ
សម្ដេច ហ៊ុន សែន ព្រមាន​ដក​រដ្ឋមន្ត្រី ដែល​អសកម្ម នៅ​អាណត្តិ​ទី​៦
23, Feb 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ដែល​អសកម្ម​ភាព នៅក្នុង​អាណត្តិ​ទី​៥​នេះ នឹង​ប្រឈម​ការបាត់បង់​តំណែង នៅក្នុង​អាណត្តិ​ទី​៦ ខាងមុខ​។ នេះ​ជា​សារ​ព្រមាន​របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បិទ​សន្និសីទ​ជាតិ​ស្តីពី «​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ មេរៀន​បទពិសោធន៍ បញ្ហា​ប្រឈម និង​ចក្ខុវិស័យ​នៅ​អនាគត​» កាលពី​ថ្ងៃទី​២២ កុម្ភៈ​។​



​សម្តេច ហ៊ុន សែន ក៏បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បង្កើត​គណៈកម្មការ​ប្រតិបត្តិ​តាមដាន​នៅតាម​ក្រសួង​ផងដែរ ដើម្បី​ចង់ដឹងថា តើ​រដ្ឋមន្ត្រី​ណាខ្លះ ដែល​អសកម្ម​ការងារ និង​មិន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តំណែង ដែល​រដ្ឋាភិបាល​ប្រគល់ជូន​។​

​បើតាម​សារព័ត៌មាន​Fresh News ដែល​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ​៖«​អាណត្តិ​ទី​៦ នឹងត្រូវ​រៀបចំ​គណៈរដ្ឋមន្ត្រី​ឡើងវិញ​។ ដូច្នេះ​បើ​រដ្ឋមន្ត្រី​គាត់​មិន​ព្រមធ្វើ​អាណត្តិ​ទី​៥​ផង តើ​ចាំបាច់​ត្រូវ​តែងតាំង​គាត់​ឲ្យ​ធ្វើ​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៦​ទៀត​ទេ​? និយាយ​ឲ្យ​ត្រង់ៗ​តែម្តង ចុះបើ​រដ្ឋមន្ត្រី​គាត់​មក​គ្រាន់តែ​មក​ស្តាប់​ហើយ​ទៅវិញ​ដដែល តើ​មានការ​ចាំបាច់​ដើម្បី​តែងតាំង​ឲ្យ​ធ្វើ​រដ្ឋមន្ត្រី នៅ​អាណត្តិ​ទី​៦​ទៀត​ទេ​?  ដូច្នេះ​យើង​ត្រូវមាន​តារាង​តាមដាន​មើល​»​។​

​កន្លងមក​សម្ដេច ហ៊ុន សែន ក៏​ធ្លាប់​ស្តីបន្ទោស​មន្ត្រី​រដ្ឋាភិបាល ចំពោះ​ភាពទន់ខ្សោយ​នៃ​ការអនុវត្ត​ច្បាប់​ផងដែរ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មើលឃើញថា មន្ត្រី​ភាគច្រើន រង់ចាំ​អនុវត្ត​បទបញ្ជា​ពីស​ម្ដេច ជាង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរឹង​ទៅវិញ​៕
អត្ថបទទាក់ទង




Tag:
 ហ៊ុន សែន​
  គណៈរដ្ឋមន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com