អន្តរជាតិ
កូរ៉េខាងត្បូង​ជំទាស់​ការសម្រេច​របស់ WTO ដែល​ទា​ឲ្យ​ខ្លួន​ដក​បម្រាម​នាំចូល​អាហារ​សមុទ្រ​ពី​ជប៉ុន​
23, Feb 2018 , 9:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ស្វាគមន៍​សេចក្តីសម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​ត្រួស​ត្រាយផ្លូវ​ឲ្យ​មានការ​បញ្ចា​ប់​ការហាមឃាត់​ការ​នាំចូល​អាហារ​សមុទ្រ​ជប៉ុន​ចូល​កូរ៉េខាងត្បូង​។ ការហាមឃាត់​អាហារ​សមុទ្រ​ជប៉ុន​នេះ​ត្រូវបាន​កូរ៉េខាងត្បូង​ដាក់ចេញ​ក្រោយ​វិបត្តិ​នុយក្លេអ៊ែរ Fukushima​។



​ចុងក្រោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បានសម្រេច​ឲ្យ​កូរ៉េខាងត្បូង​ដក​បម្រាម​លើ​ការ​នាំចូល​ចំណីអាហារ​សមុទ្រ​ពី​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២២ ខែកុម្ភៈ​។

​ទីភ្នាក់ងារ​ព័ត៌មាន  AFP ផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សេចក្តីសម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ពាក់ព័ន្ធ​បណ្តឹងតវ៉ា​របស់ខ្លួន​ប្រឆាំង​ក្រុង​សេ​អ៊ូ​ល​ដែល​បានដាក់​ស្នើ​ទៅ​តាំងពី​ឆ្នាំ ២០១៥​នោះ​។ តាម​សេចក្តីសម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នះ ចំណាត់ការ​របស់​កូរ៉េខាងជើង​ក្នុងការ​រឹតបន្តឹង​ការនាំ​ចូល​ផលិត​ចំណីអាហារ​នេះ​ផ្ទុយ​ពីបទ​បញ្ញត្តិ​ស្តីពី​ពាណិជ្ជកម្ម​សាកល​ផង​។​

«​ជប៉ុន​ស្វាគមន៍​ការសម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​ឆ្លុះបញ្ចាំង​ពី​គោលជំហរ​របស់​យើង​។ យើង​ក៏​ស្នើ​ឲ្យ​កូរ៉េខាងត្បូង​សូម​ប្រញាប់​កែតម្រូវ​សកម្មភាព​ខ្លួន​ជាបន្ទាន់ និង​ដក​ការ​រឹតបន្តឹង​លើ​ផលិតផល​នាំចូល​ដែល​ត្រូវបាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រកឃើញថា បាន​រំលោភ​លើ​បទបញ្ញត្តិ​ពាណិជ្ជកម្ម​ពិភពលោក​នោះ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន​លោក Yoshihide Suga​។

​តាមពិតទៅ បម្រាម​នាំចូល​អាហារ​សមុទ្រ​ពី​ជប៉ុន​នេះ ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ក្រោយ​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ Fukushima ដែល​កើត​នៅ​ឆ្នាំ  ២០១១​នោះ​។​

​យ៉ាងណាក៏ដោយ កូរ៉េខាងត្បូង​នៅតែ​រឹងទទឹង ដោយ​ប្រកាសថា ខ្លួន​គ្មាន​ក​ម្រោ​ង​លុបចោល​បម្រាម​ដែល​ខ្លួន​ដាក់ចេញ​ប្រឆាំង​ផលិតផល​ជប៉ុន​ឡើយ​។ ផ្ទុយទៅវិញ កូរ៉េខាងត្បូង​ត្រៀមខ្លួន​បន្ត​ដាក់​បណ្តឹងតវ៉ា​ដើម្បី​ជំទាស់​សេចក្តីសម្រេច​រប​ស់​អង្គការ​ពិភពលោក​នេះ​ថែមទៀត​។​

​ក្រសួងពាណិជ្ជកម្ម​កូរ៉េខាងត្បូង​បានចេញ​សេចក្តីថ្លែងការណ៍​តប​នឹង​ការសម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែលមាន​ខ្លឹមសារ​ដូច្នេះ​៖«​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានសម្រេច​ចិត្ត​ប្តឹងតវ៉ា​ប្រឆាំងនឹង​ការសម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​ប្រជាជន​យើង​»​។​

​បើទោះជា​មានការ​ការសម្រេច​ក៏ដោយ ចំណាត់ការ​ហាមឃាត់​ការ​នាំចូល​នៅតែមាន​ប្រសិទ្ធភាព ហើយ​រដ្ឋាភិបាល​យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធានាថា អាហារ​មាន​ផ្ទុក​ជាតិ​វិទ្យុសកម្ម​មិនអាច​ឆ្លងដែន​ចូលដល់​តុ​អាហារ​របស់​ប្រជាជន​យើង​ឡើយ​»៕



Tag:
 WTO
  កូរ៉េខាងត្បូង​
  ជប៉ុន​
  Fukushima
© រក្សាសិទ្ធិដោយ thmeythmey.com